ធនាគារ​ពិភពលោក៖​ កម្ពុជា​គួរ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជំនាញ​​ និង​ផលិតភាព​ការងារ

ធនាគារពិភពលោក​ បង្ហាញរបាយការណ៍​ស្រាវ​ជ្រាវ​អំពី«បច្ចុប្បន្នភាព​​សេដ្ឋកិច្ច​កម្ពុជា» នៅ​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី១៧​ ខែ​ឧសភា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/ VOA)

«ថ្មីៗ​នេះ​ រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើង​ចុះ​មិន​ទៀងទាត់។​ ការ​នាំ​ចេញ​សម្លៀកបំពាក់​កាន់​តែ​ថ្លៃ។​ វិស័យ​ទេសចរណ៍​ឡើង​តម្លៃ​ដូចគ្នា។ ​វិស័យ​ផ្សេងៗ​ដែល​មិន​ពាក់​ព័ន្ធ​ធ្វើ​ពាណិជ្ជកម្ម​​ចាប់​ផ្តើម​ទាក់ទាញ​វិនិយោគិន​ជាង។​ អញ្ចឹង​ហើយ​បាន​អ្នក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នូវ​ភាគ​ហ៊ុន​វិនិយោគ​ក្នុង​វិស័យ​សំណង់។»​​​​

ធនាគារ​ពិភពលោក​ (World Bank) ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​បញ្ជាក់​ទៅ​រាជរដ្ឋាភិបាល ​និង​ដៃគូ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​ កម្ពុជា​គួរ​ពង្រឹង​បន្ថែម​នូវ​ការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​សាធារណៈ ស្រប​ពេល​ដែល​កំណើន​នៃ​ការ​នាំចេញ​សម្លៀកបំពាក់បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៦។

តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារ​ពិភព​លោក​សិក្សា​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា សម្រាប់​ឆមាស១​ ​ឆ្នាំ២០១៧​ ​ក្រោម​ប្រធាន​បទ​ «ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវាកម្ម​សាធារណៈ»​ ឲ្យ​ដឹង​ថា​ ​«ការ​វិនិយោគ​ដែល​ផ្តល់​ផលិតភាព​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ខណៈ​ដែល​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​ឧបសគ្គ និង​ជា​បញ្ហា​រាំង​ស្ទះ​ចម្បង​អស់​រយៈ​កាល​ជា​យូរ​មក​ហើយ​របស់​កម្ពុជា»។

​ថ្លែង​នៅ​ក្នុងពិធី​សម្ពោធ​របាយការណ៍​ស្តី​អំពី «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា»​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ Miguel Sanchez ​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ថ្លែង​ថា​ កន្លង​មកការ​នាំ​ចេញ​សម្លៀកបំពាក់​ ដែល​ជា​វិស័យ​អាទិភាពមួយរបស់​កម្ពុជា​ ​មាន​ការ​ថមថយ​ ដោយសារ​តែ​វិនិយោគិន​បរទេស​មើលឃើញ​ថា​ ការ​ប្រកួត​ប្រជែង​វិស័យ​នេះ​កាន់​តែ​មាន​លក្ខណៈ​ចង្អៀត។​ ហើយ​វិនិយោគិន​មួយ​ចំនួន​បាន​ជ្រើស​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ក្នុង​ការ​វិនិយោគ​ដោយ​សារ​តែ​ប្រាក់​ឈ្នួល​និង​ការ​នាំចេញ​ជា​ដើម។​

លោក​ Miguel Sanchez ថ្លែង​ថា៖​

«ថ្មីៗ​នេះ​ រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើង​ចុះ​មិន​ទៀងទាត់។​ ការ​នាំ​ចេញ​សម្លៀកបំពាក់​កាន់​តែ​ថ្លៃ។​ វិស័យ​ទេសចរណ៍​ឡើង​តម្លៃ​ដូចគ្នា។ ​វិស័យ​ផ្សេងៗ​ដែល​មិន​ពាក់​ព័ន្ធ​ធ្វើ​ពាណិជ្ជកម្មចាប់​ផ្តើម​ទាក់ទាញ​វិនិយោគិន​ជាង។​ អញ្ចឹង​ហើយ​បាន​អ្នក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នូវ​ភាគ​ហ៊ុន​វិនិយោគ​ក្នុង​វិស័យ​សំណង់។»

លោក​ Miguel Sanchez ​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភព​លោក បង្ហាញ​អំពី​របាយការណ៍​ស្រាវ​ជ្រាវ​អំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា» នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧​ ខែ​ឧសភា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/ VOA)

ក្រៅ​ពី​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​ដល់​ក្រុម​កម្មករក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ដល់​ ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ​ កត្តា​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​នាំចេញ​ថមថយ​ និង​មាន​ភាព​ប្រកួត​ប្រជែង​នោះ​គឺ​ការ​រង​ហានិភ័យមួយ​ចំនួន​ពី​សេដ្ឋកិច្ច​សាកល​ ដូចជា​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ ​ភាព​យឺតយ៉ាវ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អឺរ៉ុប ​និង​ការ​ឡើង​ថ្លៃ​នៃ​អត្រា​ការ​ប្រាក់​ និង​ប្រាក់​ដុល្លារ​អាមេរិក​ជា​ដើម។

លោក​ Miguelបន្ថែម​ថា​ ប្រសិន​បើ​កម្ពុជា​ចង់​ឲ្យ​វិស័យ​កាត់ដេរ​និង​វិស័យ​ផ្សេងៗ​ទៀតបន្ត​កំណើន​ជា​និរន្តរភាព​កម្ពុជា​គួរតែ​គិតគូរ​អំពីការ​បង្កើន​ផលិតភាព​ការងារ​ក្នុង​វិស័យ​ទាំង​នោះ។​

ស្រដៀង​គ្នា​នឹង​លោក​ Miguel​ ​លោក​ Stephen Higgins ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Mekong Strategic Partners​ បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក ឬ​ អ៊ីមែល ​ថាការ​បង្កើន​ផលិតភាព​ការងារ​គឺ​ជា​កត្តា​ចម្បង​បំផុត​ដែល​ត្រូវ​ជំរុញដើម្បី​ទប់​ស្កាត់ការ​បាត់បង់​ការងារ​នៅ​ពេល​ខាងមុខ។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា ៖

«ការ​លើក​កម្ពស់​ផលិតភាព​ការងារ​សំខាន់​ខ្លាំង​ណាស់ ក្រោយ​ការ​បង្កើន​ប្រាក់​មួយ​ចំនួន​ធំ​ដែល​យើង​អង្កេត​មើលថ្មីៗ​នេះ​នៅ​កម្ពុជា។ ​ពេល​ដែល​កម្ពុជា​ប្រឹងប្រែង​លើក​កម្ពស់​ជីវភាព​កម្មករ​ទាំង​នោះ​ គេ​ពិត​ជា​រងឥទ្ធិពល​អវិជ្ជមានក្នុងប្រកួតប្រជែង​ដែល​វា​អាច​បង្ក​ជា​ការ​ប្រថុយប្រថាន​ខ្ពស់​ទៅ​លើ​ស្ថិរភាព​ការងារ​របស់​កម្មករ»។​

តាម​របាយការណ៍​ស្តី​អំពី​ «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា»​ របស់​ធនាគារ​ពិភពលោក​ ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​កម្រិត​៦,៩%​ ​ថេរ​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨​ ក៏​ប៉ុន្តែ​វា​អាច​នឹង​ធ្លាក់​មក​ត្រឹម​៦,៧%​ ក្នុង​ឆ្នាំ​២០១៩។ ​

ចំណែក​ឯ​វិស័យ​ផ្សេង​ទៀត ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍​ មាន​ការ​ថមថយ​ដោយ​ដោយសារ​តែ​កង្វះភាព​សម្បូរ​បែប​ក្នុង​លើកស្ទួយវិស័យ​នេះ​ ក្រៅ​អំពី​សក្តានុពល​ខេត្ត​សៀមរាប ​និង​តំបន់​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ស្រាប់។​ ចំណែក​ឯ​សកម្មភាព​ក្នុងវិស័យ​សំណង់​ និង​វិស័យ​កសិកម្ម​មាន​សញ្ញាណ​វិជ្ជមាន តែ​នៅតែ​ត្រូវការ​ឲ្យ​មាន​ការ​ពង្រឹងផ្នែក​ផលិតភាព​ការងារ។​

លោក​ ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​(SNEC)​ បញ្ជាក់​ថា​ ប្រធានបទ​នៅ​ក្នុង​ការ​ជជែក​អំពី​របាយការណ៍​ថ្ងៃ​នេះជា​បញ្ហា​ «ដដែល»។​

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​រូប​នេះ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖​

«អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ គេ​ព្រួយ​បារម្ភ​ហ្នឹង​ យើង​ដឹង​ថា​គ្មាន​អ្វី​ប្លែក​ទេ​ យើង​ដឹង​យូរ​មក​ហើយ។ ធម្មតា​ទេ​ ដូច​សព្វ​ថ្ងៃ​ហ្នឹង​ (វិស័យ)​កាត់ដេរ​ហ្នឹង​អត់​ប្រែប្រួល​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ បើ​យើង​មិន​វិនិយោគ​លើ​ផលិតភាព​ការងារ​បន្ថែម​ទេ​ ផលិតភាព​ការងារ​មិន​ឡើង​ទេ»។​

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ (លឹម សុធី/VOA)

សេដ្ឋវិទូ​រូប​នេះ​បន្ត​ទៀត​ថា​ វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​កសិកម្ម​ជាដើម​ចាំបាច់​ការ​ឲ្យ​មានការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​ (Research and Development)​ ​ដែល​នៅ​កម្ពុជា​ ស្ថាប័ន​បែប​នេះ​នៅ​មិន​ទាន់​លូតលាស់​នៅ​ឡើយ។​

លោក​ ម៉ី កល្យាណ ពន្យល់​ថា៖

«ដូច​ខ្ញុំ​ថា​អញ្ចឹង​ បើ​យើង​អត់​ដាំ​ពី​ឥឡូវ​ទេ​ អត់​ផ្លែផ្កា​ទេ​ឆ្នាំ​ក្រោយ​ពីរ​បី​ឆ្នាំ​ទៀត​អត់​មាន​ហ្មង​ណា។ដល់​អញ្ចឹង​ទៅ​យើង​ត្រូវការ​ Research and Development។ កុំ​ឲ្យ​តែ​ស្រាវជ្រាវៗ (Research Research) ស្រម៉ៃៗ ហើយ​អត់​មាន Development។ ទាល់​តែ Research ភ្ជាប់នឹង​អ្វី​ដែល​ជា​ការ​ពិតជាក់ស្តែង»។ ​

ក្នុង​កិច្ច​ពិភាក្សា​រយៈ​ពេល​ជាង​២ម៉ោង​ ទៅ​លើ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ ដៃគូ​អភិវឌ្ឍ​ក្នុង​វិស័យ​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ទៅ​ធនាគារ​ពិភពលោក​ឲ្យ​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើបញ្ហា​ជាក់ស្តែង​ ដែល​បង្អាក់​ដំណើរ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

តួយ៉ាង​លោក​ គួច​ ម៉េងលី​ ជាវិនិយោគិន​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​អប់រំ បាន​ឲ្យ​យោបល់​ទៅ​ធនាគារ​ពិភពលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើការ​ពង្រឹង​ភាព​ជា​ដៃគូ​អភិវឌ្ឍ​រវាង​វិស័យ​ឯកជន​ និង​សាធារណៈ​ (Public-Private Partnership) ​ប្រសិន​បើ​ធនាគារ​ពិភពលោក ពិត​ជា​ឲ្យ​តម្លៃ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវផលិតភាព​ការងារ។​ លោក​បន្ថែម​ថា​ វិស័យ​ឯកជន​ក៏​ជា​តួអង្គ​សំខាន់​ ចូល​រួម​អភិវឌ្ឍ​ជំនាញ និង​ផលិតភាព​ការងារ​ ​ក៏ប៉ុន្តែ​សមត្ថភាព​ក្នុង​វិស័យ​ឯកជន​មួយ​នៅ​មាន​កម្រិត​ និងកំពុង​ត្រូវការ​ជំនួយ​ពី ដៃគូ​ម្ចាស់​ជំនួយ​ ជាពិសេស​វិនិយោគ​ក្នុង​វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​ជំនាញ​ និង​វិជ្ជាជីវៈ។​

លោក​ គួច​ ម៉េងលី​ ជាវេជ្ជបណ្ឌិត​ និងអ្នក​វិនិយោគក្នុង​វិស័យ​អប់រំ ថ្លែង​ផ្តល់យោបល់​ទៅកាន់​ ធនាគារ​ពិភពលោក ក្នុងកម្មវិធី​សម្ភោធ​របាយការណ៍​ស្រាវ​ជ្រាវ​អំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា» នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី១៧​ ខែ​ឧសភា ឆ្នាំ​២០១៧​។ (ខាន់ សុគុំមនោ/VOA)

​សហគ្រិន​មួយ​រូប​ផ្សេង​ទៀត​គឺ​ លោក​ លូ ម៉េង ប្រធាន​ប្រធាន​ក្រុម​ការងារ​នៃ​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​ ​ផ្នែក​ទេសចរណ៍​ ​បង្ហាញ​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវការ​ការ​ពិភាក្សា​អំពី​កង្វះ​ការ​អភិវឌ្ឍ​ជំនាញ​ក្នុង​ផ្នែក​ទេសចរណ៍ ​និង​បដិសណ្ឋារកិច្ច​ និង​កង្វះ​ព័ត៌មាន​អំពី​ទីផ្សារ​ ​ និង​ការ​អភិវឌ្ឍ​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ។​ លោក​បញ្ជាក់​ថា​ ទាំង​នេះ​គួរ​ជា​អនុសាសន៍​សំខាន់ក្នុង​ការ​កំណត់​ទិសដៅ​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ឆ្នាំ​២០១៧ ​នេះ​ដែរ​ ធនាគារ​ពិភពលោក​ផ្តល់​អនុសាសន៍​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី​ គឺ​មើល​ទៅ​លើ​ការ​បង្កើន​ផលិតភាព​ការងារជា​ថ្នូរ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល។​ ឯ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​វែង​ ធនាគារ​ពិភពលោក​ថា ​រាជរដ្ឋាភិបាល​គួរ​បន្ត​ដំឡើង​ប្រាក់​បៀវត្ស​ក្នុង​វិស័យ​សាធារណៈ​ដើម្បី​កែ​លម្អ​សេវា​សាធារណៈ​ និង​សម្របសម្រួល​ជាមួយ​ឯកជន​ និង​ជា​ចុង​ក្រោយ​លើក​កម្ពស់​ការ​គ្រប់គ្រង​វិនិយោគ​សាធារណៈ​ ពិសេស​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ៕​