ប្រធានាធិបតីចិនលោក Xi Jinping បានសរសើរទំនាក់ទំនងរវាងចិននិងរុស្ស៊ីនិងបានសន្យាពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀត នៅពេលដែលលោកទទួលជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
លោក Putin ដែលកំពុងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន បានហៅទំនាក់ទំនងនេះថាជាកត្តាដែលធ្វើឱ្យមានស្ថិរភាពនៅលើពិភពលោក និងបាននិយាយថាទំនាក់ទំនងរវាងរុស្ស៊ីនិងចិន «មិនប្រឆាំងដោយផ្ទាល់លើនរណាម្នាក់នោះទេ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រដ្ឋាភិបាលរុស្ស៊ី។
លោក Putin បានសម្ដែងការដឹងគុណចំពោះប្រទេសចិនសម្រាប់អ្វីដែលលោកហៅថាជាកិច្ចប្រឹងប្រែងរបស់ចិននៅក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងបាននិយាយថាលោកនឹងជូនដំណឹងដល់លោក Xi អំពីរឿងរ៉ាវវិវត្តន៍ចុងក្រោយ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលការឈ្លានពាននេះបានធ្វើឱ្យមានការថ្កោលទោសពីសំណាក់អន្តរជាតិនិងការដាក់ទណ្ឌកម្មពីបស្ចិមប្រទេសក្នុងបំណងជំរុញលោក Putin ឱ្យដកកងទ័ពទៅវិញ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានស្រង់សម្ដីរបស់លោក Putin ដែលបាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ី «មិនដែលច្រានចោលការចរចា» រកដំណោះស្រាយសម្រាប់សង្គ្រាមនេះទេ និងថា រុស្ស៊ីចង់បាន «ដំណោះស្រាយគ្រប់ជ្រុងជ្រោយ ឋិតថេរ និងយុត្តិធម៌សម្រាប់សង្គ្រាមនេះតាមរយៈមធ្យោបាយសន្តិវិធី»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើនូវផែនការសន្តិភាព ហើយប្រទេសស្វីសគ្រោងនឹងរៀបចំការចរចាសន្តិភាពនៅខែក្រោយ ប៉ុន្តែរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងការប្រជុំនេះទេ។ អ៊ុយក្រែនចង់ឱ្យរុស្ស៊ីដកទ័ពចេញទាំងស្រុងពីអ៊ុយក្រែន ដែលក្នុងនោះរួមទាំងពីតំបន់ដែលរុស្ស៊ីអះអាងថាបានភ្ជាប់យកនៅក្នុងវិធានការមួយដែលសហគមន៍អន្តរជាតិច្រានចោលផងដែរ។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែនក្នុងពេលមួយសប្ដាហ៍កន្លងមកនេះ ដោយបង្ខំឱ្យមនុស្សជិត ៨.០០០ នាក់គេចចេញពីផ្ទះសម្បែងរបស់ខ្លួន។
ចិនបានបញ្ជាក់ថា ខ្លួនគឺជាភាគីអព្យាក្រឹត្យនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។ ប៉ុន្តែ ចិនបានគាំទ្ររុស្ស៊ីតាមផ្លូវសេដ្ឋកិច្ច នយោបាយ និងវោហារសាស្ត្រ និងបានបដិសេធមិនធ្វើការថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកយកព័ត៌មានរបស់ VOA ផ្នែកភាសាចិនកុកងឺលោក John Xie និងអ្នកយកព័ត៌មានរបស់ VOA ផ្នែកភាសាអ៊ុយក្រែនអ្នកស្រី Tatiana Vorozhko រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។