អ្នកសារព័ត៌មាននិងអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលមិនគួរចាត់ទុកថាអ្នកសារព័ត៌មានឯករាជ្យជាសត្រូវនោះទេ ព្រោះពួកគេថាសារព័ត៌មានឯករាជ្យ គឺជាសមាសធាតុដ៏ចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីធ្វើឱ្យសង្គមកម្ពុជា អាចរីកចម្រើនទៅមុខបាន។
ថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ លោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មានអាស៊ីសេរីម្នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទពាក់ព័ន្ធនឹងការបញ្ជូនព័ត៌មានឱ្យរដ្ឋបរទេស មានប្រសាសន៍យ៉ាងដូច្នេះថា៖
«រដ្ឋាភិបាលកុំគួរចាត់ទុកអ្នកសារព័ត៌មានដែលរិះគន់ខ្លួនហ្នឹង ថាជាសត្រូវរបស់ខ្លួន។ គួរចាត់ទុកសារព័ត៌មានឯករាជ្យដែលហ៊ាននិយាយត្រង់ ហ៊ានថាត្រង់នូវទង្វើអវិជ្ជមានរបស់រដ្ឋាភិបាលថា ជាដៃគូររបស់ខ្លួនទៅវិញ សម្រាប់ឆ្លុះបញ្ចាំងពីចន្លោះប្រហោងដែលរដ្ឋាភិបាលមើលមិនឃើញ»។
សារព័ត៌មានឯករាជ្យ ដែលមានតែបន្តិចបន្តួចក្នុងប្រទេសកម្ពុជា បានរងការវាយប្រហារជាបន្តបន្ទាប់ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ដោយរដ្ឋាភិបាល បានចាត់វិធានការដ៏ចម្រូងចម្រាសមួយចំនួនដែលបានធ្វើឱ្យស្ថាប័នសារព័ត៌មានខ្លះ ដូចជាកាសែតឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទទ្វារលែងដំណើរការក្នុងប្រទេសតទៅទៀត ហើយអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីរនាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា ពួកគេបានបញ្ជូនព័ត៌មានជាអាទិ៍ឱ្យរដ្ឋបរទេស ខណៈអតីតអ្នកសារព័ត៌មានកាសែតឌឹខេមបូឌាដេលីពីរនាក់ទៀត បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការចាប់ខ្លួនជាយថាហេតុណាមួយ។
ស្ថានីយវិទ្យុក្នុងស្រុក ត្រូវបានរដ្ឋាភិបាលបង្គាប់មិនឱ្យចាក់ផ្សាយកម្មវិធីព័ត៌មានរបស់ស្ថាប័នសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាល រួមទាំងវីអូអេនិងវិទ្យុអាស៊ីសេរីផងដែរ។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាវាគ្មិនម្នាក់ក្នុងកម្មវិធី Hello VOAកាលពីថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ដែរ បានមានប្រសាសន៍ថា៖
«បើសិនជាកង្វះសារព័ត៌មានឯករាជ្យ វាមានន័យស្មើនឹងមានតែមន្ត្រីអែបអបដែលផ្ដល់ព័ត៌មានជូនទៅដល់ប្រមុខដឹកនាំរដ្ឋាភិបាល។ ដូច្នេះ សង្គមយើង គឺអត់អាចមានការរីកចម្រើន អត់មានតម្លាភាព ហើយសំឡេងរបស់ប្រជាពលរដ្ឋរងគ្រោះហ្នឹង នឹងមិនត្រូវបានឮនិងមិនត្រូវបានទទួលការដោះស្រាយទេបាទ»។
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្ដាលឆ្នាំមុន ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេស នៅមុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជារហូតដល់លំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ទូទាំងពិភពលោក គឺបានធ្លាក់ចុះ១០កម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។
អ្នកសារព័ត៌មានដែលនៅមានជំហរឯករាជ្យ ត្រូវធ្វើការក្នុងបរិយាកាសរងការគំរាមកំហែងនិងរងគំនាបផ្សេងៗ។ នេះបើផ្អែកតាមអ្នកជំនាញខាងសារព័ត៌មាន។
លោក កៃ គឹមសុង ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន ជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាមស៍ ក៏បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ថា សារព័ត៌មានសេរី គឺប្រៀបដូចជាកញ្ចក់ សម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះមើល ដើម្បីការអភិវឌ្ឍសង្គម។
«នៅប្រទេសកម្ពុជា រឹតតែចាំបាច់ទៅទៀតព័ត៌មានសេរីនេះ ពីព្រោះពីមុនមក មុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនដែលមានសារព័ត៌មានសេរីទេ។សារព័ត៌មានសេរីនេះ គឺជាឆ្អឹងខ្នងសង្គម»។
តែទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា រដ្ឋាភិបាលកម្ពុជាចាត់ទុកថា រាល់ស្ថាប័នសារព័ត៌មាន សុទ្ធតែមាននិន្នាការបែបណាមួយ ដោយគ្មានសារព័ត៌មានឯករាជ្យនោះទេ។
«សារព័ត៌មានឯករាជ្យ គឺគ្រាន់តែជាពាក្យដែលគេលើក គ្រាន់តែជាព័ត៌មានធ្វើវិទ្ធង្សនាទេ មិនមែនជាព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ទេ»៕