ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងការសន្ទនាលើកដំបូងរបស់លោកជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសលោក Keir Starmer ថា លោកសង្ឃឹមថានឹងសម្រេចឱ្យបាននូវ «ជ័យជម្នះរួមគ្នា» ជាមួយនឹងចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CCTV របស់ចិន។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៥ របស់ចក្រភពអង់គ្លេសគិតត្រឹមឆ្នាំ ២០២៣។ នេះបើយោងតាមស្ថិតិផ្លូវការរបស់ចក្រភពអង់គ្លេស។ ប៉ុន្តែ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពរកាំរកូសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសទាំងពីរមានជម្លោះទាក់ទិននឹងការត្រួតត្រាតឹងតែងរបស់ចិនលើទីក្រុងហុងកុងដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់អង់គ្លេស។
ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរកាលពីរសៀលថ្ងៃសុក្រ លោក Xi បានអបអរសាទរលោក Starmer សម្រាប់ការឡើងកាន់តំណែងធ្វើជានាយករដ្ឋមន្ត្រីកាលពីខែមុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CCTV។
លោក Xi ត្រូវបានស្រង់សម្ដីដោយនិយាយថា៖ «ចិនមានឆន្ទៈក្នុងការពិភាក្សាដោយស្មើភាពជាមួយនឹងចក្រភពអង់គ្លេសផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក...[និង] ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ចដែលល្អចំពោះបរិស្ថាន បច្ចេកវិទ្យា AI និងផ្នែកផ្សេងទៀត»។
លោក Xi បានបន្ថែមថា លោកមានបំណង «ធ្វើឱ្យផលប្រយោជន៍ទៅវិញទៅមកនិងជ័យជម្នះរួមក្លាយជាទម្រង់មូលដ្ឋាននៃទំនាក់ទំនងរវាងចិននិងចក្រភពអង់គ្លេស»។ នេះបើយោងតាមទូរទស្សន៍ CCTV៕