វោហារសាស្ត្ររបស់លោក Donald Trump ដែលជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នៅក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកកន្លងមក បានធ្វើឲ្យសាធារណជនទូទៅមានការស្រពិចស្រពិលអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលលោកនឹងអនុវត្ត។
នៅក្នុងយុទ្ធនាការរកការគាំទ្រនៅក្នុងការបោះឆ្នោតកន្លងមក លោក Trump មិនបានបញ្ជាក់ឲ្យបានច្បាស់អំពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមជាដើម។
ចំពោះបញ្ហាផ្សេងៗទៀត គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនប្ដូរគោលជំហររបស់លោកចំពោះការបដិសេធកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ការចរចាឡើងវិញនូវកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ និងការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ នោះទេ ដែលចំណុចទាំងអស់នេះត្រូវបានរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផ្ដោតលើខ្លាំងបំផុត។
កិច្ចព្រមព្រៀង TPP នៅតែមានសារៈសំខាន់ ទោះបីជាមានការរាយការណ៍ថា សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានលះបង់ចោលនូវការប្រឹងប្រែងឲ្យមានការអនុម័តលើកិច្ចព្រមព្រៀងនេះពីសភាសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry ដែលថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសនូវែលហ្សេឡង់ នៅថ្ងៃអាទិត្យនេះ។
នាពេលថ្មីៗនេះ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង (Kremlin) ដែលជាវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា គោលនយោបាយការបរទេសរបស់លោក Donald Turmp ដែលជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺមានលក្ខណៈស្រដៀងទៅនឹងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែរ៕