(VOA News) ធនាគារពិភពលោកព្យាករពីការរីកលូតលាស់សេដ្ឋកិច្ចយឺតយ៉ាវសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។
របាយការណ៍មួយដែលបានចេញផ្សាយដោយធនាគារពិភពលោកកាលពីថ្ងៃអង្គារបានប្រាប់ឲ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចរបស់ចិន ត្រូវគេរំពឹងថានឹងរីកលូតលាស់៨,៥ភាគរយនៅក្នុងឆ្នាំ២០២១នេះផ្នែកផ្សេងៗទៀតនៅក្នុងតំបន់ នឹងរីកលូតលាស់ត្រឹមតែ២,៥ភាគរយតែប៉ុណ្ណោះ ដែលធ្លាក់ចុះចំនួន៤,៤ភាគរយពីការព្យាករណ៍កាលពីខែមេសាកន្លងទៅ។
លោក Manuela Ferro អនុប្រធានទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ី ហ្វិករបស់ធនាគារពិភពលោក និយាយថា ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់តំបន់នោះចេញពីការរាតត្បាតនៃជំងឺកូវីដ១៩ «បានប្រឈមនឹងការដើរបញ្ច្រាស»។
របាយការណ៍នោះ បានប្រាប់ឲ្យដឹងទៀតថា ជំងឺកូវីដ១៩ ទំនងនឹងធ្វើឲ្យប៉ះពាល់ដល់ការរីកលូតលាស់និងបង្កើនអសមភាពនៅទូទាំងតំបន់។
ធនាគារពិភពលោកកំពុងជំរុញឲ្យរដ្ឋាភិបាលនានាបង្កើនការធ្វើតេស្តនិងតានដានដើម្បីរាំងខ្ទប់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា បង្កើនការផលិតកម្មវ៉ាក់សាំងនៅក្នុងតំបន់ហើយនឹងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីតាំងនៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីននោះបានចេញផ្សាយនូវរបាយការណ៍ដាច់ដោយឡែកមួយកាលពីសប្តាហ៍មុនដោយបានព្យាករណ៍ថា ការរីកលូតលាស់សេដ្ឋកិច្ចនៅក្នុងតំបន់នោះ ទំនងនឹងរីកលូត លាស់យឺតជាងការរំពឹងទុកសម្រាប់ឆ្នាំ២០២១នេះបណ្តាលមកពីការផ្ទុះឡើងនូវជំងឺកូវីដ១៩និងការយឺតយ៉ាវនៃការខំប្រឹងប្រែងចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ៕