ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានកោតសរសើរចំណងទាក់ទងទ្វេភាគីដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំទល់មុខគ្នាមួយក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិននៅថ្ងៃពុធនេះ។
មេដឹកនាំទាំងពីរបានជួបប្រជុំគ្នានៅក្នុងសាលប្រជុំប្រជាជន ឬ Great Hall of the People ក្នុងរដ្ឋធានីប៉េកាំង នៅក្រៅកិច្ចប្រជុំនៃវេទិកាមួយ ដើម្បីរំលឹកខួប ១០ឆ្នាំ នៃគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ដែលជាកម្មវិធីយោបាយដ៏សំខាន់មួយរបស់លោក Xi ក្នុងការស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងផ្នែកមួយចំនួនទៀតនៃទ្វីបអឺរ៉ុបខាងត្បូងនិងខាងកើត។
ដោយហៅមេដឹកនាំរុស្ស៊ីថា «ជាមិត្តភ័ក្តចាស់របស់ខ្ញុំ» ប្រធានាធិបតីចិនលោក Xi បាននិយាយថា ជំនឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសចិននិងរុស្ស៊ី មានភាពកាន់តែស៊ីជម្រៅឡើង ដោយភាគីទាំងពីរបានចែករំលែក «ការសម្រសម្រួលយុទ្ធសាស្ត្រដោយប្រសិទ្ធិភាពនិងជិតស្និទ្ធ»។
ប្រធានាធិបតីរុស្ស៊ីលោក Putin បានថ្លែងនៅក្នុងការចាប់ផ្តើមកិច្ចប្រជុំរបស់លោកថា៖ «នៅក្នុងស្ថានការណ៍ដ៏លំបាកនាពេលបច្ចុប្បន្ននេ ការសម្របសម្រួលគោលនយោបាយដ៏ជិតស្និទ្ធមួយ មានសារៈសំខាន់ជាពិសេស»។
មេដឹកនាំទាំងពីរបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានស្ថិតក្នុងផ្លូវមួយដ៏ល្អ ឆ្ពោះទៅរកគោលដៅសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដែលមិនធ្លាប់មានក្នុងពេលកន្លងទៅ។
ប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន លោក Xi និងលោក Putin បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដោយប្រកាសពីភាពជាដៃគូទ្វេភាគី «គ្មានដែនកំណត់»។ រដ្ឋាភិបាលក្រុងប៉េកាំងបានក្លាយជាដៃគូសេដ្ឋកិច្ច និងការទូត ដែលអាចទុកចិត្តជាងគេបំផុតរបស់រដ្ឋាភិបាលក្រុងមូស្គូ ខណៈដែលបស្ចឹមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹងបំផុតលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ទស្សនកិច្ចរបស់លោក Putin ទៅកាន់រដ្ឋធានីប៉េកាំងនេះ ជាការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកជាលើកទី ២ ហើយ ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនាកន្លងទៅ ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ កាលពីដើមខែនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ផងដែរ។
តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Putin ដោយតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ត្រូវចាប់ឃុំខ្លួនមេដឹកនាំរុស្ស៊ីរូបនេះ ប្រសិនបើលោកធ្វើដំណើរទៅជាន់ទឹកដីរបស់ពួកគេ។ ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន ដែលលោក Putin បានធ្វើដំណើរទៅនោះ មិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters