របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាគ្មានបង្ហាញសញ្ញានៃការរើបឡើងវិញពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ទេ នៅពេលសង្គ្រាមស៊ីវីលជំរុញកម្មករច្រើនជាងមុនឱ្យទៅប្រទេសក្រៅ បង្កើនអតិផរណាដល់តួលេខបីខ្ទង់នៅក្នុងផ្នែកខ្លះរបស់ប្រទេសនិងទាញប្រទេសនេះឱ្យមានភាពក្រីក្រខ្លាំងជាងមុន។
របាយការណ៍មានចំណងជើងថា «ជីវភាពនៅក្រោមការគំរាមកំហែង» ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែមិថុនា នៅប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា កាលពីឆ្នាំទៅសេដ្ឋកិច្ចប្រទេសនេះមានផលិតផលសរុបតែ ១%។ គេរំពឹងថា ផលិតក្នុងស្រុកសរុបនេះនឹងមានកម្រិតដដែលនៅឆ្នាំក្រោយ។
ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ការលូតលាស់យឺតយ៉ាវនៅតែធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់មានសេដ្ឋកិច្ចលូតលាស់ មានសេដ្ឋកិច្ច ១០% តូចជាងមុនពេលកងយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចេញពីអំណាចកាលពីជាងបីឆ្នាំមុននេះ។
ក្រុមអ្នកតស៊ូមានជ័យជំនះច្រើននៅលើសមរភូមិប្រឆាំងនឹងក្រុមប្រឹក្សាយោធាតាំងពីចុងឆ្នាំទៅ ហើយគេមានជំនឿថា ក្រុមទាំងនេះគ្រប់គ្រងប្រទេសជាងពាក់កណ្តាល រួមមានទាំងផ្លូវពាណិជ្ជកម្មព្រំដែនសំខាន់ៗផងដែរ។
លោក Kim Edwards គឺជាសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក។ លោកបានថ្លែងនៅពេលចេញផ្សាយសេចក្តីរាយការណ៍នេះថា៖ «រឿងសរុបគឺថា សេដ្ឋកិច្ចនៅតែខ្សោយនិងផុយស្រួយ។ ការប្រកបធុរកិច្ចគ្រប់ទំហំនិងវិស័យទាំងអស់នៅតែពិបាក»។
ធនាគារពិភពលោកពោលថា អតិផរណាសរុបកើនឡើងប្រមាណ ៣០% ក្នុងពេលមួយឆ្នាំរហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២៣ ហើយអតិផរណាខ្ពស់ជាងនេះនៅ ក្នុងតំបន់មានការប្រយុទ្ធគ្នាខ្លាំង។
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិថា នៅពេលនេះអសន្តិសុខស្បៀងមានផលប៉ះពាល់ខ្លាំងលើប្រជារាស្ត្រមីយ៉ាន់ម៉ា ៥៥ លាននាក់ ជាពិសេសលើមនុស្សជាង ៣ លាននាក់ ខ្ចាត់ព្រាត់ពីលំនៅដ្ឋាន ដោយសារការប្រយុទ្ធគ្នា។
នៅក្នុងរបាយការណ៍នោះ ធនាគារពិភពលោកក៏បានប៉ានប្រមាណដែរថា ពលរដ្ឋមីយ៉ាន់ម៉ាជិតមួយភាគបីបច្ចុប្បន្ននេះកំពុងរស់នៅក្នុងភាពទីទាល់ក្រ។
លោក Edwards បានថ្លែងថា៖ «យើងឃើញភាពក្រីក្រធ្ងន់ធ្ងរ។ ដូច្នេះ នេះជាការវាស់វែងមួយនៃភាពទីទាល់ក្រ ដែលកាន់តែអាក្រក់ជាងមុនក្នុងឆ្នាំ ២០២៣ ផងដែរ ដែលនេះមានន័យថាមានភាពក្រីក្រចាក់ឬសជាងពេលណាៗទាំងអស់ក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅនេះ»។
លោកស្រី Htwe Htwe Thein ជាសាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យ Curtin នៃប្រទេសអូស្ត្រាលី ដែលបានសិក្សាអំពីការអភិវឌ្ឍន៍ធុរកិច្ចនិងសេដ្ឋកិច្ចនៃប្រទេសមីយ៉ាន់ម៉ាពីរទសវត្សរ៍មកហើយ។ លោកស្រីបាននិយាយថា លោកស្រីមិនអាចនឹកឃើញពេលអាក្រក់ណាមួយនៃសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដូចពេលនេះឡើយ។
លោកស្រីបានថ្លែងប្រាប់វីអូអេថា៖ «ស្ថានភាពសេដ្ឋកិច្ចមីយ៉ាន់ម៉ាមិនដែលទាបបែបនេះទេក្នុងន័យទស្សនៈវិស័យនិងក្នុងន័យនៃ...លំនាំការលូតលាស់»។
លោកស្រីថា៖ «មនុស្សដែលធូរធារ ជាក្រុមមនុស្សមួយភាគតូចដែលធ្វើការជាមួយក្រុមប្រឹក្សាយោធាតែប៉ុណ្ណោះ។ មនុស្សឯទៀតៗរងគ្រោះធ្ងន់ធ្ងរ»។
លោកស្រី Thein ថា នៅពេលមានអតិផរណាខ្លាំង ប្រាក់បៀវត្សរ៍ទាបនិងគ្មានការងារធ្វើ ក្រុមមនុស្សវ័យក្មេងអស់សង្ឃឹម ហើយស្វះស្វែងរកឱកាសទៅធ្វើការឬទៅសិក្សាឯប្រទេសក្រៅ។
លោកស្រីបានបន្ថែមថា កិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាយោធាដើម្បីលើកកម្ពស់សេដ្ឋកិច្ច គឺមិនបានប្រុងប្រៀបទុកជាមុននិងមិនបានគិតគូរឱ្យវែងឆ្ងាយទេ ហើយការកសាងសេដ្ឋកិច្ចជាថ្មីនឹងចំណាយពេលច្រើនឆ្នាំ និងអាចសម្រេចបាន លុះត្រាតែក្រុមប្រឹក្សាយោធាបាត់បង់អំណាច៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ