មិនមែនតែទ្វីបអឺរ៉ុបទេដែលបានបិទទ្វារមិនទទួលយកពួកជនភៀសខ្លួន សម្រាប់ពួកជនជាច្រើនដែលបានរួចជីវិតពីការបាញ់ដោយពួកខ្មាន់កាំភ្លើង ចម្ការមីន ទឹកទន្លេនិងស្ទឹងដែលឡើងភ្លាមៗ និងគ្រាប់បែកនៅតាមដងផ្លូវ សូម្បីតែជំរំជនភៀសខ្លួនដែលមានមនុស្សកុះករនៅក្នុងប្រទេសរបស់ពួកគេក៏ពួកគេមិនអាចចូលទៅបានដែរ។
បើតាមទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួនដែលហៅកាត់ថា UNHCR ថាពួកជនទាំងនេះឋិតនៅក្នុងចំណោមមនុស្ស៦៥លាន៣សែននាក់នៅទូទាំងពិភពលោកដែលបានខ្ចាត់ព្រាត់ពីផ្ទះសំបែងពួកគេ ហើយមានកំណើន១០ភាគរយលើសពីចំនួនកាលពីឆ្នាំទៅមិញ។ ពាក់កណ្តាលនៃចំនួនជនទាំងនេះជាកុមារ។
លោក Filippo Grandi ប្រធានអង្គការ UNHCR បាននិយាយថា៖ «មនុស្ស២៤នាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងរៀងរាល់មួយនាទី។ ចំនួន២ភាគ៣នៃក្រុមជនដែលបានខ្ចាត់ព្រាត់ពីផ្ទះដោយមានការបង្ខិតបង្ខំគឺជាក្រុមជនដែលបានខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅក្នុងប្រទេសរបស់ពួកគេផ្ទាល់។ ចំនួន៩០ភាគរយនៃក្រុមជនដែលបានខ្ចាត់ព្រាត់ពីផ្ទះដោយមានការបង្ខិតបង្ខំបានខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅក្នុងប្រទេសក្រីក្រឬបណ្តាប្រទេសមានប្រាក់ចំណូលមធ្យម មិនមែននៅក្នុងប្រទេសមានធនធានច្រើនទេ»។
ចំនួនក្រុមជនភៀសខ្លួនជិត១០លាននាក់ក្នុងពិភពលោកជាប្រជាជនស៊ីរី។ជនជាតិស៊ីរីបីលាននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសជិតខាង ហើយចំនួនសល់ពីនេះបានខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅខាងក្នុងប្រទេសស៊ីរី៕