ក្រុមអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័របានលួចយកព័ត៌មានពីគណនីចំនួន៥០០លានពីគេហទំព័រ Yahoo.com នេះបើតាមការថ្លែងឲ្យដឹងរបស់ក្រុមហ៊ុន Yahoo កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមហ៊ុន Yahoo បានឲ្យដឹងថា តាមការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា ការវាយលុកនេះគឺកើតចេញពីអ្នកដែលតាំងខ្លួនជាតំណាងឲ្យរដ្ឋាភិបាល ដែលស្ថិតនៅក្រៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានថ្លែងឲ្យដឹងទៀតថា ព័ត៌មានពីគណនីរបស់អ្នកប្រើប្រាស់ត្រូវបានលួច ប៉ុន្តែមិនបានផ្តល់ព័ត៌មានពិស្តារ ឬក៏ចំនួនគណនីប៉ាន់ប្រមាណណាមួយដែលរងផលប៉ះពាល់នេះនោះទេ»។
ក្រុមអ្នកវាយលុកប្រព័ន្ធកុំព្យូទ័រទាំងនោះបានលួចយក ឈ្មោះ អ៊ីម៉ែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងលេខកូដសម្ងាត់ ប៉ុន្តែក្រុមហ៊ុន Yahoo បានថ្លែងបន្ថែមថាលេខកូដសម្ងាត់ដែលមិនត្រូវបានការពារ ព័ត៌មានទាក់ទិននឹងទិន្នន័យកាតឥណទាននិងគណនីធនាគាមិនបានរងផលប៉ះពាល់នោះទេ។
ក្រុមហ៊ុន Yahoo ស្នើរឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់របស់ខ្លួនប្រសិនបើពួកគេមិនបានផ្លាស់ប្តូរលេខកូដសម្ងាត់តាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុនបានឲ្យដឹងទៀតថា ខ្លួនបានក្រើនរំលឹកដល់អ្នកដែលអាចនឹងរងផលប៉ះពាល់ហើយព្យាយាមការពារគណនីរបស់ពួកគេ ដោយធ្វើការលុបចោលសំណួរ និងចម្លើយសន្តិសុខ ហើយតម្រូវឲ្យអ្នកប្រើប្រាស់ទាំងនោះប្តូរលេខកូដសម្ងាត់របស់ពួកគេ៕