សហជីពសហភាពនិងសហព័ន្ធការងារជាង១០ដែលតំណាងឲ្យកម្មករនយោជិតដែលធ្វើការងារក្នុងរោងចក្រកាត់ដេរ និងវិស័យការងារផ្សេងទៀត បានទាមទារឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រនិងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់ដំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ដល់កម្មករ ដោយពួកគេលើកឡើងថា កម្មករត្រូវការប្រាក់នេះជាចាំបាច់ដើម្បីដោះស្រាយជីវភាពក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។
លិខិតរួមគ្នារបស់ក្រុមសហជីពទាំងនេះ ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅថ្ងៃទី២២ ខែមិថុនានេះ បានរៀបរាប់ថា កម្មករនយោជិតត្រូវបាត់បង់ការងារ និងប្រាក់ចំណូលប្រចាំខែជាបន្តបន្ទាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាមួយចំនួនដូចជាត្រូវសងកម្ចីប្រចាំខែ និងត្រូវចំណាយលើសេវាព្យាបាលជំងឺសមាជិកគ្រួសារជាដើម។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលស្ថិតក្នុងក្រុមសហជីពទាំងនេះ បានថ្លែងប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា៖ «ពួកគាត់ត្រូវការលុយពេលហ្នឹង ក្នុងពេលលំបាកហ្នឹង និងទី២គាត់បារម្ភខ្លាចអត់បានប្រាក់ហ្នឹង បើគាត់ធ្វើការទៅមានកំហុសធ្ងន់អីក្នុងអំឡុងពេលហ្នឹង»។
វីអូអេមិនអាចទាក់ទងលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេនៅយប់ថ្ងៃច័ន្ទនេះ គិតត្រឹមម៉ោងផ្សាយ។
យ៉ាងតិចមានកម្មករជាង១៤ម៉ឺននាក់ត្រូវបាននិយោជកព្យួរការងារ និងរាប់ពាន់នាក់ទៀតត្រូវបានបញ្ឈប់ពីការងារដោយសារផលប៉ះពាល់នៃការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមសហជីពការងារ៕