ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​វៀតណាម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៤


ប្រធានាធិបតី​វៀតណាម លោក To Lam អបអរសាទរ​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ប្រធានាធិបតី​វៀតណាម លោក To Lam អបអរសាទរ​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ប្រទេស​ចិន​និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៤ កាលពី​ថ្ងៃ​ចន្ទ ដែល​ក្នុង​នោះ​មាន​ដូចជា​កិច្ចព្រមព្រៀង​ផ្លូវ​រថភ្លើង​ឆ្លង​ព្រំ​ដែន​និង​កិច្ចព្រមព្រៀង​នាំចេញ​សត្វ​ក្រពើ​ជាដើម បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​ជួប​ជាមួយ​មេដឹកនាំ​ថ្មី​របស់​វៀតណាម​លោកTo Lam នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានReuters។

ដំណើរ​ទស្សនកិច្ច​របស់​លោក Lam ទៅកាន់​ទីក្រុង​ប៉េកាំង ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ទៅកាន់​បរទេស​ចាប់តាំងពី​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​បក្ស​នៅ​ដើម​ខែ​នេះ​មក គឺជា​សញ្ញា​នៃ​បំណង​ប្រាថ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៅពេល​ដែល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​កើនឡើង ថ្វីបើ​មាន​ការប៉ះទង្គិច​គ្នា​ម្តងម្កាល​អំពី​ព្រំដែន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏ដោយ។

លោក Xi បាន​និយាយ​ដោយ​សង្កត់ធ្ងន់​អំពី​ការ​បង្កើត​ទំនាក់ទំនង​ការងារ​ល្អ​និង​មិត្តភាព​ផ្ទាល់ខ្លួន​ជាមួយ​លោក Lam ថា៖ «ចិន​ជា​និច្ចកាល​ចាត់ទុក​វៀតណាម​ថាជា​អាទិភាព​នៅ​ក្នុង​វិស័យ​ការទូត​ប្រទេស​ជិតខាង​របស់​ខ្លួន ហើយ​គាំទ្រ​វៀតណាម​នៅ​ក្នុង​ប្រកាន់ខ្ជាប់​តាម​ថ្នាក់ដឹកនាំ​របស់​គណបក្ស ប្រកាន់​តាម​មាគ៌ា​សង្គម​និយម​ដែល​សមស្រប​ទៅតាម​ស្ថានភាព​ជាតិ​របស់​ខ្លួន និង​ពង្រឹង​ឱ្យ​បាន​ជ្រាលជ្រៅ​ដល់​បុព្វហេតុ​នៃ​កំណែ​ទម្រង់​និង​ទំនើបកម្ម​សង្គម​និយម»។

លោក Lam បាន​ហៅ​ចំណង​ទាក់ទង​ទ្វេភាគី​នេះ​ថា​ជា «អាទិភាព​កំពូល​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​វៀតណាម» និង​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ចិន​ថា​ជា «ការ​បញ្ជាក់​របស់​គណបក្ស​និង​រដ្ឋាភិបាល​វៀតណាម​ចំពោះ​គុណតម្លៃ​នៃ​ទំនាក់ទំនង​ជាមួយ​ចិន»។

ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​សិក្សា​លើ​ការ​រៀបចំ​ផែនការ​និង​ភាព​ដែល​អាច​ធ្វើបាន​សម្រាប់​ផ្លូវ​រថភ្លើង​តាម​លក្ខណៈ​ស្ដង់ដារ។ នេះ​ទំនងជា​ជំហាន​ថ្មី​មួយ​ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​ការភ្ជាប់​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន បន្ទាប់ពី​កិច្ច​ព្រមព្រៀង​លើក​ដំបូង​អំពី​បញ្ហា​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក Xi ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​មក៕

XS
SM
MD
LG