សត្វផ្សោតក្នុងទន្លេមេគង្គផ្នែកខាងលើរបស់កម្ពុជា ដែលកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នជិតផុតពូជ ទើបបានស្គាល់ចំនួននៃការកើនឡើងជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទៅដល់ចំនួន៩២ក្បាលនាពេលថ្មីៗនេះ។ នេះបើតាមការឱ្យដឹងពីការិយាល័យប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ WWF ដែលបានធ្វើអង្កេតរួមជាមួយស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលកម្ពុជា បានរាយការណ៍ថា ចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ គិតពីភូមិសាស្ត្រក្នុងទីរួមខេត្តក្រចេះឡើងទៅដល់ទឹកធ្លាក់ល្បាក់ខោនក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនឡាវ មានការកើនឡើងចំនួន១២ក្បាល ពីចំនួន៨០ក្បាលក្នុងឆ្នាំ២០១៥ មកដល់ចំនួន៩២ក្បាល ក្នុងឆ្នាំ២០១៧ ដែលការកើនឡើងនេះមានអត្រាប្រមាណ ១០ភាគរយ។
ការកើនឡើងនៃចំនួនសត្វផ្សោតក្នុងអាងទន្លេមេគង្គកម្ពុជាផ្នែកខាងលើនេះ ត្រូវបាន WWF ឱ្យដឹងថា បណ្ដាលមកពីប្រសិទ្ធភាពនៃការកាត់បន្ថយកត្តាប្រឈមធំចម្បងនៃការរស់រានមានជីវិតរបស់ថនិកសត្វដែលរស់នៅក្នុងទឹកមួយនេះ រួមមានការចាត់វិធានការបង្ក្រាបលើការនេសាទខុសច្បាប់ នៅតំបន់ដែនជម្រកសត្វផ្សោតជាដើម។អង្គការអភិរក្ស និងគាំពារសត្វព្រៃខាងលើ បានចាត់ទុកសុខុមាលភាពរបស់សត្វផ្សោតថាជាសូចនាករមួយដ៏សំខាន់ ក្នុងការចង្អុលវាស់នូវស្ថិរភាព និងស្ថានភាពជីវចម្រុះ ក្នុងអាងទន្លេមេគង្គកម្ពុជា ដែលជាប្រភពផ្ដល់ជីវិត និងអាហារដ៏សំខាន់ដល់ប្រជាជនខ្មែររាប់លាននាក់។
លោក សេង ទៀក នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ WWF បានប្រាប់ VOA កាលពីររសៀលថ្ងៃចន្ទថា និន្នាការវិជ្ជមាននៃកំណើនចំនួនសត្វផ្សោតនេះ បានផ្ដល់ជាក្ដីសង្ឃឹមទៅដល់អនាគតនៃការរស់រានមានជីវិតរបស់សត្វដែលកំពុងរងគ្រោះជិតផុតពូជមួយប្រភេទនេះ។
«ខ្ញុំមានសុទិដ្ឋិនិយមច្រើន ផ្អែកទៅលើសញ្ញាណវិជ្ជមានដែលចេញនៅក្នុងឆ្នាំ២០១៧ ជាសញ្ញាណមួយវិជ្ជមាន និងផ្ដល់នូវក្ដីសង្ឃឹមដល់យើងគ្រប់គ្នា ជាពិសេសផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងមួយដល់មន្ត្រីរដ្ឋបាលជលផល ឆ្មាំទន្លេ និងដៃគូនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិទាំងអស់ អំពីព័ត៌មានល្អដែលជាលើកទីមួយហើយចំនួនផ្សោតមានការកើនឡើងជាង១០%»។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ដែលជាសេនាធិការរបស់រដ្ឋាភិបាលលើវិស័យជលផល បាននិយាយនៅថ្ងៃចន្ទនេះដែរថា សត្វផ្សោតជា«រតនសម្បត្តិជាតិមានជីវិត»របស់ប្រទេសកម្ពុជា និងបានបន្ថែមថា កំណើននៃចំនួនសត្វផ្សោតនេះបង្ហាញពីលទ្ធផលនៃការសហការអភិរក្សជាមួយភាគីនានា។
លោកប្រធានរដ្ឋបាលជលផលបាននិយាយក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្សនេះ ដើម្បីស្ដារចំនួនសត្វផ្សោតឡើងវិញ ដោយលុបបំបាត់រាល់ការគំរាមកំហែងនានា ចំពោះភាពរស់រានមានជីវិតរបស់សត្វផ្សោត»។
ក្រៅតែដំណឹង«ដ៏ល្អ»នៃការកើនឡើងនេះ WWF ក៏បានដាក់ការប្រុងប្រយ័ត្នថាវា«មិនទាន់ដល់ពេលដើម្បីសប្បាយរីករាយនៅឡើយទេ» ដ្បិតអីកិច្ចការពារសត្វផ្សោត ដែលបានទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ទៅទស្សនាប៉ែកឦសានកម្ពុជា ត្រូវការកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការជាច្រើនទៀតពីគ្រប់ភាគីពាក់ព័ន្ធ។
បើតាមលោក សេង ទៀក បញ្ហាប្រឈមមួយទៀតនៃការសាងសង់ទំនប់វារីអគ្គិសនីកាត់ទទឹងទន្លេមេគង្គ ក៏អាចផ្ដល់ជាការគំរាមកំហែងដល់បរិស្ថានរស់នៅក្នុងផ្ទៃទន្លេរបស់សត្វផ្សោត ដែលរស់នៅក្នុងជម្រករបស់ពួកវានៅក្នុងប្រទេសកម្ពុជាផងដែរ។
នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ WWF រូបនេះ បានប្រាប់ VOA តាមទូរស័ព្ទថា៖
«កត្តាមួយចំនួនដែលបានលើកឡើងអំពីផែនការនៃការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គហ្នឹង ក៏ជាកត្តាមួយដែលមានការបារម្ភច្រើនទៅលើការរស់នៅរបស់សត្វផ្សោតផងដែរនៅក្នុងហ្នឹង។ អ៊ីចឹងទេ ទាមទារឱ្យមានការពិនិត្យមើល [និងវាយតម្លៃ] ឱ្យបានម៉ត់ចត់បំផុតទៅលើផលប៉ះពាល់មួយចំនួន ដែលបណ្ដាលមកពីការសាងសង់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គមេហ្នឹងជាដើម ដែលជាទីកន្លែងដ៏សំខាន់ដល់ការរស់នៅរបស់ផ្សោត និងជាធនធានមួយដ៏សំខាន់សម្រាប់ជា Food Security (សន្តិសុខស្បៀង) របស់ប្រជាជនយើងផងដែរ»។
មានក្ដីព្រួយបារម្ភនានាទាក់ទងនឹងតម្លៃ ដែលត្រូវបង់ប៉ះប៉ូវនៃផលប៉ះពាល់បណ្ដាលមកពីការសាងសង់ជាបន្តបន្ទាប់នៃទំនប់វារីអគ្គិសនីនៅផ្ទៃទន្លេមេគង្គ និងដៃរបស់ទន្លេដ៏វែងមួយនេះ ជាពិសេសគម្រោងវារីអគ្គិសនី ក្នុងស្រុកសំបូរ ក្នុងខេត្តក្រចេះ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្ដាលនៃតំបន់អង្កេតជម្រកសត្វផ្សោតក្នុងទន្លេមេគង្គកម្ពុជាតែម្ដង។
ក្នុងពីរទសវត្សរ៍ចុងក្រោយចាប់តាំងពីចាប់ផ្ដើមអង្កេតជាផ្លូវការ ចំនួនសត្វផ្សោតជាទូទៅមានការធ្លាក់ចុះជាបន្តបន្ទាប់ ពីចំនួន២០០ក្បាល ក្នុងឆ្នាំ១៩៩៧ មកត្រឹមចំនួន៨៥ក្បាលក្នុងឆ្នាំ២០១០ និងចំនួន៨០ក្បាលក្នុងឆ្នាំ២០១៥ មុននឹងមានការកើនឡើងវិញនៅឆ្នាំ២០១៧កន្លងទៅនេះ។ នេះបើយោងតាម WWF។
បច្ចេកទេសនៃការរាប់ចំនួនសត្វផ្សោត ត្រូវបាន WWF ប្រាប់ឱ្យដឹងថា ធ្វើឡើងដោយមានការរៀបចំក្រុមការងារថតរូបថនិកសត្វដ៏កម្រមួយប្រភេទនេះ យកមកធ្វើការប្រៀបធៀបសញ្ញាសម្គាល់ដែលគេដាក់លើខ្នង និងព្រុយខ្នងរបស់ពួកវា និងផ្គូផ្គងជាមួយនឹងទិន្នន័យតួលេខនៃសត្វផ្សោត ដែលមានស្រាប់ និងបានធ្វើកំណត់សម្គាល់រួចហើយ៕