ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃសុក្រនេះ បានថ្វាយមេដាយមិត្តភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ដល់មហាក្សត្រិយ៍នរោត្តម មុនីនាថ សីហនុ របស់កម្ពុជា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពិធីប្រគល់មេដាយនេះត្រូវបានធ្វើឡើង នៅវិមានមហាសាលប្រជាជនចិនក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ក្រោយមកប្រធានាធិបតី Xi Jinping និងភរិយាគឺលោកស្រី Peng Liyuan បានចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថសីហនុ។
លោក Xi Jinping បានមានប្រសាសន៍ថា ប្រទេសចិនស្រឡាញ់មិត្តភាពដ៏ជ្រាលជ្រៅជាមួយគ្រួសាររាជវង្សនៃប្រទេសកម្ពុជា និងសូមកោតសរសើរចំពោះជំនួយរបស់រាជវង្សខ្មែរ និងសាររំលែកទុក្ខ នៅពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅប្រទេសចិន។
ព្រះមហាក្សត្រព្រះបាទ សីហមុនី បានសម្តែងការកោតសរសើរដែលលោក Xi Jinping បានថ្វាយព្រះមហាក្សត្រិយ៍នូវមេដាយមិត្តភាព ដែលជាមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ជនបរទេស និងបានមានបន្ទូលថា ព្រះអង្គនឹងបន្តខិតខំប្រឹងប្រែងក្នុងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ៕