តើ​អ្នក​ប្រាជ្ញ ​Einstein ​បន្ទាប់​នឹង​កើត​ចេញ​ពី​ទ្វីប​អាហ្រ្វិក​ឬ?

លោក​ប្រធានាធិបតី​សេណេហ្គាល់ Macky Sall និង​លោក​ប្រធានាធិបតី​រវ៉ាន់ដា Paul Kagame ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​ «អ្នក​ប្រាជ្ញ Einstein បន្ទាប់»​ ឬ​ Next Einstein Forum នៅ​ក្នុង​ក្រុង​ដាកា កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។

អ្នក​ប្រាជ្ញ​ Einstein បន្ទាប់​នឹង​ជា​មនុស្ស​មក​ពី​ប្រទេស​អាហ្វ្រិក។ នេះ​ជា​ការ​សន្និដ្ឋាន​​នៅ​ក្នុង​ការ​ជួបជុំ​ជា​សកល​មួយ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ តំណាង​រដ្ឋាភិបាល និង​អ្នក​ច្នៃប្រឌិតបង្កើត​ថ្មី​នានា​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ (Senegal)។

អ្នក​ប្រាជ្ញ​ Einstein បន្ទាប់​នឹង​ជា​មនុស្ស​មក​ពី​ប្រទេស​អាហ្វ្រិក។ នេះ​ជា​ការ​សន្និដ្ឋាននៅ​ក្នុង​ការ​ជួបជុំ​ជា​សកល​មួយ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ តំណាង​រដ្ឋាភិបាល និង​អ្នក​ច្នៃប្រឌិតបង្កើត​ថ្មី​នានា​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ (Senegal)។

អ្នក​រៀបចំ​នៃ​វេទិកា​ «អ្នក​ប្រាជ្ញ Einstein បន្ទាប់»​ ឬ​ Next Einstein Forum​ និយាយ​ថា អនុតំបន់ Saharan អាហ្រ្វិក​បានរួម​ចំណែក​តែ​១ភាគរយ​ប៉ុណ្ណោះ​ក្នុង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​របស់​ពិភពលោក។ នេះ​មិន​មែន​ដោយសារ​តែ​កង្វះ​ខាង​ភាព​ប៉ិន​ប្រសប់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ខ្វះ​ខាត​ឱកាស។

លោក ​Macky Sall ​ប្រធានាធិបតីប្រទេស​សេណេហ្គាល់ (Senegal) និង​សមភាគី​របស់​លោក​គឺ លោក ​Paul Kagame​ ប្រធានាធិតបតី​រវ៉ាន់ដា (Rwanda) បាន​ប្រកាស​បើក​វេទិកា​នេះ​នៅ​ក្នុង​ក្រុង​ដាកា ដោយ​បាន​សន្យា​ថា​នឹង​វិនិយោគ​បន្ថែម​លើ​ការ​ស្រាវជ្រាវ និង​ការ​អប់រំ​វិទ្យាសាស្រ្ត។

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​ពីរ​បាន​បើក​ដំណើរ​ការ​ស្ថាប័ន​ជំនាញ​សម្រាប់​វិទ្យាសាស្រ្ត គណិតវិទ្យា និង​បច្ចេកវិទ្យា។

លោកស្រី ​Flavia Schiegel គឺ​ជា​អគ្គលេខាធិការ​រង​របស់​អង្គការ​យូណេស្កូ (UNESCO) ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត​ធម្មជាតិ។ លោក​ស្រី​និយាយ​ថា ការ​បាត់បង់​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​គឺ​បញ្ហា​មួយ។

«ខ្ញុំ​គិត​ថា ប្រសិន​បើ​អាហ្វ្រិក​ និង​បណ្តា​ប្រទេស​អាហ្វ្រិក​ ដូចជា​ប្រទេស​សេណេហ្គាល់ ឬ​ប្រទេស​រវ៉ាន់ដា​ អាច​ស្វែងរក​អនាគត​សម្រាប់​មនុស្ស​វ័យក្មេង និង​ឱកាស​សម្រាប់​អ្នក​មាន​វិជ្ជាជីវៈ​ចាប់​យក​អាជីព​ល្អៗ​នោះ​ ខ្ញុំ​អាច​និយាយ​បាន​ថា យុវជន​ទាំង​នោះ​នឹង​មិន​ចាកចេញ​ពីប្រទេស​ ឬក៏​ពួកគេ​អាច​នឹង​ត្រឡប់​មក​វិញ​ដើម្បី​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ»។

អ្នក​វិទ្យាសាស្រ្ត​ដែល​រស់​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​មួយ​ចំនួន។ អ្នក​ស្រាវជ្រាវ​ជនជាតិ​ហ្គាណា (Ghana) ឈ្មោះ Victor Osei ​បាន​ចូលរួម​វេទិកា​នេះ​និយាយ​ថា៖

«ប្រសិន​បើ​អ្នក​ជា​អ្នក​វិទ្យាសាស្រ្ត​ ហើយ​កំពុង​អនុវត្ត​គម្រោង​វិទ្យាសាស្រ្ត​ណា​មួយ​នោះ​ អ្នក​ច្បាស់​ជា​ត្រូវ​ការ​របស់​មួយ​ចំនួន ដែល​ក្នុង​នោះ​ យ៉ាង​ហោច​ណាស់​ក៏​អ្នក​ត្រូវ​មាន​អគ្គិសនី​ដែរ។ ខ្ញុំ​មិន​ដែល​គិត​ថា គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ​ត្រូវ​បាន​បញ្ឈប់​ដោយ​សារ​មិន​មាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់​គ្រាន់​នោះ​ទេ។ ទាំង​នេះ​ជា​រឿងរ៉ាវ​ដែល​យើង​ត្រូវ​គិត​ដល់​ នៅ​ពេល​យើង​និយាយ​ពីបរិយាកាស​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​ស្រាវជ្រាវ​បាន»។

អ្នក​រៀបចំ​វេទិកា​នេះ​និយាយ​ថា សព្វថ្ងៃ​ទ្វីប​មួយ​នេះ​បាត់​បង់​ទឹកប្រាក់​ប្រមាណ​ជា​៤​ពាន់លាន​ (ប៊ីលាន) ដុល្លារ​ជា​រៀងរាល់​ឆ្នាំ នៅ​ពេល​ដែល​ជនជាតិ​អាហ្វ្រិក​ទៅ​រក​ការងារ​ធ្វើ​នៅ​បរទេស​ក្នុង​វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។

ក៏ប៉ុន្តែ​ លោក Arun Sharma ដែល​ជា​នាយក​គ្រប់គ្រងវេទិកា​ «អ្នក​ប្រាជ្ញ Einstein បន្ទាប់» និយាយ​ថា​ អាហ្រ្វិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្រ្ត​នេះ។

«ខ្ញុំ​គិត​ថា ​ឆន្ទៈ​នយោបាយ​ក៏​មាន​ច្រើន ដែល​ឥឡូវ​នេះ​កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង។ វា​ច្បាស់​ណាស់​ថា អ្នក​នយោបាយ​ជា​ច្រើន​ មិន​ទាំង​អស់​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នក​មាន​អំណាច​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ កំពុង​ទទួល​ស្គាល់​ភាព​ចាំបាច់​នៃ​វិទ្យាសាស្រ្ត​ និង ​បច្ចេកវិទ្យា​ជា​កត្តា​ជួយ​អភិវឌ្ឍ​ទ្វីប​អាហ្រ្វិក»។

អ្នក​គ្រប់គ្រង​រូប​នេះ​និយាយ​ថា គោល​បំណង​នៃ​វេទិកា​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សមិទ្ធិផល​របស់​អ្នក​វិទ្យាសាស្រ្ត​អាហ្វ្រិក​វ័យ​ក្មេង​ និង​ជួយ​ឲ្យ​ពួកគេ​ស្វែង​រក​ឱកាស​សម្រាប់​ទទួល​បាន​ការ​អប់រំ និងមូលនិធិ​គាំទ្រ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ