តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​វៀតណាម​មិន​អាច​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ដ៏​ប្រថុយប្រថាន​របស់​ពលរដ្ឋ​ខ្លួន​ទៅ​ប្រទេស​អ្នក​មាន?

  • Ralph Jennings

ស្ត្រី​វៀតណាម​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​នៅ​ក្នុង​ស្រុក Yen Thanh ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ថា​តើ​ករណី​រកឃើញ​សាកសព​របស់​មនុស្ស​៣៩​នាក់ នៅ​ក្នុង​រថយន្ត​កុងតឺណឺ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាលពី​ខែ​មុន​ជា​ករណី​ជួញដូរ​មនុស្ស​ខុស​​ច្បាប់​ចេញ​ពី​ប្រទេស​វៀតណាម​ឬ​យ៉ាង​ណា។

ខណៈ​ពេល​ដែល​ការ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នេះ ជួយ​បន្ធូរបន្ថយ​ការ​ខឹង​សម្បា​របស់​ពលរដ្ឋ​វៀតណាម អ្នក​ជំនាញ​មាន​ការ​ព្រួយបារម្ភ​ថា ការណ៍​នេះ​គ្រាន់​តែ​ជា​ការ​លាក់បាំង​ពី​អសមត្ថភាព​រយៈពេល​យូរ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​បញ្ឈប់​ការ​ជួញដូរ​មនុស្ស​ទៅ​ក្នុង​ប្រទេស​អ្នក​មាន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​រក​ប្រាក់​ប៉ុណ្ណោះ។

ការ​រកឃើញ​របស់​ប៉ូលិស​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ចក្រភព​អង់គ្លេស​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ភ្លាមៗ​លើ​ការ​ជួញដូរ​មនុស្ស​ពី​វៀតណាម​ទៅ​អឺរ៉ុប​ ទី​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​នៅ​វៀតណាម។ ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ចក្រភព​អង់គ្លេស ហើយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​ការ​សម​គំនិត​ជួញដូរ​មនុស្ស។

ក៏ប៉ុន្តែ អ្នក​ជំនាញ​និយាយ​ថា ប្រព័ន្ធ​អន្តរជាតិ​ដ៏​ស្មុគស្មាញ​ក្នុង​ការ​នាំ​មនុស្ស​ចេញ​ពី​វៀតណាម​សម្រាប់​ការងារ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​ក្រៅ​ប្រទេស​មាន​ការវិវត្ត​យ៉ាង​ខ្លាំង​ដែល​មន្ត្រី​រដ្ឋាភិបាល​យល់​ថា មាន​ការ​ពិបាក​ក្នុង​ការ​បញ្ឈប់ ឬ​មិន​អាច​បញ្ឈប់​បាន ប្រសិន​បើ​ប្រៀបធៀប​ទៅ​ពេល​ដែល​វៀតណាម​មាន​ភាព​ក្រីក្រ​ជាង​សព្វថ្ងៃ។

លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ផ្នែក​នយោបាយ​ជំនាញ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ The University of New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា៖

«នេះ​ជា​ការ​ប្រយុទ្ធប្រឆាំង​ដែល​គ្មាន​ទី​បញ្ចប់​មួយ»។ តម្លៃ​តប​ស្នង​សម្រាប់​អ្នក​លួច​ជួញដូរ​មនុស្ស​មាន​ច្រើន ហើយ​ពួកគេ​បញ្ចុះបញ្ចូល​ជនរងគ្រោះ​ដោយ​និយាយ​ថា នឹង​មាន​ការរស់នៅ​បែប​ហ៊ឺហា​ដែល​ពួកគេ​ផ្តល់​ឲ្យ​មនុស្ស​ដែល​ក្រីក្រ​ខ្លាំង»។

កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​ជួញដូរ​មនុស្ស

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន Viet Nam ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ បាន​រាយការណ៍​ថា បន្ទាប់​ពី​សាកសព​របស់​មនុស្ស​ចំនួន​៣៩នាក់ ត្រូវ​បាន​គេ​រក​ឃើញ នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក Nguyen Xuan Phuc​ បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ និង​ក្រសួង​កិច្ចការ​បរទេស​ ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ជួញ​ដូរ​មនុស្ស និង​បង្កើត «វិធានការ​ការពារ​ពលរដ្ឋ» ប្រសិន​បើ​ចាំបាច់។​

បណ្តាញ​ផ្សព្វផ្សាយ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​វៀតណាម និង​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​ «ដើម្បី​ដោះស្រាយ​អំពើ​ទាសភាព​សម័យ​ទំនើប»។

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ទូរស័ព្ទ​ទៅ​មន្ត្រី​អង់គ្លេស​កាលពី​ថ្ងៃអង្គារ​ទី២៩ ខែតុលា​កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​លើ​ករណី​កាលពី​ពេល​ថ្មីៗ​នេះ ភាគី​ទាំង​ពីរ​បាន​យល់ស្រប​នឹង​គ្នា​ថា «នឹង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ដើម្បី​បង្ក្រាប​បទល្មើស»។

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ដាក់​កម្រង​ផ្កា​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​ក្រុមប្រឹក្សា Thurrock នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៨ ខែតុលា ​ឆ្នាំ២០១៩។

ឧបសគ្គ​ក្នុង​ការ​បង្ក្រាប

លោក Thayer និយាយ​ថា មន្ត្រី​សន្តិសុខ​សាធារណៈ​អាច​នឹង​ផ្សព្វផ្សាយ​បញ្ហា​ជួញដូរ​មនុស្ស​ជា​សាធារណៈ​បន្ថែម​ទៀត និង​ធ្វើ​ការ​បោសសម្អាត​ក្រុម​ជួញ​ដូរ​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ លោក​បាន​បន្ថែមថា ​ពួកគេ​កម្រ​ចាប់​មនុស្ស​ណាស់​ឥឡូវ​នេះ។

ប៉ុន្តែ លោក​បាន​និយាយ​ថា ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ ​ខ្វះ​មធ្យោបាយ​ក្នុង​ការ​សម្គាល់​មេខ្យល់​ជួញដូរ​មនុស្ស ហើយ​ក្នុង​ពេល​ជាមួយគ្នា​នេះ​ផងដែរ ដោយសារតែ​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម​នៅ​ជាប់​នឹង​ប្រទេស​ជិតខាង​នោះ វា​ជា​ហេតុ ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​ចាកចេញ​ពី​ប្រទេស​ដោយ​ងាយស្រួល។

លោក Thayer និយាយ​ថា៖

«ព្រំដែន​នៅ​មាន​ចន្លោះ​ប្រហោង ហើយ​មនុស្សម្នា​អាច​ឆ្លង​កាត់​បាន»។​

បណ្តាញ​ជួញដូរ​មនុស្ស​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម ចាប់​តាំង​ពី​យ៉ាងហោចណាស់​សតវត្សរ៍​ទី១៩ ដែល​ជា​ញឹកញាប់​បាន​នាំ​យក​ស្ត្រី និង​ក្មេងៗ​ទៅ​ហុងកុង ឬ ចិន​ដី​គោក​ ដើម្បី​លក់​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍​ ឬ លក់ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ នេះ​បើ​យោង​តាម​សៀវភៅ​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម ឆ្នាំ២០១៥។

លោក Frederick Burke ដែល​ជា​មេធាវី​នៅ​ក្រុមហ៊ុន​មេធាវី Baker McKenzie ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា ឥឡូវ​នេះ ដើម្បី​បញ្ឈប់​ស្ត្រីៗ​កុំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​អ្នក​មាន​នៅ​អាស៊ីអាគ្នេយ៍ មន្ត្រី​រដ្ឋាភិបាល​ក្នុង​ប្រទេស​វៀតណាម ធ្វើការ​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ហ្មត់ចត់ នៅ​ពេល​មាន​ការដាក់​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍។

លោក Frederick Burke និយាយ​ថា៖

«ច្បាស់​ណាស់​ ពួកគេ​នឹង​ពិនិត្យ​មើល​វិធានការ​អ្វី (ដែល​ពួកគេ​អាច​ធ្វើ​បាន) បន្ទាប់​ពី​មាន​ករណី​ក្នុង​ប្រទេស​អង់គ្លេស​កើត​ឡើង។ ពួកគេ​មាន​បញ្ហា​ខ្លាំង​ទាក់ទង​នឹង​ការ​លក់​ស្រ្តី​ឲ្យ​ទៅ​ធ្វើ​ជា​ភរិយា។ បញ្ហា​ទាំង​នេះ មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ»។

លោក Burke បាន​និយាយ​ទៀត​ថា ពលរដ្ឋ​សាមញ្ញ​នៅ​វៀតណាម​នៅ​តែ​យល់​ថា ការ​ស្លាប់​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ខែ​មុន​កើត​ឡើង ដោយសារ​តែ​ជនរងគ្រោះ​ទាំងនោះ​ត្រូវ​បាន​មេខ្យល់​បោកប្រាស់។ លោក​និយាយ​បន្ថែម​ទៀត​ថា បើ​មើល​ជារួម​ទៅ​លើ​ការធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​ ពលរដ្ឋ​វៀតណាម​នៅ​តែ​គិត​ថា «ការងារ​នៅ​ក្រៅ​ប្រទេស​នៅ​តែ​មាន​ភាព​ល្អប្រសើរ​ជាង»។

អ្នកស្រី Hoang Thi Ai កាន់​ទូរស័ព្ទ​បង្ហាញ​រូបថត​កូនប្រុស​របស់​អ្នកស្រី ដែល​អ្នកស្រី​បារម្ភ​ថា ជា​ជនរងគ្រោះ​ម្នាក់​នៅ​ក្នុង​ករណី​ស្លាប់​ក្នុង​រថយន្ត​កុងតឺណឺ ក្នុង​ប្រទេស​អង់គ្លេស ក្នុង​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ស្រុក Dien Chau ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០១៩។

អ្នក​ក្រីក្រ​ខ្លាំង​មិន​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ទេ

នៅ​ក្នុង​ប្រទេស​វៀតណាម មន្ត្រី​វៀតណាម​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ខ្លួន​ប្រសើរ​ឡើង ដោយ​បាន​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​វិស័យ​ផលិតកម្ម​សម្រាប់​នាំ​ចេញ ដែល​បាន​បង្កើត​ការងារ​ជាច្រើន។ ក្រុមហ៊ុន SSI Research នៅ​ក្នុង​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មាន​ទឹកប្រាក់​៣០០ ពាន់​លាន​ដុល្លារ​មួយ​នេះ នឹង​កើន​ឡើង​៦,៨ភាគរយ នៅ​ឆ្នាំ​នេះ។ សេដ្ឋកិច្ច​ប្រទេស​នេះ បាន​កើន​៧​កន្តក់​សញ្ញា​១​ភាគរយ នៅ​ក្នុង​ឆ្នាំ២០១៨ ដែល​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១១ឆ្នាំ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ប្រាក់​ឈ្នួល​ការងារ​ប្រើ​កម្លាំង​ដែល​ទទួល​បាន​តិច​ជាង​២០០ដុល្លារ​ក្នុង​១ខែ ​ពិបាក​នឹង​ប្រៀបធៀប​ជាមួយ​នឹង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ដែល​មនុស្ស​ត្រូវ​បាន​គេ​ជួញដូរ​ទៅ។ ពលរដ្ឋ​វៀតណាម​នៅ​តែ​ប្រថុយ​នឹង​ឱកាស​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ក្នុង​ប្រទេស​រុស្ស៊ី ការងារ​សំណង់​ក្នុង​ប្រទេស​លីប៊ី និង​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​អង់គ្លេស។

ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន IHS Markit Asia-Pacific លោក Rajiv Biswas និយាយ​ថា ពលរដ្ឋ​វៀតណាម​ប្រមាណ​១០%​ក្នុង​ចំណោម​ពលរដ្ឋ​៩៥លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​អ្នក​ខ្លះ​រស់​នៅ​ក្នុង «ភាព​ក្រីក្រ​តោកយ៉ាក» ដែល​រស់នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ការងារ​ឧស្សាហកម្ម។

លោក Rajiv Biswas បាន​និយាយ​ថា រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​នេះ ដែល​មាន​មួយ​ចំនួន​នៅ​តាម​ភ្នំ​ដាច់ស្រយាល ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក Biswas និយាយ​ទៀត​ថា៖

«ខ្ញុំ​គិត​ថា ឥឡូវ​នេះ បញ្ហា​សម្រាប់​វៀតណាម គឺ​ដោះស្រាយ​បញ្ហា​អ្នក​រស់នៅ​ក្នុង​ភាព​ក្រីក្រ​នៅ​តំបន់​ភ្នំ​ទាំង​នោះ ហើយ​វា​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ ដោយសារ​តែ​សមត្ថភាព​ធ្វើការ​របស់​ពួកគេ​ក្នុង​ការងារ​ឧស្សាហកម្ម ពីព្រោះ​ថា ពួកគេ​គ្មាន​មធ្យោបាយ​ដើម្បី​ធ្វើ​ការងារ​បែប​នោះ​ទេ»៕