ស្ត្រី​ដែល​ចោទ​ប្រកាន់​លោក Kavanaugh អំពី​ការ​បំពាន​ផ្លូវ​ភេទ ចង់​ឲ្យ​ទីភ្នាក់ងារ FBI ស៊ើប​អង្កេត

រូបឯកសារ៖ លោក Brett Kavanaugh បេក្ខជន​តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក

លោក Kavanaugh បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ នឹង​ប្រាកដ​ជា​និយាយ​អំពី​រឿង​រ៉ាវ​នេះ​តាម​គំនិត​គាត់​ផ្ទាល់​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។

ក្រុម​មេធាវី​របស់​លោកស្រី Christine Blasey Ford ដែល​ជា​អ្នក​ចោទ​ប្រកាន់​លោក Brett Kavanaugh បេក្ខជន​តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ថា ​បាន​បំពាន​ផ្លូវ​ភេទ​កាល​ពី​ជាង ៣០ ឆ្នាំ​មុន បាន​និយាយ​ថា ស្ត្រី​រូប​នោះ​ចង់​ឲ្យ​ទីភ្នាក់ងារ FBI ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​របស់​គាត់​មុន​ពេល​ដែល​គាត់​ផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ។

លោក Kavanaugh បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ នឹង​ប្រាកដ​ជា​និយាយ​អំពី​រឿង​រ៉ាវ​នេះ​តាម​គំនិត​គាត់​ផ្ទាល់​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។

លោកស្រី Ford ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផ្ដល់​សក្ខីកម្ម​ផង​ដែរ។

ប៉ុន្តែ ក្រុម​មេធាវី​របស់​លោកស្រី Ford បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែល​ផ្ញើ​ជូន​លោក Chuck Grassley ប្រធាន​គណៈកម្មាធិការ​តុលាការ​នោះ​ថា សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​នៃ​គណៈកម្មាធិការ​នេះ «ទំនងជា​សម្រេចចិត្ត​របស់​ពួកគេ​រួច​ហើយ» និង​ប្រាកដ​ជា​ជឿ​លើ​លោក Kavanaugh ជា​មិន​ខាន។

លិខិត​នោះ​បាន​បញ្ជាក់​ថា៖ «ការ​ស៊ើប​អង្កេត​ពេញលេញ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នឹង​ធានា​ថា ការ​ពិត និង​សាក្សី​សំខាន់ៗ​នានា​ទាក់ទិន​នឹង​បញ្ហា​នេះ នឹង​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​មិន​ប្រកាន់​បក្សពួក ក៏​ដូចជា​ធានា​ថា គណៈកម្មាធិការ​នេះ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​មុន​ពេល​បើក​សវនាការ ឬ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ»។

ក្រុម​មេធាវី​ទាំង​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី Ford បាន​ក្លាយជា​គោលដៅ​នៃ​ការ​គំរាមកំហែង​សម្លាប់ និង​ការ​ព្យាបាទ ហើយ​លោកស្រី Ford ខ្លាច​ថា គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​នេះ​មាន​គម្រោង​ធ្វើ​ឲ្យ​លោកស្រី «រំឭក​ឡើង​វិញ​ម្ដង​ទៀត​នូវ​ហេតុការណ៍​តក់ស្លុត និង​គួរ​ឲ្យ​ខ្លាច​នេះ» នៅ​ពេល​ដែល​លោកស្រី​ផ្ដល់​សក្ខីកម្ម​នៅ​តុ​ជាមួយ​នឹង​លោក Kavanaugh និង​នៅ​ពី​មុខ​កាមេរ៉ា​ទូរទស្សន៍​ជាតិ​នានា៕