ការសិក្សាស្រាវជ្រាវចុងក្រោយបំផុតមួយ បានបង្ហាញថា កម្មករធ្វើការស្ទើរគ្រប់វិស័យ បានឃើញការធ្លាក់ចុះប្រាក់ឈ្នួលប្រចាំខែយ៉ាងហោចណាស់៣០ភាគរយ ក្នុងចន្លោះបួនខែដើមឆ្នាំ២០២០នេះ ក្នុងគ្រាមានវិបត្តិនៃជំងឺកូវីដ១៩។
ការសិក្សាស្រាវជ្រាវដែលមានចំណងជើងថា «ផលប៉ះពាល់នៃកូវីដ១៩ទៅលើកម្មកររំពឹងប្រាក់ឈ្នួល» ដែលរៀបរៀងរួមគ្នាដោយ អង្គការវេទិកាអនាគត និងក្រុមហ៊ុនអង្គរស្រាវជ្រាវនិងផ្តល់ប្រឹក្សា បានពិនិត្យទៅលើការបាត់បង់ចំណូលរបស់កម្មករក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងវិស័យផ្សេងទៀត ដូចជាសេវាកម្មកម្សាន្តជាដើម។
លទ្ធផលនៃការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះ បានបង្ហាញថាប្រាក់ខែកម្មករបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងចន្លោះខែមករា ដល់ខែមេសា ឆ្នាំ២០២០។ ការស្ទង់មតិបានធ្វើទៅលើកម្មករចំនួន១៦៧៥នាក់នៅ៥រាជធានីខេត្ត។
ការស្រាវជ្រាវបានឲ្យដឹងបន្ថែមថា ប្រាក់ឈ្នួលជាមធ្យមរបស់កម្មករទូទៅក្នុងខែមករាឆ្នាំ២០២០ គឺមានប្រមាណ២៣៧,៤ដុល្លារអាមេរិក តែវាបានថយចុះ៣០ភាគរយ មកនៅត្រឹមជាមធ្យម ១៦៧,២ដុល្លារអាមេរិក ក្នុងខែមេសា។ ការថយចុះប្រាក់ឈ្នួល និងបាត់បង់ប្រាក់ឈ្នួលជាមធ្យមនេះ គឺប្រែប្រួលទៅតាមស្ថានភាពនៃដំណើរការអាជីវកម្មនៃកន្លែងកម្មករបម្រើការងារ ទីតាំងភូមិសាស្ត្រ និងកម្រិតអប់រំរបស់កម្មករ។
ការស្រាវជ្រាវដដែលក៏បានកត់ត្រានូវទំហំបាត់បង់ប្រាក់ចំណូលរបស់កម្មករដែលមានចំនួនច្រើនក្នុងវិស័យសេវាកម្សាន្ត សេវាកម្មសំណង់ និងកសិកម្មផងដែរ។ របាយការណ៍សង្ខេបនៃលទ្ធផលស្រាវជ្រាវនេះបានសរសេរថា៖
«កម្រិតនៃការបាត់បង់ប្រាក់ចំណូលដ៏ច្រើនត្រូវបានកំណត់តាមមុខរបរជាច្រើន ដូចជា វិស័យសេវាកម្សាន្ត និងអ្នកផ្តល់សេវាផ្លូវភេទ បានឃើញចំណូលថយចុះ ៨៤,៥ភាគរយកម្មករផ្នែកបដិសណ្ឋារកិច្ច និងសេវាកម្ម ថយចុះចំណូល៥៦,៤ភាគរយ កម្មករសំណង់ថយចុះចំណូល៣៦,៨ ភាគរយ និងកម្មកររោងចក្រថយចុះចំណូល២៩,៨ភាគរយ និងកសិករស៊ីឈ្នួលថយចុះចំណូល២៥ភាគរយ»។
លោក Michael Renfrew ប្រធានកម្មវិធីនៃអង្គការវេទិកាអនាគត បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិកមួយនាថ្ងៃអង្គារនេះថាសម្រាប់កម្មករនៅក្នុងវិស័យកាត់ដេរប្រាក់ចំណូលនឹងនៅតែបន្តធ្លាក់ចុះពេញមួយឆ្នាំ២០២០នេះ។
លោកបានអធិប្បាយថា៖ «ស្របទៅតាមការរកឃើញរបស់យើងនៅជុំដំបូងនៃការស្ទប់មតិ និងការប្រមូលទិន្នន័យ ហើយគួបផ្សំនឹងផលប៉ះពាល់នៃការព្យួរប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA មួយផ្នែកដែលចូលជាធរមានកាលពីខែសីហានោះយើងរំពឹងថា នឹងឃើញការបន្តធ្លាក់ចុះប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរនេះពេញមួយឆ្នាំ២០២០»។
លោក Michael Renfrew បានលើកទឹកចិត្តឲ្យមានការបន្តការគាំទ្ររបស់រដ្ឋាភិបាលទៅដល់កម្មករ ដែលត្រូវបានព្យួរការងារតាមរយៈការប៉ះប៉ូវនូវប្រាក់ឈ្នួលដែលបានបាត់បង់ក្នុងរយៈពេលនេះ។ ជាមួយគ្នានេះដែរ លោក Michael ផ្តល់ការកត់សម្គាល់ថាវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ឧស្សាហកម្ម ក្នុងការកំណត់ទីផ្សារនាំចេញសំខាន់ថ្មីៗសម្រាប់ផលិតផល ដោយផ្អែកទៅលើការព្យួរដោយអន្លើនៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA និងវិបត្តិនៃខែ្សសង្វាក់ផលិតកម្ម ដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ស្របនឹងការរកឃើញការធ្លាក់ចុះនៃប្រាក់ចំណូលរបស់កម្មករជាទូទៅនៅស្ទើរគ្រប់វិស័យ ដោយសារវិបត្តិនៃជំងឺកូវីដ១៩នេះ និងបានស្នើឲ្យរដ្ឋាភិបាលត្រៀមផែនការជាក់លាក់ពាក់ព័ន្ធកំណែទម្រង់ច្បាប់ និងថ្លៃផលិតក្នុងប្រទេសដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម នៅក្រោយពេលវិបត្តិជំងឺកូវីដ១៩នេះត្រូវបានដោះស្រាយរួចរាល់។
«ព្រោះពេលបច្ចុប្បន្ន នៅពេលដែលកូវីដហ្នឹង វាធំពេកអាបញ្ហាEBA វាមើល វាមិនសូវឃើញទេ។ ប៉ុន្តែពេលដែលកូវីដហ្នឹងបានបញ្ចប់ អាបញ្ហាEBA វាជាឧបសគ្គហើយ ព្រោះឥឡូវនេះ បើតាមផែនការរបស់រដ្ឋាភិបាល កំពុងតែបញ្ចៀសឲ្យក្រុមហ៊ុនហ្នឹងផលិតនូវសម្ភារៈមួយចំនួនដែលមិនមែនជាមុខទំនិញជាប់ពន្ធ ដែលសហគមន៍ហាម ហើយមួយទៀត បង្កើននូវការផលិត នូវឱកាសផ្សេងទៀតដូចជាការផលិតជាសម្ភារៈកាបូបយួរដៃទៅអាមេរិកជាដើម នេះគឺជាសុទ្ធតែជាបញ្ហា។ តែបើក្រុមហ៊ុនមិនអាចបញ្ចៀសបាន ហើយអ្នកបញ្ជាទិញគេមិនអាចប្តូរស្នើបាន បានន័យថាយើងនៅតែប្រឈមហ្នឹងហើយ»។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនផ្តល់ការអត្ថាធិប្បាយលម្អិតទៅលើការថយចុះប្រាក់ចំណូលរបស់កម្មករទេប៉ុន្តែលោកថា អ្វីដែលអ្នកសិក្សាស្រាវជ្រាវបានរកឃើញនោះ ជា«បរិបទរួមដែលបណ្តាលមកពីជំងឺកូវីដ១៩»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកមិនអធិប្បាយលើតួលេខភាគរយនៃការថយចុះចំណូលរបស់កម្មករទេ។ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកម្ពុជា មានផែនការច្បាស់លាស់ឆ្លើយតបទៅនឹងស្ថានភាពលំបាករបស់កម្មករក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។
ពាក់ព័ន្ធទៅនឹងការបាត់បង់មួយចំណែកនៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBAលោកសុខ ឥសាន មានប្រសាសន៍ថារដ្ឋាភិបាលបានត្រៀមឆ្លើយតបរាល់វិបត្តិដែលអាចកើតចេញពីការព្យួរឋានៈអនុគ្រោះពន្ធមួយចំណែកនេះ។
«រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងអ្វីដែលគេហៅថា ជាវិបត្តិ បង្កើតឡើងដោយដក EBA ២០ភាគរយ។ អាហ្នឹង ខ្ញុំយល់អ៊ីចឹង វាអត់មានបញ្ហាអីប៉ះពាល់ទៅដល់កម្មករទេ។ ហើយបើសិនណា យើងវាមានវិបត្តិមែនអាហ្នឹង រាជរដ្ឋាភិបាលលោកមានទឹកប្រាក់ សាច់ប្រាក់ដើម្បីនឹងឧបត្ថម្ភគាំទ្រតទៅទៀត»។
យ៉ាងណាក៏ដោយ លទ្ធផលស្រាវជ្រាវរួមគ្នារបស់ ក្រុមហ៊ុនអង្គរស្រាវជ្រាវនិងផ្តល់ប្រឹក្សា និងអង្គការវេទិកាអនាគត បានរំឭកអ្នកតាក់តែងគោលនយោបាយថាកម្មករម្នាក់ក្នុងចំណោមកម្មករបួននាក់បានរាយការណ៍ថា មិនបានទទួលបានប្រាក់ខែទាល់តែសោះនៅខែមេសា ដោយកើនពីកម្មករម្នាក់ក្នុងចំណោមកម្មករ២៥នាក់នៅខែមករា។
ជាងនេះទៅទៀត លទ្ធផលបានឲ្យដឹងថាកម្មករដែលមិនមានកិច្ចសន្យាការងារផ្លូវការ បានប្រាក់ឈ្នួលទាបជាង កម្មករដែលមានកិច្ចសន្យាផ្លូវការ មុនពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយគន្លាតប្រាក់ឈ្នួលនេះកាន់តែរីកធំខ្លាំងនៅចន្លោះខែមករា និងខែមេសា។ ស្រដៀងគ្នានេះ ដែរ កម្មករមានការអប់រំទាបទទួលការកាត់ប្រាក់ខែច្រើនជាងអ្នកមានការអប់រំខ្ពស់ទៀតផង។
សម្រាប់វិស័យកសិកម្ម កម្មករអះអាងថា ពួកគេឃើញការកាត់ប្រាក់ចំណូល២៥ភាគរយ ដែលតិចជាងការបាត់បង់ចំណូល៨៥ភាគរយរបស់កម្មករសេវាកម្សាន្ត និងអ្នកផ្តល់សេវាកម្មផ្លូវភេទ៕