សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។ កំណើននេះខ្ពស់ជាងនៅឆ្នាំ២០២២ ដែលសេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន៥,២ ភាគរយ។
ធនាគារពិភពលោកក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង៦,១ភាគរយក្នុងឆ្នាំ២០២៥ ជាមួយការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ពន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ថ្លែងនៅក្នុងពិធីចេញផ្សាយរបាយការណ៍ខាងលើ នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) លើកឡើងថាដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឲ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗ ក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ។ អ្នកស្រីបន្ថែមថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងនៅឆ្នាំ២០២៣ក្នុងអត្រា៥,៤ភាគរយ តែថាកំណើននេះ កើនយឺតជាងការរំពឹងទុកដោយសារបញ្ហាប្រឈមផ្នែករចនាសម្ពន្ធ។
អ្នកស្រីថ្លែងថា៖ «ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាបានបន្តមានជាមួយនឹងកំណើនពិតប្រាដកដែលត្រូវបានព្យាករថានឹងកើនដល់៥,៤ភាគរយនៅឆ្នាំ២០២៣ ដែលកើនខ្ពស់ជាងអត្រា៥,២ ភាគរយនៅឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមានការចាំបាច់ដែលត្រូវកត់សម្គាល់ថាសកម្មភាពសេដ្ឋកិច្ចនៅឆ្នាំនេះ មានភាពយឺតយ៉ាវជាងការប៉ាន់ស្មានទុកកាលពីពេលមុន ដោយសាបញ្ហាប្រឈមផ្នែករចនាសម្ពន្ធ និងការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចនៅក្រៅប្រទេស»។
នៅក្រោយការចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថាផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលដែលពិបាកទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ បើទោះបីជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ពន្ធសាធារណៈកន្លងមកក្តី។
សេចក្តីប្រកាសដដែលបានលើកឡើងទៀតថា នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមានក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសកល សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកលោក លី សុដេត បានប្រាប់អ្នកយកព័ត៌មានថា កម្ពុជាត្រូវប្រកាន់ជំហរបើកចំហទទួលយកការវិនិយោគ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនានា។។
លោកថ្លែងថា៖ «ប្រទេសយើងប្រទេសតូច យើងត្រូវបើក សំខាន់យើងមិនត្រូវបិទទេ ប្រទេសយើង ប្រទេសយើងតូច។ កាលណាប្រទេសយើងតូច យើងបិទ យើងដូចថា យើងសម្លាប់ខ្លួនហើយ។ យើងបើក យើងទទួល បានន័យថា ដូចខ្ញុំនិយាយមិញអ៊ីចឹង។ បើសិនជាខាងកាត់ដេរនាំចេញ អត់សូវ នាំចេញអត់សូវបាន អ៊ីចឹង អ្នកវិនិយោគគាត់ដឹងហើយ កាត់ដេរអត់សូវបាន គាត់មកវិនិយោគរឿងអីផ្សេង។ គាត់វិនិយោគរឿងធ្វើ solar panel [ផ្ទាំងសូឡា] គាត់វិនិយោគរឿងធ្វើខាងសង្ហារិម វិនិយោគរឿងអីផ្សេង រឿងអេឡិកត្រូនិច ទាក់ទងគ្រឿងឡានគ្រឿងអី»។
លោកបន្ថែមថា៖«អ៊ីចឹង គឺយើង កាលណាយើងបើក យើង យើងធ្វើម៉េចឲ្យbusiness [ជំនួញ] ហ្នឹងវា គេមករកស៊ីនៅស្រុកយើង បានស្រួល ដូចយើងនិយាយអ៊ីចឹង doing business [ការធ្វើជំនួញ] អ៊ីចឹង ឲ្យbusiness ហ្នឹងចូលមក គេរកស៊ីបាន យើងជួយគេ ខាងរដ្ឋាភិបាលយើងជួយគេ ឲ្យគេទាក់ទងតាំងពីរឿង tax [ពន្ធ] តាំងរឿងច្បាប់តាំងរឿងទម្លាប់អី គេដើរស្រួល គឺគេមករកស៊ីហើយ»។
បើតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ឆ្ពោះទៅមុខកំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។
ចំពោះការនាំចេញទៅក្រៅប្រទេស របាយការណ៍ដដែលរបស់ធនាពិភពលោកបានបង្ហាញថា ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេចបានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ៥ភាគរយ ដែលញាំងឲ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។ ក្នុងវិស័យទេសចរណ៍ ទោះបីមានភ្ញៀវអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ក៏ប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកមួយរូបទៀតលោក Faya Hayati បានឲ្យដឹងនៅក្នុងបទបង្ហាញមួយថាកម្ពុជាត្រូវធ្វើការកែទម្រង់ក្នុងវិស័យអប់រំដល់ពលរដ្ឋ និង បណ្តុះ បណ្តាលជំនាញដល់កម្លាំងពលកម្មរបស់ខ្លួនផងដែរ ដើម្បីបង្កើនផលិតភាពការងារ និងការប្រកួតប្រជែងនៅក្នុងតំបន់។
លោកប្រាប់វីអូអេថា៖«អ្នកដឹងទេ ឥឡូវនេះ នៅកម្ពុជា ជាមធ្យម ថ្នាក់រៀនមួយបន្ទប់មានសិស្ស៤៤នាក់ ហើយនិងគ្រូម្នាក់ ដែលវាច្រើនជាងពីរដង ទៅនឹងអ្វីដែលមាននៅប្រទេសវៀតណាម។ ហើយម្នាក់ក្នុងចំណោមក្មេងៗកម្ពុជា៣នាក់ បានរៀនថ្នាក់ដដែលឡើងវិញ ដែលវាខ្ពស់ជាងប្រទេសថៃ និងវៀតណាម ៥ដង។ ដូច្នេះ ប្រព័ន្ធអប់រំ ចាំបាច់ត្រូវតែកែម្រួលតាំងពីកម្រិតមូលដ្ឋានមកវិញ ដោយចាប់ផ្តើមតាំងពីការអប់រំនៅមុនវ័យកុមារភាព ព្រោះអ្នកដឹងទេ ក្នុងចំណោមកុមារកម្ពុជា២នាក់ មានមិនសឹងមិនដល់ម្នាក់ផងដែលបានទទួលការអប់រំនៅមុនវ័យកុមារភាព ប៉ុន្តែកុមារនៅវៀតណាមសឹងតែ១០០ភាគរយដែលបានទទួលការអប់រំដូចជានៅមុនវ័យកុមារភាព។ ដូច្នេះបើអ្នកដឹងពីបញ្ហា នៃបង្កើតខ្សែសង្វាក់ផលិតកម្ម និងការបង្កើនមូលធនមនុស្ស វាត្រូវចាប់ផ្តើមតាំងពីមុនវ័យកុមារភាពរហូតទៅដល់កម្រិតវិទ្យាល័យ»។
បើតាមបទបង្ហាញរបស់លោក Faya Hayati ការចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យមានអត្រាទាប ដោយសារបញ្ហាជីវភាពដែលតម្រូវឲ្យកុមារជួយរកចំណូលផ្គត់ផ្គង់គ្រួសារ។ បទបង្ហាញបានឲ្យដឹងទៀតថា ក្នុងចំណោមកុមារកម្ពុជាដែលមានអាយុ១៥ឆ្នាំ មានកុមារតែ៣ភាគរយ ប៉ុណ្ណោះដែលមានសមត្ថភាពកម្រិតមូលដ្ឋានលើមុខវិជ្ជាគណិតវិទ្យា ហើយក្នុងចំណោមកុមារកម្ពុជាដែលមានអាយុ១៥ឆ្នាំ មានកុមារតែ២ភាគរយប៉ុណ្ណោះ ដែលមានសមត្ថភាពកម្រិតមូលដ្ឋានលើមុខវិជ្ជាអំណាន។ ជាងនេះទៅទៀត ក្នុងចំណោមកុមារកម្ពុជាដែលមានអាយុ១៥ឆ្នាំ មានកុមារតែ១ភាគរយប៉ុណ្ណោះ ដែលមានសមត្ថភាពកម្រិតមូលដ្ឋានលើមុខវិជ្ជាវិទ្យាសាស្ត្រ។
រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកហ៊ីង ថូរ៉ាស៊ី ដែលមានវត្តមានកំឡុងពេលនៃការចេញផ្សាយរបាយការណ៍ចុងក្រោយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាកាលពីព្រឹកថ្ងៃពុធនេះ បានចោទសួរលើការស្រាវជ្រាវរបស់ធនាគារពិភពលោក ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងស្ថានភាពអប់រំកុមារនៅកម្ពុជា។ លោកថាការវាយតម្លៃលើកម្រិតយល់ដឹង និងការសិក្សារបស់កុមារ និងសិស្សកម្ពុជា ហាក់ដូចជាប្រាសចាកពីស្ថានភាពជាក់ស្តែង។
លោកថ្លែងថា៖«ខ្មែរយើងទៅរៀននៅបរទេស កូនក្មេង គេថា គាត់ខ្សោយ ប៉ុន្តែម៉េចក៏គាត់បានពិន្ទុខ្ពស់ៗម្ល៉េះ GPA គាត់ខ្ពស់សឹង៤ចុច ច្រើន ហើយម៉េចក៏គេថា យើងខ្សោយ...ហើយយើងបានឈ្នះនៅខាង mathematic [គណិតវិទ្យា] in Olympia many times [នៅអូឡាំព្យាច្រើនដង]...I'm not sure about this reference [ខ្ញុំមិនច្បាស់អំពីឯកសារយោងនេះ»។
ដោយឡែក ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី លោកវង្សី វិស្សុត បានថ្លែងថានឹងមានការពិភាក្សាគ្នាទៅលើរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទាក់ទិនការប្រើប្រាស់តួលេខដើម្បីវិភាគ និងរៀបចំគោលនយោបាយដែលលោកយល់ថា មិនត្រឹមត្រូវ។
លោកបន្ថែមថា រដ្ឋាភិបាលអណត្តិថ្មីបានផ្តល់អាទិភាពលើការពង្រឹងវិស័យសាធារណៈដែលជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកែលម្អវិស័យផ្សេងទៀតស្របតាមយុទ្ធសាស្ត្របច្ចុកោណតំណាក់កាលទីមួយ។
លោកថ្លែងថា៖ «ចង់ determine [កំណត់ថា] next 20 years 30 years [នៅក្នុងរយៈពេល២០ ឆ្នាំ ឬ៣០ឆ្នាំខាងមុខ] យ៉ាងម៉េច គឺចាប់ផ្តើមពីការរៀបចំរដ្ឋាភិបាល រៀបចំវិស័យសាធារណៈ ហើយបានចេញទៅបញ្ហាធនធានមនុស្ស...ព្រោះកន្លែងចង់ឲ្យខ្លួនយើងពូកែ ទាល់វិស័យ education [អប់រំ] ហ្នឹងល្អ រដ្ឋបាលហ្នឹងល្អ សេវាសាធារណៈល្អ។ បើរដ្ឋបាលមិនល្អ ផ្តល់សេវាសាធារណៈមិនល្អ អត់មានគុណភាព វានៅតែអត់ប្រយោជន៍ដែរ។ រដ្ឋាភិបាលជាអ្នករៀបចំគោលនយោ បាយ ជាអ្នកអនុវត្តគោលនយោបាយ ជាអ្នកតាមដាន និងវាយតម្លៃគោលនយោបាយ។ បើយើងគ្មានរដ្ឋាភិបាល និងវិស័យសាធារណៈ ដែលខ្លាំង....វាទៅណាក៏អត់រួចនៅចំពោះមុខ បញ្ហាប្រឈមធំៗ ដែលមានលក្ខណៈមិនធ្លាប់មានពីមុនមក unprecedented [ដែលមិនធ្លាប់មានពីមុនមក] ដូចជា climate change ដូចជាបញ្ហា pandemic [ជំងឺរាតត្បាតសាកល] ដូចជាស្អីថ្មី យើងត្រូវការ strong public sector [វិស័យសាធារណៈដែលខ្លាំង]»។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកថ្លែងថារបាយការណ៍ខ្លួនមានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជា ជំរុញឲ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់ទាំងនោះ រួមមានដូចជា ការកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្មជាដើម៕