ជ័យលាភីរង្វាន់លេខមួយក្នុងកម្មវិធី«អ្នកបន្តវេន» បន្តជំរុញគំនិតដែលគាំទ្រឱ្យមានការបោះឆ្នោតជ្រើសរើសអភិបាលខេត្តក្រុងដោយផ្ទាល់ពីប្រជាពលរដ្ឋជាជាងការតែងតាំងពីរដ្ឋាភិបាល។
ក្នុងវគ្គចុងក្រោយនៃកម្មវិធី«អ្នកបន្តវេន» ដែលឧបត្ថម្ភថវិកាដោយវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ (IRI) របស់សហរដ្ឋអាមេរិក នាង អៀង លីនដា បានជាប់ចំណាត់ការថ្នាក់លេខមួយដោយសារបានឆ្លើយការពារប្រធានបទដែលថាអភិបាលខេត្តក្រុងត្រូវតែទទួលការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ។
នាងលីនដាបានបញ្ជាក់ឡើងវិញនៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA ក្នុងការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
«យើងជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងយើងគួរតែមានសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកតំណាងឱ្យយើងជាជាងរដ្ឋាភិបាលជាអ្នកតែងតាំងតំណាងឱ្យប្រជាពលរដ្ឋ»។
នាងបានពន្យល់ថា ការឱ្យអភិបាលខេត្តក្រុងទទួលការតែងតាំងពីរដ្ឋាភិបាលដោយមិនឆ្លងកាត់ការបោះឆ្នោតគឺពួកគាត់ធ្វើការតម្រូវតាមតែគោលនយោបាយថ្នាក់ជាតិច្រើនជាងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។
នាងបានបន្ថែមថាតម្រូវការរបស់ប្រជាពលរដ្ឋនីមួយៗគឺខុសគ្នាអញ្ចឹងគោលនយោបាយតែមួយគឺមិនស្របនឹងឆន្ទៈប្រជាពលរដ្ឋបានទូទាំងប្រទេសទេ៖
«ដោយឡែកការរស់នៅ នៅក្នុងមូលដ្ឋានគឺតម្រូវការរបស់ប្រជាពលរដ្ឋអត់ដូចគ្នាទេ។ បានន័យថាដូចនៅក្នុងខេត្តមួយអញ្ចឹងគឺគាត់មានហេដ្ឋារចនាសម្ព័ន្ធល្អគ្រប់បែបយ៉ាងហើយ អ្វីដែលត្រូវការគឺសាលារៀន មន្ទីរពេទ្យជាដើម។ល។ ប៉ុន្តែនៅ មូលដ្ឋានផ្សេងទៀតគឺគាត់ត្រូវការទឹកផ្លូវភ្លើងជាដើម»។
នាង អៀង លីនដា បានមកទស្សនកិច្ចសិក្សារយៈពេលមួយសប្តាហ៍នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនដើម្បីសិក្សាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅ សហរដ្ឋអាមេរិកដោយក្នុងនោះរួមមានការសង្កេតមើលពីការចូលរួមរបស់និស្សិតនៅក្នុងដំណើរការជំរុញលទ្ធិប្រជាធិបតេយ្យតាមរយៈការលើកកម្ពស់វប្បធម៌ពិភាក្សាដេញដោលគ្នាលើបញ្ហាទាក់ទងនឹងសហគមន៍របស់គេ។
នាង អៀង លីនដា យល់ថា តាមរយៈកម្មវិធី«អ្នកបន្តវេន»ដែលនាងបានចូលរួមនោះគឺបានបញ្ចេញផលលើអ្នកតាមដានមួយចំនួននិងបានបង្ហាញនូវគោលគំនិតដែលពលរដ្ឋចង់និយាយប៉ុន្តែមិនមានឱកាស។ ហើយវាក៏ផ្លាស់ប្តូរឥរិយាបទផ្ទាល់ខ្លួនរបស់នាងដែរ។
នាងលីនដាបញ្ជាក់ថា៖ «ការជជែកតទល់គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ វាផ្លាស់ប្តូរជីវិតខ្ញុំច្រើនមែនទែន ពីព្រោះថា ពេលដែលយើងជជែកតទល់អាកប្បកិរិយារបស់យើងត្រូវធ្វើឱ្យរឹងមាំដូចជាអ្នកដឹកនាំហើយត្រូវមានភាពជឿជាក់ខ្ពស់ហើយការនិយាយរបស់យើងត្រូវប្រកបដោយហេតុផល ហើយហេតុផលនេះមិនមែនតែគំនិតផ្ទាល់ខ្លួនរបស់យើងទេ យើងត្រូវមានឯកសារយោង។ យើងត្រូវមានអំណះអំណាងច្បាស់លាស់ដើម្បីគាំទ្រគំនិតរបស់យើង។ ម្លោះហើយវាផ្លាស់ប្តូរជីវិតរបស់ខ្ញុំមុននឹងនិយាយអ្វីគឺយើងនិយាយមានហេតុផល»។
នាងសង្ឃឹមថាក្នុងពេលខាងមុខនាងនឹងអាចបន្តចូលរួមជំរុញវប្បធម៌នៃការពិភាក្សាដេញដោលគ្នាឱ្យបានច្រើនជាងមុននៅក្នុងស្រទាប់យុវជនជំនាន់ក្រោយរបស់កម្ពុជា៕
សូមរង់ចាំវីដេអូនៃបទសម្ភាសន៍នៅពេលខាងមុខ។