លោក Xi Jinping ធ្វើ​ដំណើរ​ទៅ​ម៉ាកាវ​នៅខួប​​គម្រប់​២៥ឆ្នាំ​នៃ​ការ​គ្រប់គ្រង​របស់​ចិន

  • Reuters

ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងនៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិម៉ាកាវនៅទីក្រុងម៉ាកាវនៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ មុនការប្រារព្ធខួបលើកទី២៥ នៃការប្រគល់ម៉ាកាវពីព័រទុយហ្គាល់ទៅប្រទេសចិន។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅ​ដល់​ទីក្រុង​ម៉ាកាវ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ប្រារព្ធ​គម្រប់ខួប​២៥ឆ្នាំ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​អតីត​ដែនដី​ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​ព័រទុយហ្គាល់​ ហើយ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រយៈ​ពេល​៣ថ្ងៃ​របស់​លោក​ លោកទំនង​នឹង​ជំរុញ​ឱ្យ​មាន​ភាព​កាន់​តែ​ចម្រុះ​លើស​ពី​ឧស្សាហកម្ម​កាស៊ីណូ​នៅ​ទីនោះ។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​របស់​លោក​ Xi ក្នុង​នាម​ជា​ប្រធានាធិបតី​ទៅ​កាន់​ទីក្រុង​ដែល​មាន​កាស៊ីណូ​ធំបំផុត​លើ​ពិភពលោក​នេះ។ លោក​នឹង​ចូលរួម​ក្នុង​ការ​ឡើង​កាន់​តំណែង​របស់​នាយកប្រតិបត្តិ​ថ្មី​នៃ​ដែនដី​នេះ ដែល​បាន​ជាប់ឆ្នោត​កាលពី​ខែ​តុលា។​ លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកចុង​ក្រោយ​ទៅ​ម៉ាកាវ​កាលពី​ឆ្នាំ២០១៩ នៅពេល​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​តំបន់​ហិរញ្ញវត្ថុ​ហុងកុង។​

ម៉ាកាវ​ដែលជា​តំបន់រដ្ឋបាល​ពិសេស​របស់​ចិន គឺជា​កន្លែង​តែមួយ​គត់​ក្នុងប្រទេស​ដែល​ការ​លេង​ល្បែង​ស៊ីសង​ជាអំពើ​ស្របច្បាប់ ហើយ​សេដ្ឋកិច្ច​របស់​តំបន់នេះ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ឧស្សាហកម្ម​កាស៊ីណូ ដែល​រួមចំណែក​ប្រមាណ​៨០ភាគរយ​ដល់​ចំណូល​ពន្ធ​ក្នុងតំបន់៕