មេដឹកនាំសហជីពមួយចំនួនបានឲ្យដឹងនៅថ្ងៃអង្គារនេះ ពីភាពតានតឹងនៃការពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរ ដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោចក្រ នៅគ្រាភាគីនិយោជកប្រកាន់ជំហរកាត់បន្ថយប្រាក់ឈ្នួលពី ១៩២ដុល្លារ មកត្រឹម ១៨៨ដុល្លារសម្រាប់ឆ្នាំ២០២២។
ភាគីសហជីពបានផ្តើមកិច្ចប្រជុំស្តីពីការដំឡើងប្រាក់ឈ្នួលអប្បរមានេះ ជាមួយភាគីតំណាងនិយោជក និងក្រសួងការងារ តាំងពីដើមខែកញ្ញានេះមក ហើយនៅថ្ងៃអង្គារនេះ គឺជាការប្រជុំលើកទី៣។ កិច្ចប្រជុំចុងក្រោយ ដែលជាការចរចាផ្លូវការឲ្យមានការកំណត់ប្រាក់ឈ្នួលថ្មីនោះ នឹងធ្វើឡើងនៅចុងខែនេះ។
ក្រោយការប្រជុំនៅថ្ងៃអង្គារនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ប្រាប់វីអូអេថា មានការផ្លាស់ប្តូរតួលេខនៃចំនួនប្រាក់ឈ្នួលអប្បបរមា ដោយខាងភាគីនិយោជកព្រមឡើងពី១៨៣ដុល្លារ មក១៨៨ដុល្លារក្នុងមួយខែ តែខាងតំណាងកម្មករទាមទារចំនួនខ្ពស់បំផុត គឺ២០៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលគោលនៅឆ្នាំ២០២២។ ដោយឡែកខាងភាគីរដ្ឋាភិបាលកំណត់យកចំនួន១៩២ដុល្លារ ដែលជាចំនួនប្រាក់ឈ្នួលរបស់កម្មករបច្ចុប្បន្ន។
លោកបន្ថែមថា ភាគីសហជីពមិនចង់ឃើញការដកប្រាក់ឈ្នួលរបស់កម្មករទេ ព្រោះថា កម្មករបានបង្កើនថ្ងៃធ្វើការរបស់ខ្លួន នៅពេលរដ្ឋាភិបាលលុបចោលថ្ងៃឈប់សម្រាកប្រមាណ ៧ថ្ងៃរួចទៅហើយនោះ។
«ភាគីខាងយើងបានលើកឡើងថា ជាទូទៅយើងមិនអាចដកនូវចំនួនប្រាក់ខែដែលកម្មករធ្លាប់តែទទួលបានទេ ដោយសារតែយើងកន្លងមកយើងមានការ គេហៅថា ខាតបង់ច្រើនហើយ ដូចជាការកាត់ថ្ងៃឈប់សម្រាក»។
កាលពីឆ្នាំ២០២០ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករត្រូវបានដំឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ ពោលគឺពី១៩០ក្នុងឆ្នាំ២០១៩ មកត្រឹម១៩២ដុល្លារក្នុងឆ្នាំ២០២០ ក្រោមហេតុផលនៃផលប៉ះពាល់ខាងសេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ១៩។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថ្លែងថា ខាងភាគីថៅកែរោងចក្របន្តរក្សាជំហរកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករ ដែលការណ៍នេះ តម្រូវឲ្យកម្មករសិក្សាពីសិទ្ធិអំណាចរបស់ខ្លួន និងពិនិត្យរកមធ្យោបាយតវ៉ា មកដាក់សម្ពាធលើថៅកែរោងចក្រឲ្យងាកមកដំឡើងប្រាក់ឈ្នួល។
«អ្វីដែលចង់បន្ថែម ចង់បញ្ជាក់ថា កិច្ចចរចា ជោគជ័យមិនជោគជ័យ វាអាស្រ័យទៅលើឥទ្ធិពលរបស់កម្មកររបស់យើង ហើយយើងឃើញថា ការយកចិត្តទុកដាក់ពីក្រុមហ៊ុន និងខាងរដ្ឋាភិបាល គឺគេមាន limit [កំណត់ ] នៅក្នុងកម្រិតរបស់គេ។ អីចឹងកម្មករត្រូវតែស្វែងយល់ និងបង្កើននូវអំណាចខ្លួនឯង រឿងទីមួយ»។
លោកបន្ថែមថា៖ «រឿងទីពីរ រដ្ឋាភិបាលបើសិនជា ដើម្បីទាក់ទាញកម្មករនិយោជិត គួរតែកើនឡើងឲ្យដល់កម្រិតលេខមួយដែលមានការពេញចិត្ត ខ្ញុំជឿថា វាភាពជោគជ័យទាំងអស់គ្នា បើពុំដូច្នោះទេ គឺមានន័យថា នៅតែចិញ្ចឹមចិត្តមិនសប្បាយចិត្តរៀងៗខ្លួនហ្នឹង»។
បើតាមលោក អាត់ ធន់ ភាគីសហជីពបានបន្ទន់ជំហរបន្ថយការទាមទាររបស់ខ្លួនពីចំនួន២១៤,២ដុល្លារ មក២០៦ដុល្លារ និងចំនួនចុងក្រោយដែលសហជីពចង់បានបំផុតសម្រាប់កម្មករនោះ គឺ២០៤ដុល្លារ ដែលនឹងត្រូវយកទៅចរចានៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ។
លោកពន្យល់ថា ការកំណត់យកតួលេខចំនួន២០៤ដុល្លារនេះ ធ្វើឡើង ក្រោយការវិភាគលើស្ថានភាពរស់នៅរបស់កម្មករ ផលិតភាព សមត្ថភាពប្រកួតប្រជែង និងអត្រាអតិផរណា ដែលខាងសហជីពថា បានកើន៣% តែខាងនិយោជកថា កើនត្រឹម២,៨%ប៉ុណ្ណោះ ក្នុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា និយាយថា កម្មករអាចនឹងសម្រេចចិត្តដោយខ្លួនឯង ទៅលើការតវ៉ាក្នុងទម្រង់ណាមួយនោះ ប្រសិនបើនិយោជកបដិសេធមិនព្រមដំឡើងប្រាក់ឈ្នួលឲ្យពួកគេសម្រាប់ឆ្នាំ២០២២។
«វាអាស្រ័យទៅលើការសម្រេចរបស់គាត់ ដោយសារអី ខ្ញុំគិតថា គាត់ជាសាមីខ្លួនផ្ទាល់ បើសិនណាគាត់យល់ឃើញថា ប្រាក់ឈ្នួលរបស់បងប្អូនកម្មករ សម្រេចទៅមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ហើយគាត់មិនពេញចិត្តនូវតួលេខណាមួយ ខ្ញុំគិតថា វាជាសិទ្ធិនៅក្នុងការសម្រេចចិត្តរបស់ពួកគាត់»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC លោក ខេន លូ បដិសេធមិនផ្តល់ការអធិប្បាយ ដោយថា លោកកំពុងស្ថិតនៅក្រៅប្រទេស។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនឆ្លើយតបសំណួរដែលបានផ្ញើរតាមប្រព័ន្ធទំនាក់ទំនង WhatsApp។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរថា វិស័យកាត់ដេរមិនរងផលប៉ះពាល់បិទរោងចក្រនោះទេ មានតែកើនឡើងរោងចក្រថ្មីៗបន្ថែមទៀត។
លោកថ្លែងថា៖ «រឿង EBA [ប្រព័ន្ធឋានៈអនុគ្រោះពន្ធផ្តល់ដោយសហភាពអឺរ៉ុប] មិនEBA វាមិនសំខាន់ទេ។ វាអត់សំខាន់អីសម្រាប់កម្ពុជាទេ។ ឥឡូវរោងចក្រណាមាន [បិទ]។ វាមិនត្រឹមតែ [មិន]បិទ អារោងចក្របើកថ្មីហ្មឹង វាកាន់តែច្រើនទៅទៀត»។
អ្នកស្រី ហៀង ស៊ុនណារី អាយុ៣៥ឆ្នាំ កម្មការិនីនៅរោងចក្រខ្វានទុម ក្នុងខណ្ឌពោធិ៍សែនជ័យ នៃទីក្រុងភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរ គួរតែរួមគ្នា បន្ថែមប្រាក់ឈ្នួលដល់កម្មករ ខណៈដែលតម្លៃទំនិញលើទីផ្សារបានកើនឡើងជារៀងរាល់ឆ្នាំ។
«យើងទទួលស្គាល់ថា ជំងឺកូវីដវារាលដាល ប៉ុន្តែការចំណាយចាយវាយវាអត់ដូច បើកូវីដរាលដាលចឹងការចំណាយ ការចាយវាយគួរតែទំនិញទីផ្សារ វាអត់ឡើង ប៉ុន្តែអានេះ បែរជាកូវីដ ហើយបែរទំនិញទីផ្សារបែរជាឡើងថ្លៃខ្ពស់។ ហើយដល់ពេលការចំណាយរបស់យើងរឹតតែត្រូវការច្រើនជាងពីមុន»។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះ បានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ដែលភាគច្រើន គឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ។ ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក និងមួយផ្នែកទៀតដោយសារការបាត់បង់ ២០%នៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាលពីខែសីហាឆ្នាំ២០២០ ក្រោយការរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស៕