នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់មួយពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ លោកអង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានចំៗនៅចំពោះមុខតំណាងប្រទេសដែលចូលរួមមហាសន្និបាតលើកទី៧៤ថា ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកំពុងប្រឈមនឹងផលវិបាក ដោយសារតែកង្វះធនធានខាងហិរញ្ញវត្ថុ។
Your browser doesn’t support HTML5
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពមាន១៧ចំណុចរួមមាន ការលើកកម្ពស់ការអប់រំ ការលុបបំបាត់ភាពក្រីក្រ និងធ្វើឲ្យប្រសើរនូវសមភាពយេនឌ័រ។ មានការរៀបចំជំនួបកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចប្រជុំពីប្រធានបទនេះ ខាងក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិនាបុរីញូវយ៉ក សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩នេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres គូសបញ្ជាក់ថា កង្វះការផ្គត់ផ្គង់ហិរញ្ញវត្ថុបានក្លាយជារនាំងមិនឲ្យប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលគ្រោងនឹងធ្វើឲ្យបាននៅឆ្នាំ២០៣០។
លោកមានប្រសាសន៍បញ្ជាក់ក្នុងន័យដើមថា៖ «បើគ្មានធនធាន យើងនឹងមិនអាចផ្តល់អ្វីៗដល់ប្រជាជន និងផែនដីទេ»។
លោកបានបន្ថែមថា៖ «យើងមិនបានស្ថិតលើផ្លូវត្រូវមួយដើម្បីសម្រេចគោលដៅទាំងអស់នេះទេ»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា ការធ្លាក់ចុះកម្រិតជំនួយសម្រាប់ការអភិវឌ្ឍនិងការកើនឡើងបំណុលបានដាក់សម្ពាធការចំណាយលើគោលដៅទាំងនេះ។
ប្រទេសកម្ពុជាកំពុងចូលរួមក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់់ទៅ១៨ចំណុច រួមបញ្ចូលការដោះមីននិងយុទ្ធភណ្ធមិនទាន់ផ្ទុះ។
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរំលេចពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនេះ នៅក្នុងពេលថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ។
ប្រមុខការទូតកម្ពុជារូបនេះកត់សម្គាល់ថា សម្ពាធបរិស្ថានថ្មីៗបានបង្កឲ្យមានការប្រឈមចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តរបៀបវារ:សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉កមានការពិភាក្សាយ៉ាងផុសផុលអំពីការចម្រើនទៅមុខនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ។
គេឃើញមានការតុបតែងសសរស្តមចំនួន១៧ មានលាយពណ៌ចម្រុះតំណាងចំណុចសំខាន់ៗទាំង១៧នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅចំទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ។ ក្រុមអង្គការសង្គមស៊ីវិលបានពិភាក្សាគ្នាទៅលើគោលដៅទាំងនេះ ក្នុងការជួបប្រជុំដាច់ដោយឡែក ទៅតាមប្រធានបទនីមួយៗ។
លោកឡាច សាវី នាយកអង្គការ Aide et Action ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន ដែលបានចូលរួមពិភាក្សាអំពីកិច្ចការអប់រំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រាប់ VOA ក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជាកំពុងចូលរួមដោយសន្សឹមៗក្នុងការសម្រេចឲ្យបានចំណុចទី៤ ដែលផ្តោតជាចម្បងលើការអប់រំ ពោលគឺការធ្វើយ៉ាងណាឲ្យកុមារទទួលបានឱកាសសិក្សាស្មើៗគ្នា និងពោរពេញដោយគុណភាព។
«ក្រសួងអប់រំកំពុងតែធ្វើការងារនេះ ដើម្បីស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ហើយវាត្រៀម ត្រៀមធ្វើដើម្បីថា តើ strategy goal [គោលដៅយុទ្ធសាស្ត្រ] របស់ SDG 4 យ៉ាងម៉េច ហើយដែលរដ្ឋាភិបាលត្រៀម implement goal [អនុវត្តគោលដៅហ្នឹង]យ៉ាងម៉េចដើម្បីក្នុងការអភិវឌ្ឍនេះរបស់ខ្លួន»។
អ្នកធ្វើការជំរុញកំណែទម្រង់វិស័យអប់រំនៅកម្ពុជារូបនេះគូសបញ្ជាក់ថា កម្ពុជាកំពុងឃើញភាពប្រសើរឡើងរបស់ខ្លួននៅក្នុងវិស័យសិក្សាធិការ។
តែទោះជាយ៉ាងណា លោកឡាច សាវី និយាយថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅមានកិច្ចការងារជាច្រើនទៀត ដូចជាការបង្កើនវិនិយោគទុនលើធនធានអប់រំ និងបង្កើនសមត្ថភាពគ្រូបង្រៀន ដើម្បីបំពេញភាពខ្វះខាតក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព ដល់ពលរដ្ឋគ្រប់រូប ជាពិសេសគឺក្មេងនៅក្រៅសាលា។
ក្នុងការថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា ក្មេងប្រុស និងស្រីនៅប្រទេសកម្ពុជាដែលបានទទួលការអប់រំនៅកម្រិតបឋមសិក្សាមានប្រមាណ១០០ភាគរយ។
ដោយឡែក អ្នកស្រីស៊ិន ពុទ្ធារី ប្រធានផ្នែកទំនាក់ទំនងនៃគណ:កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានចូលរួមពិភាក្សាជាច្រើនរួមមានបញ្ហាសមភាពយេនឌ័រ និងយុត្តិធម៌នៃចំណុចទី៥និងទី១៦នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ។ អ្នកស្រីប្រាប់ VOA នៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុនថា មានការវិវត្តទៅមុខជាវិជ្ជមាន ចំពោះការយល់ដឹងពាក់ព័ន្ធទៅនឹងសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី ដោយហេតុថា មានការផ្សព្វផ្សាយទូលំទូលាយជាងមុនអំពីកិច្ចការងារនេះ។
«បើសិនជាយើងធ្វើការប្រៀបធៀប យើងឃើញថា ការយល់ដឹងពីសិទ្ធិស្មើគ្នា ឬក៏បញ្ជ្រាបយេនឌ័រហ្នឹងមានភាពទូលំទូលាយជាងប៉ុន្មានឆ្នាំកន្លងមក ដែលយើងធ្វើកិច្ចការងារហ្នឹង»។
មិនមានការបញ្ជាក់ច្បាស់ណាមួយថា ប្រទេសកម្ពុជា ដែលបានងើបពីសង្គ្រាមជាង២០ឆ្នាំមកនេះ នឹងមានលទ្ធភាពសម្រេចបានទាំងស្រុងនូវចំណុចទាំង១៧នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ទេ។
ប៉ុន្តែអ្នកស្រី Armida Salsiah Alisjahbana លេខាធិការនាយកប្រតិបត្តិបត្តិនៃគណ:កម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក កត់សម្គាល់ក្នុងអត្ថបទបញ្ចេញមតិមួយថា ទាំងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានផ្លូវឈានទៅសម្រេចបានចំណុចគោលដៅទាំង១៧នេះ ប្រសិនបើមានការបង្កើនការវិនិយោគ និងកំណែទម្រង់នោះ។
អ្នកស្រីអះអាងថា កម្ពុជាបានសម្រេចបានសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ពាក់ព័ន្ធទៅនឹងកំណើនសេដ្ឋកិច្ចប្រមាណជាង៧ភាគរយជាង២ទសវត្សរិ៍មកនេះ ហើយភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងច្រើន។
យ៉ាងណាក្តី អ្នកស្រី Armida Salsiah Alisjahbana បញ្ជាក់ថា ប្រសិនបើកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចង់សម្រេចបានរបៀបវារ:នេះនៅឆ្នាំ២០៣០នោះ ការបង្កើនសកម្មភាពវិនិយោគគឺជាសេចក្តីត្រូវការចាំបាច់។
អ្នកស្រីបានសរសេរក្នុងន័យដើមថា៖ «យើងប៉ាន់ស្មានថា តម្រូវការវិនិយោគបន្ថែមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលគឺប្រមាណ១,៥លានលានដុល្លារ (ឬ 1.5 trillion) ក្នុងមួយឆ្នាំ។ សេចក្តីវិភាគរបស់ពួកយើងបង្ហាញថា តំបន់នេះមានលំហសារពើពន្ធដើម្បីឧបត្ថម្ភសកម្មភាពវិនិយោគនេះបាន»។
អ្នកស្រីបញ្ជាក់ទៀតថា កំណែទម្រង់ជាច្រើនដើម្បីប្រមូលពន្ធ និងការវិនិយោគក្នុងវិស័យឯកជនគឺមានភាពចាំបាច់នៅក្នុងប្រទេសជាច្រើន ខណ:ដែលជំនួយអភិវឌ្ឍន៍ពីក្រៅប្រទេសមានការថយចុះ។
អ្នកស្រីបានសរសេរថា៖ «នៅប្រទេសកម្ពុជា ការវិនិយោគបន្ថែមចំនួន៣ដុល្លារសហរដ្ឋអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃជាតម្រូវការដើម្បីសម្រេច SDGs [ឬគោលដៅអភិវឌ្ឍប្រកបដោយចីរភាព]។ ហើយកំណើន៥,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបសម្រាប់មួយឆ្នាំអាចកាត់បន្ថយភាពក្រីក្រដោយការផ្តល់ហិរញ្ញប្បទានសម្រាប់ការបង្វិលសាច់ប្រាក់ និងការផ្តល់ការគាំពារសង្គមទូទៅ»។
ដោយឡែកលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងក្នុងកិច្ចសន្ទនាខាងហិរញ្ញវត្ថុកម្រិតខ្ពស់មួយ នៅខាងក្រៅមហាសន្និបាតថា នៅខែក្រោយនេះ លោកនឹងកោះប្រជុំនាយកប្រតិបត្តិក្រុមហ៊ុនចំនួន៣៩រូបពីគ្រប់តំបន់ដើម្បីដំណើរការសម្ព័ន្ធអ្នកវិនិយោគសាកលដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (Global Investors for Sustainable Development Alliance) ដែលសម្ព័ន្ធនេះនឹងអាចប្រមូលធនធានរួមគ្នាបានជិត១៦លានលានដុល្លារ (ឬ$16 trillion)។
លោកនិយាយថា៖ «ខ្ញុំនឹងពឹងពាក់លើការគាំទ្ររបស់ពួកគេ ក្នុងការបង្វែចំណុចអាទិភាពទាំងឡាយពីការប្រាថ្នាចង់បាន ទៅជាសកម្មភាព ហើយសម្រួលផ្នែកហិរញ្ញវត្ថុនេះឲ្យស្របទៅតាមយុទ្ធសាស្ត្រថ្នាក់ជាតិនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោកនិយាយទៀតថា៖ «ការសន្ទនាគ្នាថ្ងៃនេះ ទៅលើចំណោទសំខាន់នៃការផ្តល់ហិរញ្ញប្បទាន អាចជួយយើងឲ្យវិលមកគន្លងត្រឹមត្រូវសម្រាប់សកម្មភាពមួយទសវត្សរិ៍ទៅមុខទៀត។ ចូរយើងនាំគ្នាបង្កើនមហិច្ឆតាខាងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់អាកាសធាតុ និងហិរញ្ញវត្ថុ ដែលនឹងជំរុញឲ្យទីផ្សាររីកលូតលាស់ ជំនួញបានជោគជ័យ និងប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ»៕