សហជីពទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ជិត១៨០ដុល្លារសម្រាប់ឆ្នាំ២០១៧

លោក​អាត់ ធន​ប្រធាន​សហភាព​ការងារ​កម្ពុជា​​ថ្លែង​​ទៅ​កាន់​​អ្នក​​យកព័ត៌មាន​​​​នៅមុខសភាជាតិ។ (ឡេង ឡែន/VOA)​ ​​​

សហជីព​នឹង​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ពី​១៤០​ដុល្លារ​ដល់​ជិត​១៨០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧។​ ប៉ុន្តែ​តំណាង​និយោជកនិយាយ​ថា​ ចំនួន​នេះ​ច្រើន​ហួសហេតុ​ ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​នា​ពេល​ខាង​មុខ។​ ​

ក្រុម​មេ​ដឹកនាំ​សហជីព​បាន​ប្រកាស​ការ​ស្នើ​សុំចរចា​ជាមួយ​ភាគី​និយោជក​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ សម្រាប់​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បរមា​ឲ្យ​ដល់​១៧៩,៦០​ដុល្លារ​សម្រាប់កម្មករ ដោយ​សារ​ប្រាក់​ឈ្នួល​ដែល​កម្មករ​កំពុង​ទទួល​បាន​មិន​អាច​អនុញ្ញាត​ឲ្យ​កម្មករ​រស់​នៅ​បាន​សមរម្យ​នោះទេ។​ ​នេះ​បើ​តាម​លិខិត​ស្នើ​សុំ​ចរចា​របស់​ក្រុម​សហជីព​ដែល​បានផ្ញើជូន​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​សុក្រ។

ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករ​ទទួល​បាន​នាពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១៤០​ ដុល្លារ​ក្នុង​មួយ​ខែ។​ កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​នេះ​ ក្រោយ​ពី​មាន​បាតុកម្ម​ទាំង​អហិង្សា និង​ហិង្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​មួយ​ចំនួន​បាន​បាត់​បង់​ជីវិត​ ​និង​ជាច្រើន​នាក់​ទៀត​រង​របួស ​ដោយសារ​ការ​បង្ក្រាប​របស់​កង​កម្លាំង​រដ្ឋាភិបាល។

លិខិតចុះថ្ងៃ​ទី​០២​ ខែ​ កញ្ញា​ឆ្នាំ​ ២០១៦​ផ្ញើ​ជូន​លោកអ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ បាន​សរ​សេរថា​«សហជីព​របស់​យើង​ខ្ញុំ​ ​បាន​ឯកភាព​យក​តួលេខ​១៧៩,៦០ដុល្លារ​សម្រាប់​ដាក់ធ្វើ​ការ​ចរចា​ ដោយ​ផ្អែក​លើ​កត្តា​ធំៗ​២គឺកត្តា​សង្គម​ និង​កត្តា​សេដ្ឋ​កិច្ច»។​

តំណាង​និយោជក​និយាយ​ថា ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​កំណត់​ពី​ភាគី​សហជីពនេះគឺ​កើន​ដល់​ទៅ​ជិត​៣០​ភាគរយ ​បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​បច្ចុប្បន្ន។ តំណាង​និយោជក​បាន​ព្រមាន​ថា​ ប្រសិន​បើ​មាន​ការ​ចង់​ធ្វើ​បាតុកម្ម​នោះ​ ក្រុម​សហជីព​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់។

ក៏​ប៉ុន្តែ​លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ច័ន្ទនេះ​ថា​ ខាង​ភាគី​និយោជករមែងតែង​តែ​ត្អូញត្អែរ​ និង​តវ៉ា​ប្រឆាំង​ការ​ស្នើ​សុំ​របស់​ក្រុម​អ្នក​តំណាង​កម្មករ។ លោក​និយាយ​ថា ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ក្រុម​អ្នក​តំណាង​កម្មករ​ត្រៀម​ស្នើ​សុំ​នេះ​គឺ​មិន​ច្រើន​ ហើយ​ក៏​មិនទាន់​គ្រប់​សម្រាប់​ការ​រស់​នៅ​សមរម្យ​នោះ​ដែរ។​

«និយោជក​ ​គាត់​តែង​តែ​មាន​ការ​តវ៉ា​អញ្ចឹង​ឯង។​ លើក​ណា​ក៏​គាត់​មិន​ដែល​និយាយ​ថា​ ចង់​ឲ្យ​កម្មករ​ដែរ​ ​បើ​ទោះ​បី​ជា​កម្មករ​រស់​ដោយ​វេទនា​ ​ដោយ​មិន​មាន​អារម្មណ៍​ ​ឬ​ក៏​ទឹក​ចិត្ត​នៅ​ក្នុង​ការ​ផលិត​ នៅ​ក្នុង​វិស័យ​ហ្នឹង​យ៉ាង​ណាក៏ដោយ​ ហើយ​គាត់​ព្យាយាម​ចំណាក​ស្រុក​ ឬគាត់​ធ្វើការទាំងបង្ខំ​ចិត្ត​យ៉ាង​ណាក៏​ដោយ​ ក៏​និយោជក​នៅតែ​មិន​ផ្តល់​ឲ្យ​គាត់​ច្រើន​ដែរ។​ នេះ​គឺ​ជា​ទម្លាប់​ដែល​យើង​ធ្លាប់​ជួប​ចរចា​រយៈ​ពេល​បួន​ប្រាំ​ឆ្នាំ»។​

លោក​អាត់​ ធន់​បាន​អះអាង​ថា​ ចំនួន​ទាមទារ​នេះ​គឺ​គ្រាន់​តែ​សម្រាប់​តែ​កម្មករ​ម្នាក់​ ដែល​កំពុង​រស់​នៅ​ដោយ​លំបាក​តែ​ប៉ុណ្ណោះ។​ លោក​ថា​ ប្រសិន​បើ​កម្មករ​មាន​បន្ទុក​ក្នុង​គ្រួសារ​ម្នាក់​ទៀត​នោះ ​កម្មករ​នោះ​គួរ​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមាចំនួន​ប្រមាណ​២៥៦​ដុល្លារ​ក្នុង​មួយខែ។​

លោក​ខេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ប្រាក់ឈ្នួល​អប្បបរមា​ ដែល​ភាគី​សហជីព​ទាមទារ​នេះ គឺជា​ចំនួន​ច្រើន​ ​មាន​ន័យ​ថា​ ​វា​មាន​កំណើន​ជិត​៣០​ភាគរយ​ បើ​ធៀប​នឹង​ការ​ដំឡើងពី​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​១៤០​ដុល្លារទៅ​ប្រាក់​ឈ្នួល​ដែល​ទាម​ទារ​ចំនួន​១៧៩,៦០​ដុល្លារ។​

«ការណ៍​ពិត​ ប្រាក់​ខែ​កម្មករ​វា​លើស​ពី​អាហ្នឹង​ច្រើន​ហើយ។​ វា​មិន​គ្រាន់​តែ​ប្រាក់​ឈ្នួល​អប្បបរមា​ហ្នឹងទេ។​ ​ ​អញ្ចឹង​ខាង​សហជីព​គេ​ស្នើ​សុំ​ឡើងម្តង​ ប្រាក់​ឈ្នួល​អប្បបរមា​ឡើង​ម្តង​៣០​ភាគរយ​អត់​មាន​ប្រទេស​ណា​ធ្វើ​បាន​ទេ»។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ហេង សួ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ នា​ថ្ងៃ​ច័ន្ទ​នេះ។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​ជា​៧០០.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ប្រមាណ​៤៦​ភាគរយ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ៣០​ភាគរយ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា​ និង​ជប៉ុន។​

ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ​គឺ​មាន​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ។​

លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៩ ខែ​កញ្ញា​ខាង​មុខនេះ។​ លោក​បន្តថា ការ​ចរចា​នឹង​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​ គិត​ពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ប្រសិន​បើមិន​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាងភាគី​សហជីព​ និង​និយោជក​នោះ៕​