អ្នក​ការពារ​សិទ្ធិ​កម្មករ​ថា​ការ​កាត់​ទោស​ប្រធាន​សហជីព​ជា​ការ​រើស​អើង​​សហ​ជីព​ឯករាជ្យ

តំណាងសហជីព កម្មករ និងជាសមាជិកនៃសហព័ន្ធសហជីពកម្ពុជា ជាច្រើននាក់លើកបដាទាមទារ អោយមានការដោះលែង លោក ជា ចាន់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ខាងមុខសាលា ដំបូង ខេត្តកំពង់ស្ពឺ ។ (Facebook/សង់ត្រាល់)

តុលាការ​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ផ្តន្ទា​ទោស​ប្រធាន​សហជីព​មូលដ្ឋាន​មួយ​រូប​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង​វីងស្តារស៊ូ​ (Wing Star Shoes) ​គឺ​លោក ​ជា ចាន់ ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ​«សម​គំនិត​ក្នុង​អំពើ​លួច»។​ ប៉ុន្តែ​លោក​ត្រូវ​អនុវត្ត​ទោស​៦​ខែ​ ឯ​ទោស​សេស​សល់​ត្រូវ​ព្យួរ​តាម​បញ្ញត្តិ​នៃ​ការ​ព្យួរ​ទោស​ធម្មតា​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

អ្នក​ការពារ​សិទ្ធិ​កម្មករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ជា​រឿង​អយុត្តិធម៌។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ អ្នក​ស្រី​ យ៉ាង សោភ័ណ្ឌ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​កាត់​ទោស​លោក​ ជា ចាន់ ​ពី​បទ​ចោទ​ខាង​លើ​នោះ​ទេ ​ដោយ​លើក​ហេតុ​ផល​ថា​ ការ​ផ្តន្ទាទោស​នាពេល​ថ្មីៗ​នេះ​ជា​ចេតនា​នៃ​ការ​ច្រាន​ចោល​សហជីព​ឯករាជ្យ​នៅ​រោងចក្រ​វីងសា្តរស៊ូ ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ។​

អ្នកស្រី​ថ្លែង​ថា៖​ «ការ​សម្រេច​នេះ ​យើង​ឃើញ​ច្បាស់​មែន​ទែន​ថា​ ការ​សម្រេច​នេះ​គឺ​អត់​យោង​ទៅ​លើ​ច្បាប់ ​ភស្តុតាង​អី​ទាំង​អស់​ គ្មាន​ភស្តុតាង​ គ្មាន​អង្គហេតុ​កើត​ឡើង​ គ្មាន​ច្បាប់​ណា​ដែល​អាច​ដាក់​ទោស​ទណ្ឌ​ចាន់​បាន​ទេ។ ​ប៉ុន្តែ​វា​ទៅ​ជា​តុលាការ​មាន​ការ​សម្រេច​អ៊ីចឹង។ ​អ៊ីចឹង​វា​ចំណុច​មួយ​ដែល​យើង​យល់​ឃើញ​ថា​ វា​ជា​រូបភាព​នៅ​ក្នុង​ការ​គំរាម​កំហែង​ទៅ​ដល់​សិទ្ធិ​កម្មករ​និយោជិត​ដែល​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ»។​

ក្រោយ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ​សហព័ន្ធ​សហជីព​កម្ពុជា និង​សហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន​វីងស្តារស៊ូ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​មាន​ភាព​«អយុត្តិធម៌​ជា​ខ្លាំង» ​ដល់​លោក​ជា ចាន់ ​ព្រោះ​លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ​ពោល​គឺ​លោក​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរី​ភាព​សហជីព​តែ​ប៉ុណ្ណោះ។​ សហជីព​បញ្ជាក់​ថា​ មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​ មាន​ទង្វើ​លួច ​ឬ​ផ្សំ​គំនិត​ឡើយ។​

រូបឯកសារ៖ លោក ​ជា​ ចាន់ ប្រធាន​សហជីព​មូលដ្ឋាន​នៅរោង​ចក្រ​វីង ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុង​ខេត្ត​កំពង់​ស្ពឺ។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គការសង់ត្រាល់)

សហជីព​ទាំង​ពីរ​បាន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពិនិត្យ ​និង​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ការ​ផ្តន្ទា​ទោស​លោក​ ជា ចាន់ ​និង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​រូប​នេះ​ ដោយ​គ្មាន​ដីកា ​កាលពី​ខែ​កុម្ភៈ។​

សហជីព​ទាំង​ពីរ​ក៏​«ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ និង​ដោះ​លែង​លោក​ ជា ចាន់​ ប្រធាន​សហជីព​កម្ពុជា​នៃ​ក្រុម​ហ៊ុន​វីងស្តារស៊ូ​ ដោយ​ឥត​លក្ខខណ្ឌ ​ព្រោះ​សំណុំ​រឿង​នេះ​គ្មាន​អង្គ​ហេតុ​ ភស្តុតាង​នៃ​បទ​ល្មើស​បាន​កើត​ឡើង​នោះ​ទេ»។​

កាល​ពី​ពាក់​កណ្តាល​ខែកុម្ភៈ ​លោក​ ជា ចាន់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពីបទ​ «សម​គំនិត​ក្នុង​អំពើ​លួច»​គឺ​នៅ​ក្រោយ​ពេល​លោក​ត្រូវ​បាន​កម្មករ​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​សហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន​វីងស្តារស៊ូ​ ដែល​ផ្គត់ផ្គង់​ផលិត​ផល​ស្បែក​ជើង​ឱ្យ​ទៅ​ក្រុមហ៊ុន​ASICS ​របស់​ប្រទេស​ជប៉ុន។​

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ​ យល់​ឃើញ​ថា ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​គឺ​ជា​រឿង​អយុត្តិធម៌​ ហើយ​ការ​បង្កើត​សហជីព​នៅ​រោងចក្រ​វីងស្តារស៊ូ​គួរ​តែ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។​

លោក​លើក​ឡើង​ជា​អក្សរ​តាម​តេឡេក្រាម​ថា៖​ «ការ​ចូលរួម​បង្កើត​អង្គការ​វិជ្ជាជីវៈ​គួរ​ត្រូវ​ទទួល​បាន​ការពារ​ដោយ​ច្បាប់។​ កាត់​ទោស​លោក​ដោយ​អំណាច​សាល​ក្រម​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​នេះ​នឹង​បង្ក​ជា​ឧបសគ្គ​រារាំង​ក្នុង​ដំណើរ​ដឹកនាំ​សកម្ម​ភាព​សហជីព​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​កម្មករ​ ជាពិសេស​វា​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​ក្នុង​ការ​ចុះ​បញ្ជី​អង្គការ​វិជ្ជាជីវៈ​(សហជីព) ​ប្រចាំ​រោងចក្រ​វីងស្តារស៊ូ»។​

លោក​បន្ថែម​ថា ​ក្រុម​គ្រួសារ​លោក ​ជា ចាន់​ អាច​ធ្វើ​ការ​ប្តឹង​ទាស់​សាលក្រម​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ករណី​ដែល​មិន​សុខចិត្ត។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​មេ​ដឹកនាំ​សហជីព​មូលដ្ឋាន​រូបនេះ​ ​រដ្ឋ​លេខាធិការ​ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន ​ថ្លែង​ថា​ រាល់​ការ​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​អង្គហេតុ ​និង​អង្គច្បាប់​ ហើយ​ស្ថាប័ន​តុលាការ​មិន​អាច​ស្តាប់​តាម​ការ​បង្គាប់​បញ្ជា​ពី​ភាគី​ណា​មួយ​ទេ។​

លោក​ថ្លែង​ថា៖​ «ការ​សម្រេច​របស់​តុលាការ​ គេ​ផ្អែកលើ​អង្គហេតុ អង្គច្បាប់​ ហើយបើ​យើង​យល់​ថា​ មិន​មាន​ភស្តុតាង​ទេ​ការ​ចោទ​ប្រកាន់​ហ្នឹង ​ការ​ផ្តន្ទា​ទោស​ហ្នឹង​មិន​ត្រឹមត្រូវ​ សូម​ធ្វើ​ការ​ការពារ​ខ្លួន​តាម​នីតិវិធី​ច្បាប់​ មិន​អាច​ទៅ​ស្នើ​ ស្ថាប័ន​នេះ​ ស្ថាប័ន​នោះ​ដោះ​លែង​ឬក៏​បង្គាប់​បញ្ជា​តុលាការ​បាន​ទេ។ ​ អ៊ីចឹង​គាត់​អាច​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ​ខ្លួន​ អាច​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង ​ហើយ​បង្ហាញ​ភស្តុតាង​ សក្ខី​កម្ម​ឱ្យ​បាន​រឹងមាំ​ដើម្បី​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ដែល​គាត់​អាច​មាន​ក្នុង​ការ​ការពារ​ខ្លួន»។​

ប្រធាន​លេខាធិការដ្ឋាន ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ​លោក ​ផេង ស៊ីភ័ណ ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ ​ដោយ​ប្រាប់​ឱ្យ​អ្នក​យក​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ភាគី​រោងចក្រ​វីងស្តារស៊ូ​បាន​ទេ។​

អ្នកស្រី ​ឆែ ចាន់រ៉ា​ អាយុ​៣២​ឆ្នាំ​ ភរិយា​របស់​លោក ​ជា ចាន់ ​ប្រាប់​វីអូអេ​ថា​ ក្តី​ក្តាំ​ប្រឆាំង​នឹង​ស្វាមី​អ្នកស្រី​ផ្តើម​ចេញ​ពី​រឿង​សំខាន់​មួយ​គត់​គឺ​ការ​បង្កើត​សហជីព​នៅ​រោងចក្រ។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​អាច​គិត​ថា​ រឿង​ហ្នឹង​១០០​ភាគរយ​ហ្មង​ គិត​ថា​ គាត់​ធ្វើ​សហជីព​ហ្នឹង​ គាត់​ចង​ក្រង​គឺ​គិត​ថា ខាង​រោងចក្រ​ហ្នឹង​ គឺ​និយាយ​ទៅ​គឺ​គាត់​ចូល​សហជីព​ប៉ាច់ ​គឺ​គាត់​មាន​បញ្ហា​ហ្មង»។​

អ្នកស្រី​បន្ថែម​ថា​ សាក្សី​ម្នាក់​នៅ​រោងចក្រ​ ក៏​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​កាល​ពី​ខែ​ឧសភា​ថា​ ស្វាមី​អ្នកស្រី​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​សម​គំនិត​លួច​នៅ​ក្នុង​រោចក្រ​ទេ។​

ទាក់ទិន​នឹង​ការ​ប្តឹង​ជំទាស់​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ អ្នកស្រី​ថា​ វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ថា្នក់​ដឹកនាំ​សហជីព​ដែល​ជួយ​បង្កើត​សហជីព​ឯករាជ្យ​នៅ​រោងចក្រ​វីងស្តារស៊ូ៕​