ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​កើន​ដល់​ជាង ៣៥ លាន​ករណី

រូបឯកសារ៖ អេក្រង់ទូរទស្សន៍សាធារណៈមួយ បង្ហាញសារក្រើនរំឭកពលរដ្ឋអង់គ្លេស ឲ្យអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ នៅទីក្រុង Manchesters ប្រទេសអង់គ្លេស កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

មួយ​សប្តាហ៍​ក្រោយ​មក បន្ទាបពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ឡើង​ដល់​ជាង ១ លាន​នាក់ ករណី​ឆ្លង​ជំងឺ​នេះ​នៅ​លើ​ពិភពលោក​បាន​កើន​ដល់​ជាង ៣៥ លាន​ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។

ប្រទេស​ជាច្រើន​នៅ​ទ្វីប​អឺរ៉ុប​បាន​ឈាន​ដល់​ដំណាក់កាល​សំខាន់​ថ្មី​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដោយ​ប្រទេស​អាល្លឺម៉ង់​បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ខ្លួន​មាន​ករណី​ឆ្លង​ទាំងអស់​ជាង ៣ សែន​ករណី ហើយ​ចក្រភព​អង់គ្លេស​មាន ៥ សែន​ករណី។

ក្រុមហ៊ុន Cineworld របស់​ចក្រភព​អង់គ្លេស​ដែល​ជា​ក្រុមហ៊ុន​រោង​ភាពយន្ត​ធំ​ទី ២ នៅ​លើ​ពិភពលោក បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ខ្លួន​នឹង​បិទ​រោង​ភាពយន្ត​របស់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក។

បទបញ្ជា​និង​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ដាក់​កំហិត​លើ​ការ​ប្រមូល​ផ្តុំ​ជា​ក្រុម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ភាពយន្ត។ ក្រុមហ៊ុន Cineworld បាន​បញ្ជាក់​ថា វិធានការ​នៃ​ការ​បិទ​បណ្ដោះអាសន្ន​របស់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ចំនួន ៤៥.០០០ ការងារ។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បាត់បង់​ការងារ​កាន់តែ​ខ្លាំង​ឡើង​នេះ រដ្ឋាភិបាល​អង់គ្លេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ដែល​មាន​ទឹក​ប្រាក់ ៣០០ លាន​ដុល្លារ ដែល​មាន​គោល​បំណង​ជួយ​ឲ្យ​មនុស្ស​មាន​ការងារ​ធ្វើ​វិញ។

នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់ អ្នកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​រឹតត្បិត​នៅ​ក្នុង​ទីក្រុង Auckland នឹង​ត្រូវ​ដកចេញ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

នៅ​ក្នុង​ប្រទេស​បារាំង​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃអង្គារ​ស្អែក​ទៅ រង្គសាល​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នឹង​ត្រូវ​បិទ​រយៈពេល ២ សប្តាហ៍ ហើយ​ភោជនីយដ្ឋាន​នឹង​ចាប់ផ្តើម​ប្រើ​ពិធីការ​អនាម័យ​ថ្មី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​បារាំង។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​បារាំង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន​១២.៥៦៥ ករណី ហើយ​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៨៩៣ នាក់ បាន​ចូល​ព្យាបាល​នៅ​កន្លែង​ព្យាបាល​បន្ទាន់​ដិតដល់​ក្នុង​មន្ទីរពេទ្យ​ក្នុង​ពេល​មួយ​សប្តាហ៍​កន្លង​មក៕