ករណីឆ្លងជំងឺ កញ្ជ្រិលបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានា។
មនុស្សជាច្រើនមិនគិតថាជំងឺកញ្ជ្រិលជាជំងឺសាហាវទេ។ ប៉ុន្តែជំងឺនេះអាចសម្លាប់មនុស្សបាន ហើយវាក៏អាចបង្កឲ្យអ្នកជំងឺក្លាយជាមនុស្សពិការផងដែរ។ នៅឆ្នាំនេះរដ្ឋចំនួន១០នៅសហរដ្ឋអាមេរិកបានរាយការណ៍អំពីករណីឆ្លងជំងឺកញ្ជ្រិល។ លោកវេជ្ជបណ្ឌិត Camille Sabella នៅឯមន្ទីពេទ្យកុមារនៅទីក្រុង Cleveland ព្យាករណ៍ថាជំងឺកញ្ជ្រិលនេះនឹងរីករាលដាលនៅទូទាំងរដ្ឋ Ohio ផងដែរ។
លោកវេជ្ជបណ្ឌិត Sabella បានថ្លែងថា៖ «កញ្ជ្រិលជាជំងឺដែលឆ្លងខ្លាំងបំផុត។ នៅពេលដែលជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍ នោះគេនឹងពិបាកទប់ស្កាត់ណាស់ ពីព្រោះមេរោគកញ្ជ្រិលអាចឆ្លងតាមខ្យល់អាកាស»។
នៅពេលអ្នកជំងឺកញ្ជ្រិលក្អកធ្វើឲ្យមេរោគនៅរ៉ាយប៉ាយពាសពេញខ្យល់អាកាស។ លោកស្រីវេជ្ជបណ្ឌិត Nancy Messonnier មកពីមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងបានណែនាំឲ្យមនុស្សចាក់ថ្នាំវ៉ាក់ស៊ាំង។
លោកស្រីវេជ្ជបណ្ឌិត Messonnier បាននិយាយថា៖ «ប្រសិនបើគេដាក់អ្នកជំងឺកញ្ជ្រិលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ផ្សេងទៀតដែលមិនបានចាក់វ៉ាក់ស៊ាំង នោះ៩នាក់ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្រិល»។
មេរោគកញ្ជ្រិលអាចរស់ក្នុងបរិយាកាសខាងក្រៅបានរយៈពេលពីរម៉ោង ហើយលោកស្រីវេជ្ជបណ្ឌិត Messonnier និយាយថា គេមើលមិនដឹងថាអ្នកណាកើតជំងឺកញ្ជ្រិលនោះទេ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ថែមថា៖ «មនុស្សមួយចំនួនឆ្លងជំងឺកញ្ជ្រិលបានបួនថ្ងៃមុននឹងមានកន្តួលក្រហមលើខ្លួន។ នេះមានន័យថា ពួកគេទាំងនោះអាចចម្លងទៅអ្នកដ៏ទៃបានមុននឹងពួកគេដឹងខ្លួនថាមានជំងឺកញ្ជ្រិល»។
លោកស្រីវេជ្ជបណ្ឌិត Roberta DeBiasi នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារជាតិថ្លែងថា ការណ៍នេះវាកាន់តែពិបាកសម្រាប់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាអាចដឹងថាអ្នកណាមានជំងឺកញ្ជ្រិលនៅដំណាក់កាលដំបូង។
លោកស្រីវេជ្ជបណ្ឌិត Roberta DeBiasi និយាយថា៖ «កុមារដែលមានរោគសញ្ញាជំងឺកញ្ជ្រិលដំបូងនឹងមើលទៅដូចកុមារដ៏ទែទៀតដែលកើតជំងឺផ្តាសាយដែលមានហៀរសំបោរ និងក្អកជាដើម។ ក្នុងរយៈពេល៤ថ្ងៃដំបូងកុមារទាំងនោះនឹងគ្មានកន្តួលក្រហមលើស្បែកទេ»។
លោកវេជ្ជបណ្ឌិត Camille Sabella បានថ្លែងថា ជំងឺកញ្ជ្រិលមានគ្រោះថ្នាក់បំផុតពេលកើតលើទារក និងកុមារតូចៗ។ លោកវេជ្ជបណ្ឌិត Sabella ថ្លែងថា៖ «វាមានការលំបាកដើម្បីការពារកុមារតូចៗដែលមិនបានចាក់វ៉ាក់ស៊ាំងនៅអំឡុងពេលមានការរីករាលដាលជំងឺកញ្ជ្រិល»។
ជាធម្មតាស្នាមកន្តួលចាប់ផ្តើមចេញនៅលើមុខ ហើយបន្ទាប់មកចេញរាលដាលនៅតាមកន្លែងផ្សេងៗទៀតនៃរាងកាយ។ នៅពេលមានជំងឺកញ្ជ្រិលនោះអ្នកជំងឺនឹងមានអាការៈក្តៅខ្លួនខ្លាំង ដែលជាកត្តាគ្រោះថ្នាក់សម្រាប់កុមារ។
អ្នកជំងឺខ្លះមានផលវិបាកធ្ងន់ធ្ងរ។ ជំងឺកញ្ជ្រិលអាចបណ្តាលឲ្យរលាកសួត ហើយផលវិបាកនេះច្រើនតែកើតលើកុមារតូចៗដែលមានមេរោគកញ្ជ្រិល។
ជំងឺកញ្ជ្រិលក៏អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងបណ្តាលឲ្យស្លាប់ ឬពិការភាពអស់មួយជីវិត។ វិធីការពារជំងឺកញ្ជ្រិលដែលប្រសើរបំផុតគឺថ្នាំវ៉ាក់ស៊ាំង ហើយនេះគឺជាអ្វីដែលលោកស្រីវេជ្ជបណ្ឌិត Katherine O'Brien មកពីអង្គការសុខភាពពិភពលោកបានមានប្រសាសន៍៖ «យើងមានថ្នាំវ៉ាក់ស៊ាំងដែលមានប្រសិទ្ធភាពបំផុតប្រឆាំងនឹងជំងឺកញ្ជ្រិល។ ថ្នាំវ៉ាក់ស៊ាំងនេះត្រូវបានចែកចាយនៅជុំវិញពិភពលោកជាង៥០ឆ្នាំមកហើយ។ កុមាររាប់លាននាក់បានទទួលថ្នាំវ៉ាក់ស៊ាំង និងបានធំពេញវ័យមានសុខភាពល្អ»។
អង្គការសុខភាពពិភពលោកប្រកាសថា ករណីឆ្លងជំងឺកញ្ជ្រិលក្នុងឆ្នាំ២០១៨បានកើនឡើងជាងចំនួនករណីឆ្លងក្នុងឆ្នាំ២០១៧។ ការកើនឡើងនេះភាគច្រើនដោយសារឳពុកម្តាយមិនយកកូនទៅចាក់វ៉ាក់ស៊ាំង។ នៅតាមបណ្តាប្រទេសអ្នកមាន ពួកគេមានជម្រើសច្រើន។ ប៉ុន្តែសម្រាប់ប្រទេសក្រីក្រវិញប្រជាពលរដ្ឋគ្មានជម្រើសអ្វីផ្សេងនោះទេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា