ក្រុមសហជីព និងកម្មករនិយោជិតដែលបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរស្នើឱ្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជួយពង្រឹងការតាមដាន និងជំរុញឱ្យមន្ទីរពេទ្យដែលជាដៃគូយកចិត្តទុកដាក់ និងផ្តល់សេវាកាន់តែមានប្រសិទ្ធភាពជាងមុនសម្រាប់កម្មករនិយោជិតទាំងអស់ដោយគ្មានការរើសអើង។
ការស្នើសុំរបស់ក្រុមសហជីព និងកម្មករនិយោជិតបែបនេះធ្វើឡើង ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃរំឭកឡើងវិញនូវការតស៊ូរបស់កម្មករនិយោជិតក្នុងការទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដែលកាន់តែប្រសើរឡើង ក៏ដូចជាជំរុញឱ្យមានការឆ្លើយតបពេញលេញពីពេទ្យដៃគូរបស់ប.ស.សមកកាន់កម្មករកម្មការិនីរោងចក្រ។
លោក ម៉េត សម្ជស្ស អាយុ៤០ឆ្នាំ កម្មករបម្រើការងារក្នុងរោងចក្រ JW ប្រាប់វីអូអេថា លោកធ្លាប់បានប្រើប្រាស់បណ្ណប.ស.ស កន្លងទៅ ប៉ុន្តែនៅតាមមន្ទីរពេទ្យខ្លះដែលជាដៃគូរបស់ប.ស.ស ហាក់មិនសូវយកចិត្តទុកដាក់ប៉ុន្មានឡើយមកលើអ្នកជំងឺដែលកាន់បណ្ណនោះ។
លោកថ្លែងថា៖ «វាជួបផលប៉ះពាល់ វាលំបាកណាស់បងដោយសារតែយើងធ្វើការរោងចក្រ ហើយយើងប្រើបណ្ណហ្នឹងហើយពេទ្យមិនយកចិត្តទុកដាក់ទៀតវាជួបនឹងបញ្ហាច្រើន អ៊ីចឹងយើងមានតែសម្រេចចិត្តមករកពេទ្យឯកជនដោយចំណាយលុយភ្លាមៗ»។
កម្មកររូបនេះ ក៏បានស្នើបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក៏ដូចជារដ្ឋាភិបាល ឱ្យជំរុញមនី្ទរពេទ្យដែលជាដៃគូពង្រឹង និងយកចិត្តទុកដាក់បន្ថែមនៅពេលដែលអ្នកជំងឺស្វះស្វែងរកសេវាសុខាភិបាល។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ជារឿយៗ អ្នកស្រីបានទទួលដំណឹងពីកម្មករនិយោជិត ដែលត្អូញត្អែរពីផលវិបាកនៅពេលដែលពួកគេទៅទទួលការព្យាបាលដោយប្រើបណ្ណ ប.ស.ស ។
អ្នកស្រីបន្ថែមថា ពួកគេលើកឡើងថាការព្យាបាលហាក់ដូចជាមានការរើសអើងរវាងអ្នកបង់លុយ និងមិនបង់លុយ ហើយជាពិសេសត្រូវរង់ចាំរយៈពេលយូរដើម្បីទទួលបានការព្យាបាលពីគ្រូពេទ្យ។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលគាត់ប្រើប្រាស់បណ្ណប.ស.ស យើងឃើញថាហាក់ដូចជាពេល ឧទាហរណ៍ដូចជាចាប់លេខ ចាប់អីវាយូរ វាលក្ខណៈយូរ។ យូរហើយបន្ទាប់មកនៅពេលដែលគាត់មានបញ្ហាដោយប្រការណាមួយអ៊ីចឹងទៅ ប្រាប់គាត់ថាមិនមានបន្ទប់ស្នាក់នៅ អានេះត្រូវបង់លុយ ត្រូវអីអ៊ីចឹង ហើយបន្ទាប់មក ចង់និយាយថាបើចង់ប្រៀបធៀបកន្លែងហ្នឹងថានៅពេលដែលអ្នកប្រើប្រាស់លុយគឺមានភាពងាយស្រួលជាងអ្នកដែលកាន់បណ្ណប.ស.សនៅក្នុងការប្រើប្រាស់»។
បើតាមអ្នកស្រីយ៉ាង សោភ័ណ្ឌ បញ្ហាមួយទៀតដែលកម្មករតែងតែជួបប្រទះនោះគឺគ្រូពេទ្យមួយចំនួនហាក់ដូចជាមិនយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ដូចជាការឱ្យថ្នាំជាដើម។ អ្នកស្រីថា ថ្នាំដែលទទួលបានពីគ្រូពេទ្យជាធម្មតា មានលក្ខណៈដូចគ្នាទោះបីជាជំងឺខុសគ្នាក៏ដោយ។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករលោក មឿន តុលា ប្រាប់វីអូអេថា កម្មករនិយោជិតភាគច្រើនរអ៊ូរទាំថា អ្នកជំងឺដែលកាន់បណ្ណប.ស.សតែងត្រូវបានទុករង់ចាំយូរ ដែលបានធ្វើឱ្យស្ថានភាពជំងឺពួកគេកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត។
លោកថ្លែងថា៖ «អ៊ីចឹងកាលបើយើងវិភាគឱ្យបានដិតដល់គឺមានផលប៉ះពាល់ទាំងសុខភាពរយៈពេលវែង វាមានទាំងផលប៉ះពាល់ផ្នែកសា្មរតីផងសុខភាពផ្លូវចិត្តផង ព្រោះមនុស្សមើលឃើញអារម្មណ៍ថាហេតុតែខ្លួនឯងកាន់ប.ស.ស គេអត់សូវយកចិត្តទុកដាក់ បើសិនអ្នកដែលមានលុយគេយកចិត្តទុកដាក់ជាងវាប៉ះពាល់អារម្មណ៍។ ទី៣គឺវាពាក់ព័ន្ធរឿងសេដ្ឋកិច្ចរបស់គាត់ដែរ រឿងចំណូលប្រសិនបើគាត់ងាកឈប់ៗ ងាកឈឺៗ វាអាចទៅដល់បាត់បង់ចំណូល ហើយវាក៏អាចឈានទៅដល់គេបញ្ឈប់ពីការងារផងដែរ»។
ក្រុមមេដឹកនាំសហជីព ក៏រំពឹងថាថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គមធ្វើការជួបជជែក ពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើយ៉ាងណាកែលម្អ រកដំណោះស្រាយសមស្របដើម្បីកុំឱ្យបញ្ហាទាំងអស់នេះនៅតែបន្តកើតមានទៀត។ ពួកគេទាំងនោះក៏ស្នើឱ្យមានការដាក់ប្រអប់សំបុត្រ ដើម្បីទទួលបានមតិយោបល់ផ្សេងៗពីសមាជិកដែលប្រើប្រាស់បណ្ណប.ស.ស ហើយយកមតិយោបល់ទាំងនោះយកទៅពិចារណាដើម្បីឱ្យមានការកែលម្អប្រព័ន្ធសន្តិសុខសង្គមនេះកាន់តែប្រសើរឡើង។
អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម លោកហេង សុផាន់ណារិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សេវាសុខាភិបាលត្រូវបានផ្តល់ជូនប្រកបដោយយុត្តិធម៌ និងតម្លាភាពដោយមិនមានការរើសអើងថានរណាប្រើប្រាស់បណ្ណប.ស.ស ឬមិនប្រើនោះទេ។ លោកបន្ថែមថា ការព្យាបាលគឺធ្វើទៅតាមលំដាប់ និងលេខរៀង អ្នកដែលមកមុន ទទួលបានការព្យាបាលមុន លើកលែងតែអ្នកមានជំងឺសង្រ្គោះបន្ទាន់ប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា៖ «លើកលែងតែអ្នកមានករណីសង្រ្គោះបន្ទាន់គាត់មានបញ្ហាធ្ងន់ធ្ងរ អាហ្នឹងយើងត្រូវផ្តល់សេវាជូនគាត់មុនដើម្បីសង្រ្គោះជីវិតគាត់។ អ្វីដែលគាត់លើកឡើងនេះខ្ញុំគិតថាអាចថាគាត់លឺតៗគ្នាទេ ជាក់ស្តែងមិនអញ្ចឹងទេព្រោះការផ្តល់សេវាតាមរយះប.ស.ស ក៏ដោយតាមរយះការបង់លុយក៏ដោយគឺដូចគ្នា»។
បើតាមលោក ហេង សុផាន់ណារិទ្ធ បេឡាជាតិរបបសន្តិសុខសង្គមតែងតែយកចិត្តទុកដាក់លើសុខភាពរបស់កម្មករ ក៏ដូចជាអ្នកមានបណ្ណប.ស.ស.ឯទៀត ការរយៈការបន្តជួបជជែកជាមួយក្រសួងសុខាភិបាលធ្វើយ៉ាងណាឱ្យការព្យាបាលមានប្រសិទ្ធភាព ស្មើភាព និងតម្លាភាពដោយគ្មានការរើសអើង និងទាន់ពេលវេលា៕