អង្គការ Wikileaks បានផ្សព្វផ្សាយនូវសារសំឡេងចំនួន២៩ ដែលខ្លួនបានបញ្ជាក់ថា ខ្លួនបានទាញចេញពីប្រព័ន្ធផ្ទុកអ៊ីម៉ែលរបស់គណៈកម្មាការជាតិគណបក្សប្រជាធិបតេយ្យអាមេរិក។
សារសំឡេង ដែលបានចម្លងពីគណនីអ៊ីម៉ែលរបស់សមាជិកគណបក្សប្រជាធិបតេយ្យ៧រូប ដែលមានការអន់ចិត្តចំពោះឥទ្ធិពលរបស់លោក Bernie Sanders ចំពោះគណបក្សប្រជាធិបតេយ្យ។
របាយការណ៍របស់អង្គការ Wikileaks នេះ លើកឡើងថា សារសំឡេងមួយបញ្ជាក់ថាអ្នកដែលនិយាយនោះមិនចង់ឲ្យលោក Sanders ឡើងថ្លែងនៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ហើយបានប្រឆាំងការសម្រេចចិត្តរបស់លោក Sanders ក្នុងការឡើងថ្លែងនៅលើវេទិកាសន្និបាតបក្សឆ្នាំ ២០១៦ នេះ។
ការផ្សព្វផ្សាយលើកនេះ គឺជាការផ្សព្វផ្សាយលើកទីពីរក្នុងអំឡុងពេលពីរបីថ្ងៃនេះ។ ការផ្សព្វផ្សាយលើកទីមួយ ដែលបានផ្សព្វផ្សាយអំពីអ៊ីម៉ែលចំនួន២ម៉ឺនអ៊ីម៉ែល នៅមុនថ្ងៃបើកសន្និបាតគណបក្សប្រជាធិបតេយ្យ បានធ្វើឲ្យលោកស្រី Debbie Wasserman Schultz ដែលជាប្រធានគណៈកម្មការជាតិគណបក្សប្រជាធិបតេយ្យលាលែងចេញពីតំណែង។
អង្គការ Wikileaks ដែលជាអង្គការផ្សព្វផ្សាយឯកសារដើមដែលមានប្រភពមកពីជនអណាមិក និងអ្នកលួចយកទិន្នន័យពីប្រព័ន្ធអ៊ីនធឺណិត បានផ្សព្វផ្សាយពីសារសំឡេងនេះដោយមិនបញ្ជាក់ពីប្រភពដែលខ្លួនបានទទួលនោះទេ។ អ៊ីម៉ែលដែលគេលួចទិន្នន័យទាំងនោះ ត្រូវគេដឹងថាត្រូវបានផ្ញើចន្លោះពីខែមករា ឆ្នាំ២០១៥ និងខែឧសភា ឆ្នាំនេះ។ គណៈកម្មការជាតិគណបក្សប្រជាធិបតេយ្យបានប្រកាសកាលពីខែមិថុនាកន្លងទៅនេះថា ប្រព័ន្ធអ៊ីម៉ែលរបស់ខ្លួនត្រូវបានគេលួចចូលយកទិន្នន័យ៕