ក្រោយ​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​ភូមា

ក្រុមហ៊ុនAsia World ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ចេញ​ពី​កំពង់ផែ​ទន្លេ Hlaing​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក ​កំពុង​ស្វះស្វែង​​ធ្វើ​ការ​ទាក់ទង​ខាង​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​​ជាមួយ​​ភូមា​ជា​ប្រទេស​មួយ​ដែល​​ត្រូវ​បាន​ចាត់​ទុក​ដោយ​មនុស្ស​ខ្លះ​ថា​ជា​ដែនដី​ចុង​ក្រោយ​សម្រាប់​ការ​វិនិយោគ ​ពី​ព្រោះ​តែ​ប្រទេស​នេះ​ជា​ទី​ផ្សារ​​ចុង​ក្រោយ​មួយ​​ដែល​ក្រុមហ៊ុន​ប្រទេស​លោក​ខាង​លិច​មិន​បាន​ចូល​ទៅ​ដល់។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចយ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​ភូមា​នៅ​ឆ្នាំ​១៩៩៧​ដោយ​សារ​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ក្រុម​ប្រឹក្សា​យោធាទៅ​លើ​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​បន្ទាប់​ពី​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​មក។

ដោយ​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្មខាង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត ​ដែល​ត្រូវ​ប្រកាស​កាល​ពី​ខែ​ឧសភា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៅ​ក្នុង​អ្វី​ដែល​ជា​ប្រទេស​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដី​គោក​ដែល​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ ​និង​ដី​ដែល​អាច​ដាំ​ដំណាំ​បាន​ ក៏ប៉ុន្តែ​ធនាគារ​ពិភពលោក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​តែ​១​ភាគ​៣ ​មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់។

លោក Charles Rivkin ឧបការី​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​បានប្រាប់​ VOA ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា «ការ​ជាប់​ឆ្នោត​ចូល​កាន់​អំណាច​របស់​លោក​ស្រី ​អង់ ​សានស៊ូជី ​និង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​នោះ​ជិត​៨០​ភាគរយ ​បាន​ផ្តល់​ឱកាស​ថ្មី​នាំ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​សករាជ​ថ្មី​មួយជាមួយ​ពាណិជ្ជករ​អាមេរិកាំង​ហើយ​និង​ការ​ភ្ជាប់​ទំនាក់​ទំនងជាមួយ​សហរដ្ឋ​អាមេរិក‍»។

លោក Rivkin ​នឹង​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​ភូមា​ដើម្បី​សម្រប​សម្រួល​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​នៅ​សប្តាហ៍​ក្រោយ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ល្បីៗ​ដែល​ចូល​រួមមាន​ ក្រុមហ៊ុន IBM ក្រុមហ៊ុន GE ក្រុម៊ហុន GM ក្រុមហ៊ុន Chevrolet ក្រុមហ៊ុន Deloitte និង​ក្រុមហ៊ុន​ភេសជ្ជៈ​កូកា កូឡា។ ទស្សនកិច្ច​ផ្សព្វផ្សាយ​អំពី​ការ​ច្នៃប្រឌិត «Innovation Roadshow‍» ជា​កិច្ច​ផ្តួច​ផ្តើម​ដោយ​រដ្ឋ​បាល​របស់​លោក​អូបាម៉ា​ដើម្បី​ទាក់​ទង​ជាមួយ​សហគ្រិន​អាស៊ី​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទងជាមួយ​ក្រុមហ៊ុន​ឆ្នៃ​ប្រឌិត​សហរដ្ឋ​អាមេរិក ​ហើយ​និង​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី​ឲ្យ​អភិវឌ្ឍ​បទបញ្ញត្តិ​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ឆ្នៃ​ប្រឌិត ​ទាក់​ទាញ​ពួក​វិនិយោគ​ទុន ​ហើយ​នឹង​បង្កើត​ការងារ។

គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​ដែល​ដឹកនាំ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកកើត​មាន​ឡើង​បន្ទាប់ពី​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កក្កដា​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នឹង​សន្យា​ផ្តល់​ជំនួយ​ជា​ប្រាក់​២១លាន​ដុល្លារដើម្បី​សម្រួលការ​កសាងសមត្ថភាព​រយៈ​ពេល​យូរ​សម្រាប់​ប្រទេស​ភូមា។

លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​រង​របស់​សេតវិមាន​ដែល​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​ភូមាកាល​ពី​ខែ​កក្កដា ​បាន​មាន​ប្រសាសន៍​ថា ​ជំនួយ​ថ្មី​នេះ ​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​របស់​ភូមា ​ដោយ​មាន​គោលបំណង​បង្កើន​ការ​នាំ​ចេញ​ទំនិញ​កើន​ឡើង៣​ដង​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ​ហើយ​និង​ជួយ​ធ្វើ​ឲ្យ​ជឿនលឿនផ្នែក​កសិកម្ម​ដែល​នឹង​ក្លាយ​ជា​កម្លាំង​មួយ​ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​បន្ទាប់​ទៀត។

ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចត្រូវ​គេ​រំពឹង​នឹង​ជួយ​ភូមា​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ​និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ចរបស់​ខ្លួន​ហើយ​និង​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​នោះ។

លោកRivkinបាន​មាន​ប្រសាសន៍​ថា «គោលនយោបាយ​សេដ្ឋកិច្ច​ជា​គោលនយោបាយ​ការបរទេស។ បច្ចុប្បន្ន​នេះ ​ភូមា​មាន​សេដ្ឋកិច្ច​ដែល​មាន​ទឹក​ប្រាក់​៦៣​ពាន់​លាន​ដុល្លារ​ ក៏ប៉ុន្តែ ​អស់​លោក ​អ្នក ​អាច​នឹង​ស្រមៃ​ពី​សក្តានុពល​របស់ប្រទេស​នោះ​ប្រសិន​បើ​ ភូមា​ចាប់​ផ្តើម​ក្លាយ​ជា​មជ្ឈមណ្ឌល​មួយ​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​រីក​លូតលាស់​ជឿន​លឿន​បំផុត​នៅលើ​ផែនដី‍»។

កាលពី​ខែ​មិថុនា​ សាជីវកម្ម​វិនិយោគទុន​ឯកជន​ឯ​នាយ​សមុទ្រ​ ឬ (OPIC)ដែល​ជា​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ថា ​ខ្លួន​បានចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ភូមា​ដោយផ្តល់ប្រាក់​កម្ចី​២៥០​លាន​ដុល្លារ​ដល់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។

ខណៈ​នោះ​ដែរ ​ក្រុមហ៊ុន Microsoft នា​ពេល​ថ្មីៗ​នេះ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កុំព្យូទ័រ​មីយ៉ាន់ម៉ា ឬ​ Myanmar Computer Company (MCC) ដើម្បី​បណ្តុះ​បណ្តាល​មនុស្ស​១សែន​នាក់​នៅ​ភូមាដោយ​ប្រើ​ជំនាញ IT។

នៅ​ពេល​មាន​ការ​វិនិយោគទុនរបស់​អាមេរិក​នៅ​ក្នុង​ភូមា​ក្រោយពី​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​មក ​ពួក​អ្នក​រិះគន់ ​យល់​ថា បក្ស​ពួក​ជិត​ស្និទ្ធ​ដែល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធទៅ​នឹង​ពួក​យោធា​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​ច្រើន។

សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​គន្លឹះ​ដើម្បី​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​នៅ​សេសសល់ នឹង​អាស្រ័យ​លើ​ភូមាធ្វើ​ឲ្យ​ជឿនលឿន​ដល់​ដំណើរការ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​កំណែ​ទម្រង់​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ​ហើយ​និង​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ពួក​យោធានៅ​ក្នុង​ប្រព័ន្ធ​នយោបាយ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន