ឈរនៅពីមុខសមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តចិនប្រមាណ ២.៣០០នាក់ និងថ្លែងសុន្ទរកថាជិតពីរម៉ោង ក្នុងអំឡុងពេលនៃការសម្ពោធបើកសមាជបក្សនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង( Xi Jinping) មើលទៅហាក់កំពុងតែក្តោបអំណាចបានយ៉ាងណែនក្នុងដៃ នៅក្នុងការដឹកនាំប្រជាជាតិដ៏ធំមួយ ដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយនោះ។
ប៉ុន្តែក្រៅពីការទះដៃអបអរសាទរ លោកស៊ីដឹងថា លោកកំពុងប្រឈមនឹងការរិះគន់មួយចំនួនពីខាងក្នុង និងខាងក្រៅជួរគណបក្សរបស់លោកផងដែរ។
ជាបុគ្គលម្នាក់ដែលបានធ្វើការកែតម្រូវគោលការណ៍ច្បាប់នានា ដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនៅក្នុងប្រទេសចិននោះ លោកស៊ីបានធ្វើឲ្យមានការរង្គោះរង្គើរមួយចំនួនផងដែរ។
លោកបានកែប្រែរដ្ឋធម្មនុញ្ញដើម្បីបញ្ចប់ការដាក់កំហិតលើអាណត្តិដឹកនាំ និងដាក់ពន្ធនាគារសមាជិកក្នុងជួរអំណាចជាន់ខ្ពស់ ក៏ដូចជាការដាក់ពិន័យលើមន្រ្តីជាន់ទាបរាប់សែននាក់ទៀតផងដែរ នៅក្នុងយុទ្ធនាការបង្រ្កាបអំពើពុករលួយដ៏ទូលំទូលាយរបស់លោក និងដាក់យោធាឲ្យស្ថិតក្រោមការគ្រប់គ្រងដ៏រឹងមាំរបស់គណបក្សកុម្មុយនីស្តចិន។
នៅក្នុងអាណត្តិកាន់អំណាចរយៈពេល ៥ឆ្នាំ ចំនួនពីរដងកន្លងមកនេះ គេឃើញលោក ស៊ី បានលើកកម្ពស់ក្តីសុបិន្តក្នុងការប្រែផ្លាស់ប្រទេសចិន ដែលពីមុនមកធ្លាប់ត្រូវបានគ្រប់គ្រងដោយជនបរទេសឈ្លានពាន និងធ្វើឲ្យទន់ខ្សោយដោយសារសង្រ្គាមនោះ ទៅជាប្រជាជាតិខ្លាំងក្លាសាជាថ្មីមួយ ដោយមិនមែនត្រឹមតែជាប្រទេសដែលផលិតទំនិញដ៏សម្បូរបែបនៅលើពិភពលោកនោះទេ ប៉ុន្តែបានក្លាយជាតួអង្គសំខាន់និងប្រកបដោយជំនឿទុកចិត្តមួយ ដែលកំពុងប្រជែងកាន់តែខ្លាំងជាមួយនឹងសហរដ្ឋអាមេរិក លើផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាផងដែរ។
លោកស៊ីបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ និងធ្វើការវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួន ជាផ្នែកមួយនៃគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលជាផែនការប្រកបដោយមហិច្ឆតាមួយ ដើម្បីសាងសង់ផ្លូវពាណិជ្ជកម្មសម័យថ្មី លាតលន្ធឹងតាមបណ្តាទ្វីបនានា។ លោកក៏បានដាក់ទីក្រុងហុងកុងនៅក្រោមការគ្រប់គ្រងដ៏តឹងរឹងមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ បន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងតវ៉ាជាច្រើនកាលពីឆ្នាំ ២០១៩ និងបានប្រឆាំងតបទៅនឹងអ្វី ដែលលោកយល់ឃើញថា ជាការព្យាយាមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងកោះតៃវ៉ាន់ ក្នុងការផ្លាស់ប្តូរនូវស្ថានភាពដូចមុន បញ្ជូនយន្តហោះចម្បាំងជារៀងរាល់ថ្ងៃទៅជិតដែនកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនសង្ឃឹមថា នឹងអាចបង្រួបបង្រួមគ្នាបាននៅថ្ងៃណាមួយនោះ។
អ្នករិះគន់បានហៅមេដឹកនាំចិនរូបនេះថា ជាអ្នកគ្រប់គ្រងដ៏ល្អិតល្អន់បំផុតមួយ និងជាមេដឹកនាំផ្តាច់ការមួយ ហើយបានប្រដូចលោកទៅនឹងអតីតមេដឹកនាំលោក ម៉ៅ សេទុង ដោយចោទប្រកាន់រូបលោកចំពោះការព្យាយាមចង់កាន់អំណាចជារៀងរហូតនោះ។
នាពេលបច្ចុប្បន្នគោលនយោបាយ «គ្មានជំងឺកូវីដ» របស់លោក និងការបិទខ្ទប់ដ៏តឹងរ៉ឹងក្នុងទ្រង់ទ្រាយធំ ដែលធ្លាប់ត្រូវបានសរសើរថា ជួយបញ្ចៀសការបាត់បង់ជីវិតប្រជាជនចិនតទៅទៀតនោះ កំពុងទទួលរងការស្តីបន្ទោសចំពោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ចិន និងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញនៅលើពិភពលោក។
លោក Luis Shen អ្នកជំនួញមួយរូបដែលជាមិត្តភក្តិម្នាក់របស់លោកស៊ី និយាយថា៖ «គាត់គិតពីអនាគតរបស់ប្រទេសទាំងមូល និងជីវិតរបស់ប្រជាជន ប៉ុន្តែបណ្តាញផ្សព្វផ្សាយបស្ចឹមប្រទេស បានរាយការណ៍តែរឿងអវិជ្ជមានជាច្រើនអំពីគាត់»។
ផ្ទុយពីការព្យាករណ៍របស់អ្នកវិភាគមួយចំនួនដែលថា លោកស៊ីនឹងមិនត្រឹមតែគ្រប់គ្រងអំណាចនៅអាណត្តិទីបី នៅពេលបញ្ចប់សមាជបក្សលើកទី២០ ដែលធ្វើឡើងរយៈពេលពេញមួយសប្តាហ៍ប៉ុណ្ណោះទេ ប៉ុន្តែលោកនឹងកាន់អំណាចជារៀងរហូត។ លោក Shen បានលើកឡើងថា លោកស៊ីប្រហែលជាដឹងពីកម្រិតរបស់លោក។
លោកបានព្យាករណ៍ថា៖ «លោកត្រឹមតែចង់ដឹកនាំរយៈពេលប្រាំឆ្នាំបន្តទៀតប៉ុណ្ណោះ ដើម្បីសម្រេចអ្វីៗគ្រប់យ៉ាង»។
លោក Shen ថ្លែងថា សម្ពាធពីខាងក្នុងគណបក្សអាចជាកត្តារួមចំណែកមួយ «ពីព្រោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោកគឺមានសភាពខ្លាំងក្លា។ លោកប្រហែលជាបានធ្វើឲ្យមនុស្សមួយចំនួនអន់ចិត្ត ហើយពួកគេទាំងនោះជាសមាជិករបស់គណបក្សកុម្មុយនីស្តចិនផងដែរ។ នៅទីបំផុត មនុស្សតែម្នាក់ មិនអាចធ្វើរឿងគ្រប់មុខបាននោះឡើយ»។
ពាក់ព័ន្ធនឹងអាជីពនយោបាយវិញ លោកស៊ីបានចូលរួមក្នុងជួរគណបក្សកុម្មុនីស្តចិន ក្នុងនាមជាយុវជនម្នាក់ប៉ុណ្ណោះ បន្ទាប់ពីបរាជ័យជាច្រើនលើកច្រើនសាររួចមក ហើយបន្ទាប់មកលោកបានប្រឹងប្រែងធ្វើការងារតាំងពីថ្នាក់ក្រោម រហូតដល់ក្លាយជាលេខាបក្សនៅភូមិមួយ ហើយបន្តឡើងទៅជាលេខាបក្សនៅសង្កាត់មួយ រួចក្រោយមកនៅរដ្ឋបាលក្រុងមួយ និងបន្តមកទៀត បានក្លាយជាថ្នាក់ដឹកនាំនៅក្នុងខេត្តតាមបណ្តោយឆ្នេរនិងទីក្រុងសៀងហៃ។ ពេលក្រោយបន្តមកទៀត លោកបានក្លាយជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលមជ្ឈឹម ដោយដំបូងឡើយលោកមានតំណែងជាអនុប្រធានាធិបតី ហើយបន្ទាប់មកនៅក្នុងឆ្នាំ ២០១២ លោកត្រូវបានជ្រើសតាំងធ្វើជាអគ្គលេខាបក្សកុម្មុយនីស្តចិន ហើយមួយឆ្នាំបន្ទាប់មក លោកបានក្លាយជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មការយោធាមជ្ឃិមផងដែរ។
អស់ពេលជាច្រើនឆ្នាំមកនេះ លោកស៊ីមានទាំងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរូបលោកជាច្រើន។
ក្រុមអ្នករិះគន់បានចោទប្រកាន់លោក ពីការកំណត់គោលដៅទៅលើគូប្រជែងនយោបាយមួយចំនួន នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ការបំពានសិទ្ធិមនុស្សតាមរយៈការអនុវត្តការតាមដានទ្រង់ទ្រាយធំ ការដាក់ជនកុលសម្ព័ន្ធភាគតិចមូស្លីមអ៊ុយហ្គ័រចំនួនមួយលាននាក់នៅក្នុងជំរំកែប្រែ និងការដាក់ចេញនូវច្បាប់សន្តិសុខជាតិនៅក្រុងហុងកុង ដែលបានរឹតត្បិតសេរីភាពនៅក្នុងអតីតដែនដីរបស់អាណានិគមចក្រភពអង់គ្លេសមួយនេះ។
លោកក៏ត្រូវបានចោទប្រកាន់ផងដែរ ពីការដាក់ចេញនូវបទបញ្ញត្តិលើវិស័យបច្ចេកវិទ្យា និងវិស័យបង្រៀនក្រៅម៉ោង ដើម្បីបញ្ឈប់ការបញ្ជូនកុមារឲ្យទៅរៀនថ្នាក់បន្ថែម បន្ទាប់ពីរៀននៅសាលារដ្ឋរួចនោះ។ អ្នករិះគន់ក៏បាននិយាយថា លោកស៊ីក៏បានបង្កើតឱ្យមានក្រុមជំនឿមួយមកលើរូបលោកផងដែរ ដោយកុមារនៅតាមសាលារៀនត្រូវតម្រូវឲ្យរៀនពីមនោគមវិជ្ជារបស់លោកនោះ។
លោក Jean-Pierre Cabestan អ្នកស្រាវជ្រាវពីប្រទេសចិននៅមជ្ឈមណ្ឌលស្រាវជ្រាវបារាំងស្តីពីចិនក្នុងយុគ្គសម័យថ្មីនៅក្រុងហុងកុង បាននិយាយថា៖ «លោកស៊ីបានប្រមូលផ្តុំអំណាចខ្លាំង ហើយលោកលែងសូវស្តាប់អ្នកដទៃច្រើនទៀតហើយ។ ការទទួចរបស់លោកលើតួនាទីរបស់សហគ្រាសជាតិគឺ មិនល្អ និងមិនមានផលិតភាពនោះទេ។ មានតែក្រុមហ៊ុនឯកជនប៉ុណ្ណោះដែលបង្កើតការងារច្រើនក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ»។
ដោយលោកស៊ីក៏ត្រូវរងការរិះគន់ពីការប្រកាន់ខ្ជាប់ជ្រុលលើលទ្ធិកុម្មុយនីស្តផងដែរ។ មិនដូចមេដឹកនាំចិនមុនៗនោះឡើយ លោកបានកើត បន្ទាប់ពីគណបក្សកុម្មុយនីស្តចិនបានចាប់ផ្តើមដឹកនាំប្រទេសកាលពីឆ្នាំ ១៩៤៩មក និងបានទទួលការអប់រំពេញលេញក្រោមសង្គមចិនថ្មីមួយ។
ប៉ុន្តែក្រុមអ្នកគាំទ្របានកោតសរសើររូបលោក ចំពោះការធ្វើរឿងចាំបាច់នានា នោះគឺ ការប្រយុទ្ធនឹងអំពើពុករលួយ ក៏ដូចជា ការដោះស្រាយនូវបញ្ហាវិសមភាព ដែលបានរីកធំឡើងៗ បន្ទាប់ពីមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតសំចៃ។ នេះគឺរួមមាន ធនាគារផ្តល់កម្ចីច្រើនជ្រុលដល់វិស័យអចលនទ្រព្យ ដែលបានបង្កជាការឡើងថ្លៃជ្រុល និងប្រព័ន្ធពន្ធដារហួសសម័យ ដែលមិនបានដាក់បន្ទុកពន្ធសមស្របលើក្រុម ហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានការចំណេញខ្ពស់ ដែលនេះបានធ្វើឲ្យគម្លាតផ្នែកទ្រព្យសម្បត្តិមានទំហំកាន់តែធំ។
រដ្ឋបាលរបស់លោកបានការពារចំណាត់ការ ប្រកបដោយភាពចម្រូងចម្រាសខាងលើនេះ ដោយទទួចថា ជំរំសម្រាប់ជនអ៊ុយហ្គរ ដែលរងការថ្កោលទោសពីសហគមន៍អន្តរជាតិនោះ គឺជាមជ្ឈមណ្ឌលអប់រំផ្នែកភាសា និងជំនាញចាំបាច់ផ្សេងៗសម្រាប់ការរស់នៅចុះសម្រុងក្នុងសហគមន៍ និងការលុបបំបាត់ភាពជ្រុលនិយមផ្នែកសាសនា។ រដ្ឋបាលក៏បានអះអាងថា ច្បាប់សន្តិសុខនៅក្រុងហុងកុងគឺ ចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់ បន្ទាប់ពីមានភាពចលាចលរួចមក។
លោក Xu Shengyi ពលរដ្ឋក្រុងហុងកុងម្នាក់ ដែលមកពីខេត្ត Fujian ប្រទេសចិននៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ បាននិយាយថា ៖ «គ្រប់គ្នាទទួលយកគាត់» ដោយសំដៅពីការយល់ឃើញរបស់រូបលោក គ្រួសារ និងមិត្តភក្តិរបស់លោកដែលរស់នៅចិនដីគោក ចំពោះលោកស៊ី ជីនពីង។ លោកបានបន្តថា៖ «មានតែគាត់ទេ ដែលអាចស្រោចស្រង់ចិនឡើងវិញបាន។ … ចិនត្រូវការមេដឹកនាំខ្លាំងមួយរូប។ បើមិនមានមនុស្សដូចនេះទេ តើអ្នកអាចគ្រប់គ្រងបណ្តាញយោធាទាំងបីបានយ៉ាងដូចម្តេច ជាពិសេសប្រសិនបើពួកគេជាមនុស្សពុករលួយ និងជាមេដឹកនាំតាមបណ្តាខេត្តផងដែរនោះ»។
ប៉ុន្តែពិតណាស់ មិនមែនមនុស្សគ្រប់គ្នាទទួលយកលោកស៊ី ជីនពីងនោះទេ។ បាតុកម្មកាលពីសប្តាហ៍មុនដោយបុរសម្នាក់ ដែលបានព្យួរបដារិះគន់គោលនយោបាយកូវីដ១៩ របស់លោកស៊ី និងកោះហៅឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ គឺជា ការបង្ហាញជាសាធារណៈដ៏កម្រមួយ ដែលអាចមានភាពទូលំទូលាយជាងនេះ បន្ទាប់ពីមានការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ អស់រយៈពេលជិតបីឆ្នាំកន្លងទៅ។
មិត្តភក្តិរបស់លោកស៊ី លោក Luis Shen បាននិយាយថា មេដឹកនាំចិនរូបនេះនឹងចំណាយពេលប្រាំឆ្នាំបន្តទៀត ដើម្បីព្យាយាមសម្រេចគោលដៅរបស់លោកចំពោះប្រទេសចិន។
អាទិភាពចម្បងរបស់លោកស៊ី គឺត្រូវបន្តលើកាត់បន្ថយភាពក្រីក្រ។ កាលពីឆ្នាំមុន លោកបានប្រកាសដោយមោទនភាពថា មនុស្សជិត ១០០លាននាក់ ត្រូវបានចាកផុតពីភាពក្រីក្រ អំឡុងពេលការកាន់អំណាចរបស់លោក ប៉ុន្តែមនុស្សរាប់លាននាក់ទៀត ត្រូវបានជឿថា កំពុងរស់នៅក្រោមចំណូលតិចជាង ១០០០ យ័ន្តក្នុងមួយខែ។
រយៈពេលជាច្រើនឆ្នាំ ដែលលោកបានធ្វើការ និងរស់នៅជាមួយកសិករនៅភូមិក្នុងតំបន់ជនបទមួយនៅក្នុងខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន បានឲ្យលោកដឹងច្បាស់ពីរបៀបរស់នៅរបស់ប្រជាកសិករចិន។
លោក Shen បាននិយាយថា៖ «លោកចង់ឲ្យពលរដ្ឋក្រីក្រទទួលបានបទដ្ឋានរស់នៅក្នុងកម្រិតប្រសើរជាងមុនមួយ»។
លោកស៊ីក៏ចង់បញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួនឲ្យរួចរាល់ ដើម្បីធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពសម្រាប់ប្រទេសចិនផងដែរ។ នេះបើយោងទៅតាមលោក Shen។
លោកស៊ីបានលើកឡើងក្នុងសុន្ទរកថារបស់លោក ពីគោលដៅនៅក្នុងការបង្កើត «នូវវិបុលភាពជារួម» ដូចដែលបានឃើញនៅក្នុងការបែងចែកទ្រព្យសម្បត្តិ ប៉ុន្តែក៏ដូចគោលនយោបាយដទៃទៀតរបស់លោកផងដែរ គេមិនទាន់ដឹងច្បាស់ថា តើគណបក្សកុម្មុយនីស្តនិងប្រជាជនចិន នឹងសរសើរឬក៏ស្តីបន្ទោសដល់រូបលោកនោះទេ។ សំណើរបស់លោកក្នុងការអនុវត្តបន្ទុកពន្ធ លើទ្រព្យសម្បត្តិដើម្បីបញ្ឈប់ការព្យាករណ៍ និងបង្រួបគម្លាតទ្រព្យសម្បត្តិ កំពុងតែមិនសូវមានប្រជាប្រិយភាពនៅក្នុងជួរគណបក្សរបស់លោករួចទៅហើយ។
លោក Victor Gao អ្នកវិភាគស្តីពីប្រទេសចិនបាននិយាយថា តើលោកស៊ីនឹងគ្រាន់តែដឹកនាំក្នុងអាណត្តិប្រាំឆ្នាំទៀតតែប៉ុណ្ណោះ ដែលនេះជាការធូរចិត្តបន្តិចសម្រាប់ក្រុមអ្នករិះគន់លោក ប៉ុន្តែជាការខកចិត្តមួយសម្រាប់ក្រុមអ្នកគាំទ្រលោក គឺ «គ្មានអ្វីបញ្ជាក់ច្បាស់លាស់នោះទេ រហូតដល់តែមានការប្រកាសជាផ្លូវការ» ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា