ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនយឺតក្នុងឆ្នាំ២០១៩

ទិដ្ឋភាព​នៃអាគារខ្ពស់ៗនារាជ្យធានីភ្នំពេញ​ ពីការិយាល័យក្រុមហ៊ុន​ Path Mazing​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

អ្នកវិភាគផ្តល់ការព្រមានថា សុខភាពសេដ្ឋកិច្ចកម្ពុជាអាចលែងមានភាពរឹងប៉ឹង បើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្វើឲ្យបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងយកទីផ្សារក្នុងតំបន់ខ្លួន។

​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា ​នឹង​នៅ​តែ​រឹងមាំ​នៅ​ឆ្នាំ​២០១៩ ​នៅ​ពេល​ដែល​ទី​ផ្សារ​ស្បែក​ជើង​ និង​សម្លៀកបំពាក់ក្រៅ​ប្រទេស​មាន​តម្រូវការ​ទាបជាង​ការ​រំពឹង​ទុក​ ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក​ ក៏​ត្រូវ​បាន​គេ​ប្រមើលមើល​ជា​មុន​ថា​ នឹង​ចុះថម​ថយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ធនាគារ​ពិភពលោក​ ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​សម្រាប់​ខែ​មេសា​ឆ្នាំ​២០១៩​ ក្រោម​ចំណង​ជើង​ថា៖​ «ការ​គ្រប់គ្រង​បញ្ហា​ប្រឈម»​ ឬ​Managing Headwinds

យោង​តាម​សេចក្តី​ប្រកាស​មួយរបស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ដែល​កំពុង​អភិវឌ្ឍ​ ត្រូវ​បាន​គន់​គូរ​ថា​ នឹង​ថមថយ​សន្ទុះ​ធ្លាក់​មក​នៅ​ត្រឹម​ ៦​ភាគរយ​ ក្នុង​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០២០​ ធៀប​ទៅ​នឹង​៦,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​ ដោយ​សារ​តែ​បញ្ហា​ប្រឈម​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​ប្រទះ​ និង​ការ​ដាក់​ចេញ​គោល​នយោបាយ​ដោយ​រដ្ឋាភិបាល​ចិន​ក្នុងការ​បន្ថយ​ល្បឿន​ជា​ជំហានៗ​នូវ​កំណើន​សេដ្ឋកិច្ច​កន្លង​មក។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​តាម​ន័យដើម​ថា៖​

​«នៅ​ប្រទេស​កម្ពុជាកំណើន​ ត្រូវ​បាន​គេ​គន់​គូរទុក​ថា​ នឹង​មាន​លក្ខណៈ​ស្វាហាប់​ តែ​ក្នុង​ជំហាន​មួយ​យឺត​ជាង​នៅ​ក្នុង​ឆ្នាំ​២០១៨​បន្តិច​ ដោយ​សារ​តែ​ទីផ្សារ​ក្រៅ​ប្រទេស​មាន​តម្រូវការ​ទាប​ជាង​ការ​រំពឹង​ទុក»។

លោក​ អេនឌ្រូ ម៉េសុន​ (Andrew Mason)​ នាយកស្តី​ទី​ផ្នែក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មានមួយ​តាម​វីដេអូពីចម្ងាយ​ឬហៅថា(video conference)​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ជា​មុន​ថា​ នឹង​ស្ថិត​ក្នុង​អត្រា​៧ភាគរយ​នៅ​ឆ្នាំ​២០១៩​ ដែល​ទាប​ជាង​អត្រា​៧,៥​ភាគយ​ ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ក្នុង​ឆ្នាំ​២០១៨។​

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ធនាគារពិភពលោកបានធ្វើសន្និសីទព័ត៌មានតាមប្រព័ន្ធ video conference ក្នុងទីក្រុងភ្នំពេញ អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ (ហ៊ុល រស្មី/VOA Khmer)

សេដ្ឋវិទូ​រូប​នេះ​ បញ្ជាក់​ថា​ ការ​ចុះ​ថមថយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្តិចបន្តួច​ក្នុង​ឆ្នាំ​២០១៩​នេះ​ គឺ​ភាគ​ច្រើន​បណ្តាល​មក​ពី​តម្រូវការ​ពិភពលោក​សម្រាប់​ទំនិញ​វាយនភណ្ឌ​ផលិត​ដោយ​ប្រទេស​កម្ពុជា​បាន​ថយចុះ។

លោក​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖

​«ការណ៍នេះ​គឺ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើត​ឡើង​ភាគច្រើនដោយសារ​តែ​ការ​ចុះ​ខ្សោយ​នៃ​តម្រូវការ​សាកល​សម្រាប់​ផលិតផល​ស្បែក​ជើង​ សម្លៀក​បំពាក់​ និង​របស់​ប្រើ​ប្រាស់​ ដែល​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុងការ​ផលិត​ និង​ការ​នាំ​ចេញ»។​

លោក​ អេនឌ្រូ ម៉េសុន​ លើក​ឡើង​ទៀត​ថា​ មិន​ទាន់​មាន​សញ្ញា​បញ្ជាក់​ពី​ហានិភ័យ​នៃ​រចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ជា​ផ្នែក​នៃ​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ តែ​សម្រាប់​អនាគត​ កិច្ចការ​សំខាន់​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើ​នោះ​ គឺ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួតប្រជែង​នៅ​លើ​ទី​ផ្សារ​ពិភពលោក។ លោក​ថា​ ការណ៍​នេះ​ អាច​សម្រេច​ទៅ​បាន​ ប្រសិន​បើ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​លើ​ការ​កាត់​ថ្លៃ​ចំណាយ​ ដើម្បី​ធ្វើ​ជំនួញ​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បរិយាកាស​ធ្វើ​ជំនួញ​ ហើយ​ពិសេស​ជាង​នេះ​នោះ​ គឺ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​មូលធន​មនុស្ស​ និង​ជំនាញ​កម្លាំង​ពលកម្ម។​

សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​ចិន​ ការ​បន្ថយ​ល្បឿន​កំណើន​សេដ្ឋកិច្ច​តាម​ការ​កំណត់​របស់​គោល​នយោបាយ​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​កំណើន​ធ្លាក់​ចុះ​ មក​នៅ​ត្រឹម​ ៦,២​ភាគរយ​ ក្នុង​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០២០​ ប្រៀប​ទៅ​នឹង​អត្រា​៦,៦​ភាគរយ​ ក្នុង​ឆ្នាំ​២០១៨។

កំណើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ទុក​ថា​ នឹង​គ្មាន​ការ​ប្រែប្រួល​ទេ​ក្នុង​ឆ្នាំ​២០១៩​ ប៉ុន្តែ​អត្រា​កំណើន​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថមថយ​ចុះ​បន្តិច​វិញ​ក្នុង​ឆ្នាំ​នេះ។

ធនាគារ​ពិភពលោក​បាន​បន្ត​បញ្ជាក់​ទៀត​ថា​ នៅ​ប្រទេស​ហ្វ៊ីលីពីន ភាព​យឺតយ៉ាវ​ក្នុង​ការ​អនុម័ត​ថវិកា​ជាតិ​ សម្រាប់​ឆ្នាំ២០១៩​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជះឥទ្ធិពល​ទៅ​លើ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស) ក្នុង​ឆ្នាំ​នេះ​ ប៉ុន្តែ​កំណើន​ត្រូវ​បាន​រំពឹង​ថា ​នឹង​ងើប​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២០។​ ចំណែក​គោល​នយោបាយ​ពង្រីក​ផ្នែក​សារពើ​ពន្ធ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ថែម​ទៀត​ ក្នុង​រយៈពេល​ខ្លី​ជាមួយ​គ្នា​នោះ​ដែរ​ ហើយ​កំណែទម្រង់​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួយ​ឲ្យ​មាន​កំណើន​ក្នុង​រយៈ​ពេល​មធ្យម។

ធនាគារ​ពិភពលោក​មិន​បាន​ផ្តល់​ការ​អធិប្បាយ​ណាមួយ​ទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ និង​ភាព​រកាំរកូស​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ និង​សហភាព​អឺរ៉ុប​ ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​ ​ដែល​ជាទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កាត់ដេរ​កម្ពុជា។

ក៏​ប៉ុន្តែ​លោក ​ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ អាច​នឹង​លែង​បន្ត​មាន​សុខភាព​ល្អប្រសើរ​ ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ខកខាន​មិន​អាច​រក្សា​បាន​ប៉ូល​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ពីរ​ ពោល​គឺ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ដែល​ទន្ទឹង​ចាំ​មើល​កម្ពុជា​ ងាក​ក្រោយ​មក​ស្តារ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ឡើង​វិញ។

លោក​មាន​ប្រសាសន៍​ថា៖​

​«ប្រសិន​បើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អឺរ៉ុប​ស្នើ​ឡើង​ឲ្យ​គណបក្ស​កាន់​អំណាច​ ឲ្យ​រដ្ឋាភិបាល​ធ្វើ​តាម​ ​មិន​ត្រូវ​បាន​ឆ្លើយតប​ទេ​ ខ្ញុំ​គិត​ថា​ ស្ថានភាព​គេ​ហៅ​ថា​ ភាព​ស្វាហាប់​ហ្នឹង​កាន់​តែ​ លែង​ស្វាហាប់​ហើយ​ បាន​ន័យ​ថា​ ស្ថានភាព​អំណោយផល​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ ប៉ូល មុម ​សេដ្ឋកិច្ច​ហ្នឹង​គឺ​អាច​ថមថយ​ សក្តានុពល​ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ ​អន្តរជាតិ​ហ្នឹង​មក​ តាំង​ទី​រកស៊ី​នៅ​កម្ពុជា​ ហ្នឹង​ហើយ​ អាហ្នឹង​ជា​បញ្ហា​ប្រឈម។​ ហើយ​បើ​សហរដ្ឋ​អាមេរិក​ លើក​អា​បញ្ហា​ប្រឈម​មួយ​ចំនួនទៀត​ដូច​ជា ច្បាប់​ពាក់​ព័ន្ធ​ HR 526​នេះ​ឡើ់ង​ ឬ​ក៏​ការ​ដាក់​គំរាម​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឥស្សរជន​នយោបាយមួយ​ចំនួន​អី​ អាហ្នឹង​ ក៏​ជា​យន្តការ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​គេ​ហៅ​ថា​ ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា​ ទៅ​ថ្ងៃ​អនាគត​ដែរ​បាទ»។

អ្នក​វិភាគ​រូប​នេះ​ អះ​អាងថា​ កម្ពុជា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​នៅ​ឡើយ​ទេ​ ដើម្បី​ប្រកួតប្រជែង​យក​ទីផ្សារ​ក្នុង​តំបន់​ដើម្បី​លក់​ផលិតផល​វាយនភណ្ឌ​របស់​ខ្លួន​ ដូច្នេះ​លោក​ថា ការ​បាត់បង់​កិច្ច​អនុគ្រោះ​ពន្ធ​ពី​សំណាក់​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួម​មាន​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ អាច​នឹង​បង្ក​ការ​លំបាក​ខ្លាំង​ដល់​កម្ពុជា​ ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។

នៅ​មុន​ការ​ឲ្យ​ដឹង​របស់​ធនាគារ​ពិភពលោក​ អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​បន្ត​មាន​ភាព​ស្វាហាប់​នៅ​ឡើយ​នោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​បាន​ឲ្យ​ដឹង​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ស្រដៀង​គ្នា​នេះ​ ដោយ​ធនាគារ​ ADBបាន​បញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ស្ថិត​នៅ​ត្រឹម​អត្រា​ប្រមាណ​ ៧​ភាគរយ​ ហើយ​៦,៨​ភាគរយ​ នៅ​ឆ្នាំ​២០២០។

ការ​បញ្ជាក់​របស់​ធនាគារ​ ADB ​កើត​មាន​ឡើង​ កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​២០១៩។​ ធនាគារ​នេះ​ បាន​បញ្ជាក់​ថា​ហេតុ​ផល​ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ចុះ​ខ្សោយ​បន្តិច​នោះ​ គឺ​មក​ពី​ភាព​យឺតយ៉ាវ​នៃ​កំណើន​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​ចិន​ ក៏​ដូច​ជា​ ទី​កន្លែង​សំខាន់ៗ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា៕​