មេដឹកនាំនានានៅលើពិភពលោកបានសម្តែងការអបអរសាទរចំពោះលោក Donald Trump ក្រោយពីការព្យាកររបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាបានបង្ហាញថាលោកបានឈ្នះដាច់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ នេះ។
លោក Trump បានផ្ដួលគូប្រជែងរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ដោយធ្វើឲ្យរូបលោកក្លាយជាអតីតប្រធានាធិបតីខាងបក្សសាធារណរដ្ឋដែលវិលចូលកាន់តំណែងវិញក្រោយពីបាត់បង់តំណែងនេះអស់រយៈពេល ៤ ឆ្នាំមក។
កាលពីព្រឹកថ្ងៃពុធ មេដឹកនាំជាច្រើននៅជុំវិញពិភពលោកបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីអបអរសាទរលោក Trump។ ពេលលោក Trump កាន់អំណាចនៅអាណត្តិទីមួយ គោលនយោបាយការបរទេស «ផ្ដល់អាទិភាពដល់សហរដ្ឋអាមេរិកជាមុន» ដែលមិនអាចព្យាករបានរបស់លោក បានធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដូចជាជាមួយនឹងសត្រូវរបស់ខ្លួនផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គឺជាសម្ព័ន្ធមិត្តអាមេរិកដំបូងគេមួយដែលបានផ្ញើសារគាំទ្រ ដោយកោតសរសើរ «ការវិលត្រឡប់មកវិញជាប្រវត្តិសាស្ត្រ» របស់លោក Trump។ លោក Netanyahu ថា «ការវិលត្រឡប់មកវិញជាប្រវត្តិសាស្ត្រ» នេះផ្ដល់ «ការតាំងចិត្តដ៏មហិមាឡើងវិញចំពោះសម្ព័ន្ធភាពដ៏អស្ចារ្យរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានអំពាវនាវសុំការគាំទ្របន្ថែមពីសហរដ្ឋអាមេរិកនិងបស្ចិមប្រទេសដទៃទៀតដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បានថ្លែងដោយវិជ្ជមានអំពីអ្វីដែលលោកថាជាការតាំងចិត្តរបស់លោក Trump ចំពោះ «សន្តិភាពតាមរយ:កម្លាំង» នៅក្នុងកិច្ចការពិភពលោក។
លោក Zelenskyy បាននិយាយថា៖ «នេះបានចំជាគោលការណ៍ដែលអាចធ្វើឲ្យអ៊ុយក្រែនកាន់តែឆាប់ទទួលបាននូវសន្តិភាពដ៏យុត្តិធម៌តាមលក្ខណៈប្រតិបត្តិជាក់ស្ដែង។ ខ្ញុំសង្ឃឹមថាយើងនឹងប្រែក្លាយវាទៅជាសកម្មភាពជាមួយគ្នា»។
ប្រមុខអង្គការអូតង់ (NATO) ក៏បានលើកឡើងស្រដៀងគ្នានេះដែរនៅក្នុងសារអបអរសាទរលោក Trump ទោះបីជាកន្លងមកលោក Trump បានរិះគន់សម្ព័ន្ធភាពយោធាបស្ចិមប្រទេសនេះជាយូរមកហើយថាមិនបានធ្វើកិច្ចការសមល្មមដើម្បីការពារអឺរ៉ុបក៏ដោយ។
អគ្គលេខាធិការអង្គការអូតង់លោក Mark Rutte ថា៖ «ភាពជាអ្នកដឹកនាំរបស់លោកTrump ជាថ្មីម្តងទៀតនឹងរក្សាសម្ព័ន្ធភាពរបស់យើងឲ្យនៅរឹងមាំ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកម្តងទៀតដើម្បីពន្លឿនសន្តិភាពតាមរយ:កម្លាំងតាមក្របខ័ណ្ឌអូតង់»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានសម្ដែងការអបអរសាទរផងដែរ ដោយនិយាយថា លោក «ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយគ្នា» ដូចដែលលោកនិងលោក Trump «បានធ្វើអស់រយៈពេល ៤ ឆ្នាំមកហើយ»។
ប្រធានគណ:កម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយថា អ្នកស្រី «អបអរសាទរយ៉ាងកក់ក្ដៅ» ចំពោះលោក Trump និងបានសរសើរ «ភាពជាដៃគូពិតប្រាកដ» រវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្លែងនៅក្នុងពិធីជាតិមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងអំឡុងអាណត្តិទីមួយរបស់លោក Trump ភាពប្រេះឆាបានផ្ទុះឡើងរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលមួយផ្នែកគឺដោយសារការដាក់ពន្ធគយរបស់លោក Trump លើទំនិញនាំចូលពីអឺរ៉ុប។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានបញ្ចេញមតិអ្វីលើលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានចំអកនៅលើបណ្ដាញសង្គមអនឡាញ X ចំពោះបរាជ័យរបស់អ្នកស្រី Harris ដោយនិយាយថា «អ្នកស្រី Kamala ចប់ហើយ។ ...ឲ្យអ្នកស្រីសើចទៀតទៅ»។
លោក Medvedev បានបន្តថា៖ «គោលដៅនៃប្រតិបត្តិការយោធាពិសេស [របស់រុស្ស៊ី] នឹងមិនផ្លាស់ប្តូរទេ ហើយនឹងសម្រេចបាន»។
ចំណែកឯបណ្ដាមេដឹកនាំនៅទ្វីបអាស៊ីវិញក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Trump ផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសម្តែង «ការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត» ចំពោះលោក Trump ដែលលោកហៅថាជាមិត្តភក្ដិរបស់លោក។
នាយករដ្ឆមន្ត្រីជប៉ុនលោក Shigeru Ishiba បានសម្តែង «ការអបអរសាទរអស់ពីដួងចិត្ត» ចំពោះលោក Trump ដោយលោកនិយាយថាលោកសង្ឃឹមថានឹង «ជំរុញសម្ព័ន្ធភាពរវាងជប៉ុននិងសហរដ្ឋអាមេរិកបន្ថែមទៀត និងសហការលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានសម្តែងក្តីសង្ឃឹមថា «សម្ព័ន្ធភាពដែលមិនអាចរង្គោះរង្គើបាន» រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន «នឹងក្លាយជាកម្លាំងដ៏ត្រឹមត្រូវមួយដែលនឹងក្រាលផ្លូវឆ្ពោះទៅរកវិបុលភាពនិងចំណងមិត្តភាពនៅក្នុងតំបន់និងនៅសងខាងមហាសមុទ្រប៉ាស៊ីហ្វិក»។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ចិន «នឹងបន្តដោះស្រាយទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»៕
ប្រែសម្រួលដោយលោក សាយ មុន្នី