នេះជាលើកដំបូងហើយដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា មានភរិយាជាជនជាតិខ្មែរ។
លោកស្រី សុទ្ធី ហៃដ្ឋ ដែលមានឈ្មោះកំណើតថា កែន មនោសុទ្ធី បានចាកចេញពីប្រទេសកម្ពុជា ក្នុងនាមជាជនភៀសខ្លួន ដែលគេចចេញពីការយាយីរបស់ខ្មែរក្រហម ហើយទៅរស់នៅលើទឹកដីថ្មី គឺសហរដ្ឋអាមេរិក ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ប៉ុន្តែលោកស្រី មិនដែលបានភ្លេចទឹកដីកំណើតរបស់ខ្លួនឡើយ។
ជាង៣០ឆ្នាំក្រោយមក លោកស្រី បានស្ថិតនៅក្នុងឋានៈមួយផ្សេងទៀត។ ជាភរិយានៃមន្ត្រីការទូតរបស់ប្រទេសមហាអំណាចមួយ លោកស្រី សុទ្ធី ហៃដ្ឋ សង្កេតឃើញបរិយាកាសដ៏ល្អរបស់កម្ពុជាក្នុងការអភិវឌ្ឍ ហើយមានបំណងចង់ជួយជំរុញភាពជាអ្នកដឹកនាំដល់ស្ត្រីកម្ពុជាឲ្យបានកាន់តែខ្លាំងក្លាទៀត។
«តាំងពីមកខ្ញុំបាននិយាយជាមួយប្អូនៗសិស្សានុសិស្ស ស្រីៗច្រើន ធ្វើម៉េចតាំងចិត្តឲ្យក្លាយទៅមនុស្សដែលមានជោគជ័យនៅក្នុងជីវិត។ ប៉ុន្តែចំណាប់អារម្មណ៍របស់ខ្ញុំមួយទៀតឃើញថា នៅប្រទេសខ្មែរក៏មានអ្នកជោគជ័យហ្នឹងហើយច្រើន។ មានអ្នកដែលជោគជ័យរួចហើយ មិនមែនចាំបាច់ដល់ឧកញ៉ា គ្រាន់តែអ្នកមាន business [អ្នករកស៊ី] ដែលគាត់ជោគជ័យមែនទែន ឬមួយក៏គាត់ធ្វើការអីមួយនៅក្នុងក្រសួងណា ដែលគាត់មានមោទនភាពខ្លួនគាត់នៅក្នុងការងាររបស់គាត់»។
ស្រដៀងនឹងស្ត្រីទី១សហរដ្ឋអាមេរិក Michelle Obama ដែលបានផ្ដួចផ្ដើមគម្រោង Let Girls Learn ឬ កម្មវិធី «ផ្ដល់ឱកាសឲ្យសិស្សស្រីបានសិក្សា» លោកស្រីភរិយាឯកអគ្គរដ្ឋរូបនេះ មានគម្រោងចំណាយពេល៣ឆ្នាំខាងមុខ ដើម្បីផ្សារភ្ជាប់ស្ត្រីជោគជ័យទាំងនោះទៅកាន់ស្ត្រីវ័យក្មេងកម្ពុជា។
«មិនមែនពួកគាត់មិនចង់និយាយរកគ្នាទេ ប៉ុន្តែពួកគាត់មិនមាន Channel ឬក៏កម្មវិធីអីដែលឲ្យគាត់មកនិយាយឲ្យគ្នា អ្នកដែលមិនទាន់ត្រួសត្រាយផ្លូវហ្នឹង ដឹងថាត្រូវដើរធ្វើម៉េច។ ខ្ញុំបានជួបច្រើនអ្នកដែលមានជោគជ័យហើយ ក្នុងជីវិតគេឡើងដល់កម្រិតមួយ ដែលខ្ញុំថាអ្នកដែលមកតាមក្រោយគ្នាគួរតែ benefit [ទទួលបានអត្ថប្រយោជន៍]ពីរបៀបណែនាំ ពីគាត់ខ្លះ»។
Your browser doesn’t support HTML5
លោកស្រី សុទ្ធី ហៃដ្ឋ ក៏បានចំណាយពេលនិយាយចែករំលែកបទពិសោធន៍នៅតាមសាលារៀន ជាពិសេសសិស្សនារីផងដែរ អំពីការធ្វើឲ្យជីវិតទទួលបានជោគជ័យ។
ក្រៅពីនោះ លោកស្រីក៏មានគម្រោងជួយក្រុមដែលមានការពិបាកក្នុងការជួយខ្លួនឯងដូចជាកុមារ និងមនុស្សចាស់ជរា តាមរយៈការធ្វើជាអ្នកសម្របសម្រួលជាមួយសប្បុរសជនអាមេរិក ក្នុងការផ្ដល់ជំនួយទៅតាមអង្គការនានា ដែលធ្វើការលើវិស័យពាក់ព័ន្ធ។
«នៅក្នុងលក្ខណៈនេះ នៅក្នុងតួនាទីនេះ ខ្ញុំប្រហែលជាជួយបានច្រើនជាង បើសិនជាខ្ញុំ ជាអ្នកផ្សំផ្គុំអ្នកសប្បុរសជនអាមេរិក អ្នកដែលមានលុយច្រើននៅអាមេរិក ប៉ុន្តែគេចង់ជំនួយអីមួយ ហើយខ្ញុំចង់ធ្វើជាមនុស្សកណ្ដាល ផ្គុំគាត់ឲ្យទៅគម្រោង ដែលគាត់ចូលចិត្ត ដែលគាត់ចង់ជួយ ដោយសារប្ដីខ្ញុំ និងខ្ញុំនៅទីនេះគឺគាត់មានការទុកចិត្ត ថាពួកខ្ញុំធ្វើឲ្យប្រាកដថាប្រាក់របស់គេ ទៅកន្លែងដែលគេចង់ជួយមែន»។
លោកស្រី សុទ្ធី ហៃដ្ឋ មានដើមកំណើតនៅក្នុងខេត្តពោធិ៍សាត់។ លោកស្រី ក៏បានរងគ្រោះ ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរគឺ លោកស្រីបានបាត់បង់ឪពុកម្ដាយនៅក្នុងរបបវាលពិឃាដ ប៉ុល ពត ។
ជាកូនកំព្រា លោកស្រី និងបងស្រី បានភៀសខ្លួនទៅរស់នៅជាមួយឪពុកមានៅឯរដ្ឋ Washington។
នៅឯសហរដ្ឋអាមេរិក លោកស្រី សុទ្ធី ហៃដ្ឋ បានព្យាយាមបន្តការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត។
ជាស្ត្រីកម្ពុជាមួយរូប លោកស្រីយល់ថា មានតែការសិក្សាមួយប៉ុណ្ណោះដែលអាចជួយលោកស្រីឲ្យរួចផុតពីទុក្ខលំបាក។
«តាំងពីឳពុកម្តាយនៅរស់ គាត់តែងនិយាយប្រាប់ថា ទោះជាមានការអីកើតឡើង រឿងអីកើតឡើង កាលណាយើងជាមនុស្ស well-educated អ្នកដែលរៀនបានខ្ពស់ គឺយើងអាចចេញពីសភាពការណ៍ទាំងអស់បាន យើងអាចជួយខ្លួនបាន ចេញពីអ្វីៗដែលយើងមិនចូលចិត្ត ជួយយើងឲ្យឡើងទៅដល់កម្រិតដែលយើងចង់បាន»។
អត្រាសិស្សស្រីបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជាមាន២៥.៤%។ នេះបើយោងតាមស្ថិតិនិងសូចនាករអប់រំឆ្នាំ ២០១៤-២០១៥ នៃការិយាល័យព័ត៌មានគ្រប់គ្រងអប់រំនៃនាយកដ្ឋានផែនការ។
កម្ពុជា ត្រូវបានអន្តរជាតិស្គាល់ថា ជាប្រទេសមួយដែលរស់រានពីរបបប្រល័យពូជសាសន៍។ ប៉ុន្តែលោកស្រី សុទ្ធី មានទស្សនវិស័យផ្សេងសម្រាប់ប្រទេសកំណើតរបស់ខ្លួន។ លោកស្រីមិនចង់ឲ្យប្រទេសកម្ពុជាដ៏ក្រីក្រនេះ នៅតែប្រឡាក់ដិតដាម នឹងរបបខ្មៅងងឹតនោះឡើយ។
ជាមួយនឹងកិច្ចខំប្រឹងប្រែងរបស់ស្វាមីរបស់អ្នកស្រី គឺលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt លោកស្រី សុទ្ធី យល់ថា វិស័យទេសចរណ៍ ជំនួញ និងអប់រំ គឺជាវិស័យដ៏ចម្បងសម្រាប់ជួយប្រទេសកំណើតរបស់ខ្លួនឲ្យរីកចំរើនទៅមុខ៕