ក្រុមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងបានប្រារព្ធខួបលើកទី៣ ដើម្បីរំលឹកដល់លោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គម ដែលបានជួយបណ្តុះគំនិតនយោបាយនិងការស្រឡាញ់សង្គមដល់ពួកគេ ហើយបានប្តេជ្ញាជួយទាមទារឱ្យមានសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
ក្រុមពលករជាង៣០០នាក់បានមកជួបជុំគ្នានៅភោជនីយដ្ឋានរាត្រីមួយ នៅទីក្រុងស៊ូវ៉ុន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើពិធីគោរពបូជាតាមបែបព្រះពុទ្ធសាសនានិងបែបសាកលដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលកូរ៉េ និងគណបក្សសង្គ្រោះជាតិចូលរួមផងដែរ។ ពួកគេក៏បានអំពាវនាវឱ្យមានការរួបរួមគ្នារវាងខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានបាត់បង់ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។
លោកស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វីអូអេថា លោកចងចំាដល់ប្រសាសន៍របស់លោកកែម ឡី ដែលលើកទឹកចិត្តពលរដ្ឋឱ្យ «ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត» ដែលលោកចាត់ទុកថាជាការបំផុសទឹកចិត្ត និងពង្រឹងខ្លួនធ្វើការដើម្បីសង្គមជាតិដោយមិនឈរកើតទុក្ខជារៀងរហូត។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងសាំងកាលតិចបូកគោ ក្នុងរាជធានីភ្នំពេញ ពេលដែលលោកកំពុងទទួលទានកាហ្វេ។ លោកជាអ្នករិះគន់ខ្លាំងៗដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងតែងតែធ្វើបទវិភាគតាមបណ្តាញសារព័ត៌មាន និងវេទិកាសាធារណៈនានាពីបញ្ហាអំពើពុករលួយ ការបំផ្លាញបរិស្ថាន បក្សពួកនិយម ការរំលោភសិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម។
លោកពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េបានរំលឹកដល់ការដាស់តឿនរបស់លោកបណ្ឌិតកែម ឡី ឱ្យពលរដ្ឋនិយាយការពិត ដោយកុំនិយាយការពារ។ ដូច្នេះហើយទើបលោក ពណ្ណរាយ បាននិយាយការពិតច្រើន ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ប្រាប់ដល់ពលករខ្មែរដទៃទៀតនៅប្រទេសកូរ៉េខាងត្បូង។
លោកបានបន្ថែមថា៖
«ការពិតនយោបាយពីប្រទេសកម្ពុជា គឺយើងនិយាយការពិតពីទិដ្ឋភាពជាក់ស្តែង គឺក្រោមការដឹកនាំនៃរបបទីក្រុងភ្នំពេញសព្វថ្ងៃគឺយើងឃើញតែមានការឈឺចាប់។ ប្រជាជនស្លូតត្រង់ត្រូវបានគេរំលោភបំពានសិទ្ធិមនុស្ស រំលោភបំពានដីធ្លី ហើយជាពិសេសទៀតនោះរាល់ការប្តឹងផ្តល់តាមរយៈតុលាការអ្នកដែលគ្មានធនធាន អ្នកដែលគ្មានខ្សែច្រើនតែចាញ់ ច្រើនតែជួបរឿងអយុត្តិធម៌»។
ពិធីរំលឹកខួបលើកទីបីនេះមានប្រារព្ធធ្វើនៅជាច្រើនប្រទេស ដូចជានៅសហរដ្ឋអាមេរិក បារំាង កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ នៅប្រទេសកម្ពុជាអាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន៧នាក់ និងចោទប្រកាន់បុរសពីរនាក់គឺលោកគង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ ដោយសារតែការរៀបចំខួបរំលឹកនេះ និងលក់អាវយឺតដែលមានរូបលោកបណ្ឌិតកែម ឡី និងប្រសាសន៍ខ្លីៗរបស់លោក។
សកម្មជនសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការធ្វើឃាតនេះ និងស្វែងរកអ្នកនៅពីក្រោយខ្នង។ រហូតមកដល់ពេលនេះ មានមនុស្សតែម្នាក់គត់គឺបុរសឈ្មោះអឿត អាង បានសារភាពថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ដោយសារតែគំនុំជំពាក់ប្រាក់។ ការសារភាពនេះមិនបានធ្វើឱ្យក្រុមគ្រួសារលោកកែម ឡី និងអ្នកដែលស្គាល់លោកជឿបានឡើយ៕