ពិភពលោក​មាន​ប្រតិកម្ម​ដោយ​កំហឹង និង​រន្ធត់​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd

រូប​របស់​លោក George Floyd បុរស​ជនជាតិ​ស្បែកខ្មៅ​ដែល​បាន​ស្លាប់​ក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​ក្រុង Minneapolis ត្រូវ​បាន​គេ​ព្យួរ​ជាមួយ​នឹង​ផ្កា​កុលាប​​នៅ​លើ​របង​ដែក​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ក្រុង​ Mexico City ប្រទេស​ម៉ិកសិក កាល​ពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ២០២០។

ការ​តវ៉ា​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​មួយ​ចំនួន​នៅ​លើ​ពិភពលោក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​បាន​ស្លាប់​ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។ ហេតុការណ៍​នោះ​ត្រូវ​បាន​គេ​ថត​វីដេអូ​បាន ហើយ​គេ​ឭ​លោក Floyd និយាយ​ពីរ​បី​ដង​ថា៖ «​ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។

ការ​តវ៉ា​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​តាម​ប្រទេស​មួយ​ចំនួន។

នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ពលរដ្ឋ​អាល្លឺម៉ង់​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ដោយ​ស្រែក​បន្ទរ​ថា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​សារៈសំខាន់»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Forbes។

ការ​តវ៉ា​អំពី​ការ​ប្រកាន់​ពូជសាសន៍​ជា​ទូទៅ​ដែល​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តូរ៉ង់តូ ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​សៅរ៍។

បុរស​ម្នាក់​ពាក់​ម៉ាស់​ការពារ​និង​កាន់​បរដា​មួយ​ដែល​សរសេរ​ថា៖ «ជីវិត​ជនជាតិ​ស្បែកខ្មៅ​មាន​តម្លៃ» ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​បុរស​ជនជាតិ​ស្បែកខ្មៅ​ម្នាក់ គឺ​លោក George Floyd ក្នុង​ពេល​ប៉ូលិស​ចាប់​ខ្លួន នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau និយាយ​យោង​លើ​ការ​ស្លាប់​របស់​លោក Floyd នៅ​ក្នុង​អត្ថបទ​មួយ​ក្នុង​កាសែត The Washington Post ថា៖ «ការ​ប្រកាន់​ពូជសាសន៍​គឺ​មាន​យ៉ាង​ច្បាស់​ក្រឡែត។ វា​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក៏​មាន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កាណាដា។ ...យើង​ដឹង​ថា មនុស្ស​ប្រឈម​នឹង​ការ​រើសអើង​ជា​ប្រព័ន្ធ ភាព​លំអៀង​ដោយ​មិន​ដឹង​ខ្លួន និង​ការ​ប្រកាន់​ពូជ​សាសន៍​ប្រឆាំង​នឹង​ពលរដ្ឋ​ស្បែក​ខ្មៅ​ជា​រៀងរាល់​ថ្ងៃ»។

នៅ​ទីក្រុង​ម៉ិចសិក ប្រទេស​ម៉ិចសិក កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដែរ មនុស្ស​បាន​គូស​រូប និង​ដាក់​ផ្កា​គាំទ្រ​ដល់​លោក Floyd នៅ​របង​មួយ​កន្លែង​ជិត​ស្ថានទូត​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត។

កាល​ពី​ថ្ងៃ​សុក្រ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អ្នកស្រី Michelle Bachelet បាន​ថ្កោលទោស​ស្ថានការណ៍​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Floyd ដោយ​អ្នកស្រី​បាន​និយាយ​ថា នេះ​គឺ​ជា​ហេតុការណ៍​ថ្មី​ចុងក្រោយ​បង្អស់ «ទាក់ទិន​នឹង​ការ​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​គ្មាន​អាវុធ​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក ដោយ​ប៉ូលិស​អាមេរិកាំង និង​អ្នក​ដទៃ​ទៀត»។

រី​ឯ​គណៈកម្មការ​សហភាព​អាហ្វ្រិក​វិញ កាល​ពី​ថ្ងៃ​សុក្រ បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​ដ៏​កម្រ​មួយ​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ អំពី​ស្ថានការណ៍​តវ៉ា​នានា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប លោក Moussa Faki Mahamat «ថ្កោលទោស​យ៉ាង​ខ្លាំង» ចំពោះ​ទង្វើ​របស់​ប៉ូលិស​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd នេះ និង​បាន​ចូលរួម «រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសាររ​បស់​លោក»ផង​ដែរ៕