ពិភពលោក​រំឭក​ខួប​ទី​មួយ​នៃ​ការ​ប្រកាស​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក​អំពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩

អ្នកជំងឺកូវីដ១៩ ជាច្រើននាក់នៅប្រេស៊ីល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរបណ្តោះអាសន្នមួយកន្លែង ក្នុងជាយក្រុង Sao Paulo កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

មួយ​ឆ្នាំ​ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ សណ្តាន​វីរុស​មួយ​ប្រភេទ​ដែល​ត្រូវបាន​រកឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​អង់គ្លេស ​បង្ក​គ្រោះថ្នាក់​ជាង​សណ្តាន​វីរុស​ដំបូងៗ។​

ការសិក្សា​មួយ​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស​ បាន​និយាយ​ថា ​អ្នក​ដែល​ឆ្លង​វីរុស​សណ្តាន ​B.1.1.7​ អាច​នាំ​ឲ្យ​ស្លាប់​ចន្លោះ​រវាង​ពី ​៣០% ​ទៅ​ ១០០% ​ច្រើន​ជាង​អ្នក​ដែល​ឆ្លង​វីរុស​សណ្តាន​ផ្សេង​ទៀត​ ដោយ​មាន​អត្រា​ជាមធ្យម​ប្រហែល ​៦៤%។​

វីរុស​សណ្តាន ​B.1.1.7​ ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ជាង ​១០០​ ចាប់​តាំងពី​វា​ត្រូវ​បាន​រកឃើញ​ដំបូង​ កាលពី​ខែ​កញ្ញា​ នៅ​ភាគ​អាគ្នេយ៍នៃ​ប្រទេស​អង់គ្លេស។​ ការសិក្សា​មុនៗ​បង្ហាញ​ថា ​វីរុស​សណ្តាន​នេះ​ឆ្លង​ខ្លាំង​ជាង​វីរុស​សណ្តាន​ដំបូង។​

ប្រទេស​ប្រេស៊ីល​បាន​ប្រកាស​អំពី​ការស្លាប់​ ដែល​ទាក់ទង​ទៅ​នឹង​កូវីដ១៩ ​ចំនួន​ ២២៨៦​នាក់​ កាលពី​ថ្ងៃពុធ​ ដែល​ជា​ចំនួន​កំណត់ត្រា​មួយ​ទៀត​នៃ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​មួយ​ថ្ងៃ។​

ប្រទេស​អាមេរិក​ខាងត្បូង​នេះ​កំពុង​ទប់ទល់​ការកើន​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​សណ្តាន ​P.1 ​ថ្មី​ ដែល​ត្រូវ​បាន​គេ​រកឃើញ​ កាលពី​ខែ​វិច្ឆិកា​ក្នុង​ទីក្រុង​ Manaus​ តំបន់​ Amazonia។​

ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា ​វីរុស​សណ្តាន ​P.1​ មាន​ល្បឿន​ចម្លង​ពី​ ១,៤ ​ទៅ​ ២,៤ ដង​ច្រើន ​ជាង​ប្រភេទ​វីរុស​កូរ៉ូណា​ដំបូង ហើយ​វា​ក៏​អាច​ឆ្លង​ជាថ្មី​ទៅ​មនុស្ស​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ១៩​ ផងដែរ៕