ប្រទេសចិននិងស.រ.អា.ជាប្រទេសធំៗពីរដែលធ្វើឱ្យបរិយាកាសកខ្វក់ជាងគេក្នុងពិភពលោកបានធ្វើការប្តេជ្ញាជាថ្មីកាលពីថ្ងៃច័ន្ទដល់ការអនុម័តការត្រួតត្រាលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងសន្និសីទកំពូលអ.ស.ប.ស្តីពីអាកាសធាតុនៅក្នុងក្រុង ប៉ារីស។
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា និងលោកប្រធានាធិបតីចិន ស៊ី ជីងពីង បានជួបគ្នានៅខាងក្រៅការប្រជុំសន្និសីទនេះក្នុងថ្ងៃទីមួយដោយអស់លោកបានពិភាក្សាគ្នាអំពីបញ្ហាសាកលនិងបញ្ហាតំបន់មួយចំនួនដោយមានរួមបញ្ចូលការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៃពួករដ្ឋ ឥស្លាម សន្តិសុខខាងបច្ចេកវិទ្យារវាងប្រទេសទាំងពីរនិងដំណោះស្រាយដោយសន្តិវិធីលើជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោកប្រធានាធិបតីទាំងពីរនាក់នេះបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាត្រួតត្រាភាពកខ្វក់ក្នុងបរិស្ថានដែលអស់លោកបានសន្យាកាលពីឆ្នាំទៅមិញដោយបាននិយាយថាសន្និសីទកំពូលនេះ«ផ្តល់ឱកាសសំខាន់មួយដើម្បីពង្រឹងសកម្មភាពសម្រាប់ដោះស្រាយឧបសគ្គនៃការប្រែប្រួលអាកាសធាតុ។» ការប្តេជ្ញារបស់ប្រទេសចិនមានឡើងនៅពេលរដ្ឋធានីប៉េកាំងត្រូវបានកត់ត្រាទុកថាមានខ្យល់កខ្វក់បំផុតនៅឆ្នាំនេះដែលបានបង្ខំឲ្យរោងចក្រដែលនាំឱ្យមានខ្យល់កខ្វក់កាត់បន្ថយផលិតកម្មរបស់ពួកគេ។
លោកអូបាម៉ាបានមានប្រសាសន៍ថា «ក្នុងឋានៈជាប្រទេសពីរដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងពិភពលោកនិងជាប្រទេសបញ្ចេញសារធាតុកាបោនច្រើនជាងគេ យើងទាំងពីរសម្រេចចិត្តថាវាជាការទទួលខុសត្រូវរបស់យើងក្នុងការធ្វើសកម្មភាពដោះស្រាយបញ្ហានេះ»៕