ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉េ​ខាង​ជើង

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​ធ្វើ​ការ​បោះឆ្នោត​ដើម្បី​អនុម័ត​សេចក្តី​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​តឹងតែង​ជា​ច្រើន​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា កន្លង​ទៅ​នេះ។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ថ្ងៃ​នេះ យើង​និយាយ​ថា ពិភពលោក​នឹង​មិន​ទទួល​ស្គាល់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ ហើយ​ថ្ងៃ​នេះ​ដែរ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ប្រសិន​បើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ នោះ​យើង​នឹង​ចាត់​វិធានការ​បញ្ឈប់​វា​ដោយ​ខ្លួន​ឯង»។

ប្រសិន​បើ​ការ​ដាក់​ទណ្ឌកម្ម​លើក​នេះ​ត្រូវ​បាន​អនុវត្ត​ពេញលេញ នោះ​វា​នឹង​កាត់​បន្ថយ​យ៉ាង​ច្រើន​នូវ​លទ្ធភាព​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ទទួល​បាន​នូវ​រូបិយវត្ថុ​អន្តរជាតិ និង​ប្រេង​សាំង ដែល​ខ្លួន​ត្រូវការ​សម្រាប់​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល និង​នុយក្លេអ៊ែរ​ដែល​រង​ការ​ហាម​ឃាត់​នេះ។

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ​មាន​ដូចជា ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​របស់​កូរ៉េ​ខាង​ជើង​មួយ​ភាគ​បី ការ​កាត់​បន្ថយ​ការ​នាំ​ចូល​សាំង ប្រេង​ម៉ាស៊ូត និង​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត​ជាង​ពាក់​កណ្ដាល​របស់​កូរ៉េ​ខាង​ជើង ការ​ហាម​ឃាត់​ទាំង​ស្រុង​ចំពោះ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ និង​សារធាតុ​ជំនួស​ឲ្យ​ប្រេង​ដទៃ​ទៀត​របស់​កូរ៉េ​ខាង​ជើង និង​ការ​ហាម​ឃាត់​ផ្សេងៗ​ទៀត។ លោកស្រី Nikki Haley ថា ប្រេង​គឺ​ជា​សរសៃ​ឈាម​ដែល​ជួយ​ដល់​ដំណើរ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោកស្រី Nikki Haley បាន​បន្ថែម​ថា គោល​បំណង​នៃ​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​លោក Kim Jong Un ឲ្យ​បញ្ចប់​កម្មវិធី​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​ការ​ដក​ទណ្ឌកម្ម​ចេញ ការ​ទទួល​បាន​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​ការ​ធានា​នូវ​សន្តិសុខ​ជា​ដើម៕