អ្នកជំនាញនិយាយថា មន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រងសព្វាវុធសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅប្រទេសវៀតណាម ដែលជាសត្រូវក្នុងសង្គ្រាមកុម្មុយនិស្តកាលពី៥ទសវត្សរ៍មុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំអំពីការគំរាមកំហែងពីប្រទេសចិន ដោយសារតែមន្ត្រីវៀតណាមមានតួនាទីនៅក្នុងអង្គការអន្តរជាតិសំខាន់ៗ និងកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសលោកខាងលិច។
លោក Marshall Billingslea ប្រេសិតទទួលបន្ទុកផ្នែកគ្រប់គ្រងសព្វាវុធតំណាងប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបជាមួយនឹងក្រុមមន្ត្រីវៀតណាមដើម្បីពិភាក្សាពីការពង្រីកអំណាចនៅក្រៅប្រទេសរបស់ចិន រួមទាំងការភ័យខ្លាចពីការប្រមូលផ្តុំអាវុធនុយក្លេអ៊ែរដែលកំពុងតែកើនឡើង។ នេះជាអ្វីដែលលោកបានប្រាប់អ្នកសារព័ត៌មាន។ ប្រេសិតរូបនេះបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់មកហើយរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរតែមួយនេះ។
លោក Alexander Vuving សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ី ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខនៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិកបាននិយាយក្នុងសម្តីដើមថា៖ «យើងដឹងថា សហរដ្ឋអាមេរិកបានទទួលស្គាល់សក្តានុពលយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមនៅតំបន់អាស៊ី និងទទួលស្គាល់ថា សក្តានុពលយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមកំពុងកើនឡើង ស្របពេលមានការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដូច្នេះខ្ញុំគិតថា ការពិភាក្សាជាច្រើនអាចនឹងលើកឡើងអំពីតុល្យភាពអំណាចនៅក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ»។
អ្នកវិភាគបាននិយាយថា ប្រទេសវៀតណាមនៅឆ្នាំនេះបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលជាតំបន់ទាក់ទាញសម្រាប់គណៈប្រតិភូសហរដ្ឋអាមេរិក។ មេដឹកនាំវៀតណាមបានបើកប្រទេសស្វាគមន៍ដំណើរទស្សនកិច្ចថ្នាក់កំពូលផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ការលក់អាវុធពីប្រទេសឥណ្ឌាដែលជាសម្ព័ន្ធមិត្តប្រទេសលោកខាងលិច និងការចូលចតរបស់កងទ័ពជើងទឹករបស់អូស្ត្រាលី។
លោក Billingslea បាននិយាយនៅក្នុងសន្និសីទព័ត៌មានតាមទូរស័ព្ទក្នុងសម្តីដើមថា «យើងបានប្រឹងប្រែងរកព័ត៌មានអំពីវិធីនៃការប្រើប្រាស់យន្តការពហុភាគី ដោយសារតែ... នៅពេលយើងនិយាយពីអ្វីដែលចិនកំពុងធ្វើ យើងមិនមែនគ្រាន់តែនិយាយអំពីការប្រជែងអំណាចនោះទេ»។
ដូចសហរដ្ឋអាមេរិកដែរ ប្រទេសវៀតណាមបានខឹងសម្បានឹងការពង្រីកអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ការទាមទារលើអធិបតេយ្យភាពរបស់ចិនចំពោះផ្ទៃទឹកប្រមាណ៩០%ជាន់គ្នាជាមួយនឹងការទាមទាររបស់វៀតណាម ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងហ្វីលីពីន ដែលប្រទេសទាំងអស់នេះសុទ្ធតែមានយោធាខ្សោយជាងចិន។
សហរដ្ឋអាមេរិកបានប្រយុទ្ធជាមួយនឹងកងកម្លាំងកុម្មុយនិស្តវៀតណាមអស់រយៈពេល១២ឆ្នាំ ដែលនៅពេលនោះកងកម្លាំងវៀតណាមព្យាយាមដណ្តើមយកអំណាចនៅភាគខាងត្បូងនៃប្រទេស។ កងកម្លាំងសហរដ្ឋអាមេរិកបានដកខ្លួនចេញពីប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៣ ហើយកងកម្លាំងកុម្មុយនិស្តវៀតណាមបានក្តោបក្តាប់អំណាចទាំងអស់នៅក្នុងប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៥។
ក្រុមមន្ត្រីកុម្មុយនិស្តនៃរដ្ឋាភិបាលនៅទីក្រុងហាណូយសព្វថ្ងៃនេះនៅតែមានទំនាក់ទំនងគណបក្សនិងគណបក្សដ៏ពិសេសមួយជាមួយនឹងចិន និងមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង ដែលជាប្រទេសកុម្មុយនិស្តមួយទៀតដែលធ្វើឱ្យមន្ត្រីសហរដ្ឋអាមេរិកមានការខឹងសម្បា។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យNew South Wales នៅក្នុងប្រទេសអូស្ត្រាលីបាននិយាយថា សហរដ្ឋអាមេរិកអាចសង្ឃឹមថា នឹងទទួលបានព័ត៌មានពីប្រទេសវៀតណាមពីរបៀបដែលវៀតណាមអាចទាក់ទងជាមួយនឹងប្រទេសកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីដែលនឹងធ្វើឡើងនៅចុងឆ្នាំ២០២០។ លោកបាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាមអាចនឹងពិនិត្យមើលទស្សនៈរបស់ប្រទេសអាស៊ានផ្សេងទៀត និងតាមដានយ៉ាងសកម្មលើសន្តិសុខរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក Thayer បាននិយាយក្នុងសម្តីដើមថា៖ «ចំណុចសំខាន់គឺថា សហរដ្ឋអាមេរិកមើលឃើញថា វៀតណាមជាអ្នកដើរតួម្នាក់ដែលខ្លួនអាចផ្លាស់ប្តូរគំនិតជាមួយ និងអាចមានឥទ្ធិពលនៅក្នុងកម្រិតអាស៊ាន និងអង្គការសហប្រជាជាតិ និងមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង ដែលប្រទេសជាច្រើនមិនមាន»។
ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យសហរដ្ឋអាមេរិកមានការខឹងសម្បាដោយការសាកល្បងបាញ់មីស៊ីលនៅក្បែរប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនៅក្នុងឆ្នាំ២០១៨ និង២០១៩រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបរាជ័យ និងមិនបានបញ្ឈប់ការបាញ់សាកល្បងនោះទេ។
លោក Vuving បាននិយាយថា ប្រេសិតទទួលបន្ទុកផ្នែកគ្រប់គ្រងសព្វាវុធរបស់សហរដ្ឋអាមេរិកកម្រលើកយកបញ្ហាអាវុធនុយក្លេអ៊ែរ ដែលជារបៀបវារៈកំពូលរបស់ខ្លួនទៅពិភាក្សាជាមួយនឹងប្រទេសតូចៗណាស់។ ប្រទេសវៀតណាមមានប្រព័ន្ធការពារមីស៊ីល ប៉ុន្តែមិនមានអាវុធនុយក្លេអ៊ែរនោះទេ។ បើយោងតាមទិន្នន័យរបស់គេហទំព័រ GlobalFirePower.com ប្រទេសវៀតណាមជាប្រទេសមានកងកម្លាំងប្រដាប់អាវុធខ្លាំងបំផុតលំដាប់ទី២២នៅក្នុងពិភពលោក។
លោក Billingslea បាននិយាយនៅក្នុងការឆ្លើយឆ្លងជាមួយនឹងសារព័ត៌មានតាមទូរស័ព្ទថា ប្រទេសចិនគឺជាអ្នកចរចាសំខាន់បំផុត។ លោក Billingslea បាននិយាយក្នុងសម្តីដើមថា «យើងកំពុងនិយាយពីអំណាចគ្រោះថ្នាក់ ផ្តាច់ការដែលមាននៅក្នុងកម្មវិធីផលិតមីស៊ីលទ្រង់ទ្រាយធំ និងការផលិតអាវុធនុយក្លេអ៊ែរដោយសម្ងាត់»។ លោកបានបន្ថែមថា ប្រទេសចិនមិនគោរពតាមការសន្យារបស់ខ្លួនទាក់ទងនឹងសន្តិភាពនៅក្នុងសមុទ្រមានជម្លោះ ហើយរដ្ឋាភិបាលក្រុងប៉េកាំង «រឹតត្បិត» សេរីភាពនៃការធ្វើនាវាចរណ៍លើផ្ទៃទឹកនៅតំបន់ជម្លោះនោះ។
ប្រេសិតរូបនោះបានភ្ជាប់ប្រទេសកូរ៉េខាងជើងទៅនឹង «បញ្ហាប្រឈមសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ»។
ការចាក់បំពេញដីនៅលើកោះក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយកន្លែងមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់គោលដៅយោធា នៅក្នុងឆ្នាំ២០១៧បានធ្វើឱ្យប្រទេសទាមទារចំនួន៥ផ្សេងទៀតមានការខឹងសម្បា រួមទាំងប្រទេសវៀតណាមដែលបានរិះគន់ដោយឥតសំចៃផងដែរ។ នាវារបស់ចិនបានឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសដែនសមុទ្ររបស់វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនៅក្នុងឆ្នាំនេះ។ ប្រទេសទាមទារទាំងអស់ផ្តល់តម្លៃដល់សមុទ្រទំហំ៣,៥លានគីឡូម៉ែត្រការ៉េនេះដោយសារតែមានទិន្នផលនេសាទ និងប្រភពថាមពលរបស់វា។
អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមានការទាមទារចំពោះសមុទ្រនេះនោះទេ ប៉ុន្តែចង់បញ្ឈប់ប្រទេសចិន ដែលជាគូប្រជែងមហាអំណាចពិភពលោកមួយ មិនឱ្យក្តោបក្តាប់អំណាចលើដែនសមុទ្រនេះខ្លាំងពេក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦បានដកចេញនូវទណ្ឌកម្មដែលហាមឃាត់លើការលក់អាវុធប្រល័យឲ្យវៀតណាម។ លោក Stephen Nagy សាស្ត្រាចារ្យជាន់ខ្ពស់ជំនាញការសិក្សាអន្តរជាតិនិងនយោបាយនៅសាកលវិទ្យាល័យInternational Christian ក្នុងក្រុងតូក្យូនិយាយថា នៅពេលនេះ ប្រេសិតរូបនេះមើលឃើញវៀតណាមថាជា «ឧបករណ៍មួយ» ក្នុងការត្រួតពិនិត្យសកម្មភាពចិន ដោយសារតែការតវ៉ាជាច្រើនរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Nagy បាននិយាយថា លោកBillingslea ប្រហែលចង់ឱ្យជប៉ុន កូរ៉េខាងត្បូង និងវៀតណាមរួមគ្នាប្រឆាំងនឹងចិន។
លោក Nagy បាននិយាយក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា ប្រសិនបើពួកគេអាចទាញយក (វៀតណាម) ឱ្យនៅខាងរបស់ពួកគេ នេះនឹងមានសារៈសំខាន់ណាស់ ពាក់ព័ន្ធទៅនឹងការកំណត់បន្ទាត់ក្រហមដើម្បីឲ្យចិនដកថយ ឬបញ្ឈប់សកម្មភាពបែបបង្ករឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកជាទូទៅ»៕