បណ្តាមេដឹកនាំមកពីប្រហែល១៧០ប្រទេសគ្រោងនឹងជួបប្រជុំគ្នានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កនៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ រយៈពេល៤ខែបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចរចាជាលើកដំបូងបង្អស់។
មន្រ្តីរបស់អង្គការសហប្រជាជាតិថ្លែងថា ពិធីចុះហត្ថលេខានៅថ្ងៃសុក្រនេះគឺជាលើកដំបូងបង្អស់នៃការសហការផ្លូវទូតលំដាប់ពិភពលោក ដោយសារនៅក្នុងប្រវត្តិសាស្រ្តមិនធ្លាប់មានប្រទេសយ៉ាងច្រើនដូច្នេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបៀបនេះឡើយ។
ពិធីចុះហត្ថលេខានេះអាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះត្រូវបានគេអនុវត្តកាន់តែឆាប់មុនពេលនៃកាលបរិច្ឆេទដែលបានកំណត់ពីដំបូងឡើយត្រឹមឆ្នាំ២០២០ ថ្វីត្បិតតែកិច្ចព្រមព្រៀងនេះនៅតែត្រូវឆ្លងកាត់ដំណើរការគោលនយោបាយក្នុងបណ្តាប្រទេសដែលនឹងចុះហត្ថលេខាក៏ដោយ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry នឹងតំណាងឲ្យសហរដ្ឋអាមេរិកនៅក្នុងពិធីចុះហត្ថលេខានេះ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំមួយកាលពីខែធ្នូក្នុងទីក្រុងប៉ារីស ហើយវាគឺជាកិច្ចព្រមព្រៀងធំបំផុតដែលចរចាពីអាកាសធាតុនៅទូទាំងពិភពលោក។ ការព្យាយាមចងក្រងជាកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០០៩ត្រូវបានច្រានចោល ដោយសារតែភាពចម្រូងចម្រាសរវាងប្រទេសអ្នកមាននិងប្រទេសក្រ ជុំវិញតួនាទីរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕