ក្រោយពីប្រទេសចិន បានដាក់ច្បាប់សន្តិសុខសម្រាប់កោះហុងកុង កាលពីពេលថ្មីៗនេះមក តៃវ៉ាន់បានយល់ព្រមទទួលពលរដ្ឋក្រុងហុងកុង ដែលដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ក៏ប៉ុន្តែ អ្នកវិភាគនិយាយថា អ្នកស្រុកហុងកុង ដែលចង់គេចចេញពីច្បាប់សន្តិសុខថ្មីរបស់ចិនសម្រាប់ដែនដីក្រុងហុងកុង នឹងធ្វើការជ្រើសរើសទៅតាំងទីលំនៅនៅក្នុងប្រទេសលោកខាងលិច ដោយសារប្រាក់ខែច្រើន និងមានសន្តិសុខច្រើនជាងកោះតៃវ៉ាន់ ទោះបីកោះតៃវ៉ាន់ នៅជិតទីក្រុងហុងកុងក៏ដោយ។
កោះតៃវ៉ាន់ បានបើកការិយាល័យរដ្ឋាភិបាលនៅខែនេះដើម្បីជួយពលរដ្ឋក្រុងហុងកុងដាក់ពាក្យសុំទៅរស់នៅតៃវ៉ាន់ ក្រោយពេលដែលចិន បានអនុម័តច្បាប់សន្តិសុខដែលបាននាំឲ្យពលរដ្ឋនៅក្នុងអតីតអាណានិគមរបស់ចក្រភពអង់គ្លេស ដែលបានតវ៉ាកាលពីឆ្នាំទៅប្រឆាំងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង មានការព្រួយបារម្ភ។តៃវ៉ាន់ នឹងផ្តល់កន្លែងជ្រកកោនតាមបែបប្រជាធិបតេយ្យរួចផុតពីការធ្វើទុកបុកម្នេញ។
ដោយសារតៃវ៉ាន់ ទើបតែបានបើកការិយាល័យសេវាកម្មរបស់ខ្លួននៅក្រុងហុងកុងតែ៦ថ្ងៃមុនប៉ុណ្ណោះ គេពិបាកវាស់ស្ទង់ថា តើអ្នកស្រុកហុងកុង នឹងចាប់អារម្មណ៍ច្រើន ឬតិចទេ។ ប៉ុន្តែពួកអ្នកវិភាគ ដែលបានតាមដានពីការទាក់ទងទៅវិញទៅមករវាងដែនដីហុងកុង និងកោះតៃវ៉ាន់រំពឹងថា មានពលរដ្ឋក្រុងហុងកុង មិនសូវច្រើនទេដែលព្យាយាមទៅតាំងទីលំនៅថ្មីនៅកោះតៃវ៉ាន់នោះ។
ចិន បានត្រួតត្រាក្រុងហុងកុងវិញនៅឆ្នាំ១៩៩៧។ តៃវ៉ាន់ ជាកោះគ្រប់គ្រងដោយខ្លួនឯង ថ្វីបើរដ្ឋាភិបាលរបស់ក្រុងប៉េកាំងអះអាងថា កោះនោះនៅស្ថិតនៅក្រោមការត្រួតត្រារបស់ចិនក៏ដោយ។
ពួកអ្នកវិភាគ និយាយថា ពួកអ្នកក្រុងហុងកុងភាគច្រើននិយមចូលចិត្តទៅប្រទេសលោកខាងលិច ដែលមានប្រាក់ខែខ្ពស់ជាងនៅកោះតៃវ៉ាន់ ហើយអ្នកខ្លះព្រួយបារម្ភថា កោះតៃវ៉ាន់ នៅទីបញ្ចប់ នឹងមានជម្លោះជាមួយចិន។
លោក Shane Lee ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយចូលនិវត្តន៍មកពីសាកលវិទ្យាល័យ Chang Jung Christian នៅកោះតៃវ៉ាន់។ លោកថ្លែងថា៖
«កោះតៃវ៉ាន់ ចំពោះពួកគេដូចជាក្រុងហុងកុងក្នុងថ្ងៃអនាគត។ ពួកគេ មន្ទិលសង្ស័យអំពីអនាគតរបស់កោះតៃវ៉ាន់ មិនដឹងថា តើនឹងមានសង្គ្រាម ឬ ក៏អត់»។
អ្នកស្រុកហុងកុងដែលភ័យខ្លាចខ្លះ នឹងចាប់អារម្មណ៍ចំពោះកោះតៃវ៉ាន់ ពីព្រោះតៃវ៉ាន់នៅជិតហុងកុង។ គេ អាចជិះយន្តហោះតែ៩០នាទី សោហ៊ុយរស់នៅថោក និងតៃវ៉ាន់មានវប្បធម៌ចិនស្រដៀងគ្នានឹងក្រុងហុងកុងដែរ។
គណកម្មការវិនិយោគតៃវ៉ាន់ ចុះបញ្ជីគំរោងវិនិយោគមកពីហុងកុងចំនួន ១៧៦០ ចាប់តាំងពីការចាប់ផ្តើមកត់ត្រាទុក នៅឆ្នាំ១៩៦២ ហើយគំរោងទាំងនោះសរុបទាំងអស់មានទឹកប្រាក់ចំនួន ៧៩០០ លានដុល្លារ។
លោក Liu Yih-jiun ជាសាស្រ្តាចារ្យកិច្ចការសាធារណៈនៅឯសាកលវិទ្យាល័យ Fo Guang កោះតៃវ៉ាន់។ លោកនិយាយថា ពួកអ្នកមានទ្រព្យសម្បត្តិ ដែលរត់គេចចេញពីទីក្រុងហុងកុង ទំនងជានឹងទៅកាន់ប្រទេសលោកខាងលិចច្រើនជាងទៅកោះតៃវ៉ាន់។ ពួកគេ ចាកចេញនៅឆ្នាំ១៩៩៧ ទៅកាន់ប្រទេសអូស្រ្តាលី កាណាដា និងប្រទេសលោកខាងលិចផ្សេងៗទៀត។សោហ៊ុយរស់នៅកាន់តែថ្លៃឡើងនៅក្នុងប្រទេសលោកខាងលិច ហើយប្រាក់ខែក៏ខ្ពស់ដែរ។
ពួកអ្នកវិភាគ ព្រមានថា អ្នកធ្វើការធម្មតានៅក្រុងហុងកុង នឹងប្រឈមនឹងការទទួលបានប្រាក់ខែតិចនៅកោះតៃវ៉ាន់ បើប្រៀបធៀបទៅនឹងក្រុងហុងកុង។ ម្យ៉ាងទៀតទីផ្សារការងារមានកម្រិតសម្រាប់អ្នកទើបមកដល់ថ្មី ដែលមិនមានទំនាក់ទំនង និងអ្នកដែលនិយាយភាសាចិនកន្តាំងរបស់ក្រុងហុងកុង ជាជាងភាសាចិនកុកងឺផ្លូវការដែលជនជាតិតៃវ៉ាន់ប្រើ។
តាមទិន្ន័យ Numbeo បានប្រាប់ឲ្យដឹងថា ប្រាក់ខែប្រចាំខែក្នុងក្រុងហុងកុង មានចំនួន២ដងច្រើនជាងប្រាក់ខែរបស់អ្នកធ្វើការនៅកោះតៃវ៉ាន់។ លោក Liu Yih-jun និយាយថា៖ «ភាសាតែមួយគត់ដែលពួកគេអាចទាក់ទងជាមួយមនុស្សបាន គឺចិនកន្តាំង។ហើយសង្គមនេះរាក់ទាក់ ក៏ប៉ុន្តែមិនជារាក់ទាក់ណាស់ណាទេ។ បើពួកកម្មករបរទេសទាំងនោះ ចង់ប្រកួតប្រជែងរកការងារនោះ ពួកគេ នឹងជួបប្រទះការរើសអើងយ៉ាងខ្លាំង»។
លោក Alex Chiang ជាសាស្រ្តាចារ្យជំនួយខាងនយោបាយអន្តរជាតិនៅឯសាកលវិទ្យាល័យជាតិ Chengchi ក្នុងក្រុងតៃប៉ិនិយាយថា ពួកអ្នកចូលនិវត្តន៍ហុងកុង អាចពិចារណាអំពីការរស់នៅតៃវ៉ាន់ថា ពីព្រោះសាហ៊ុយចាយវាយតិចជាង ក៏ប៉ុន្តែ មនុស្សដែលត្រូវការប្រាក់ នឹងជៀសវាងកោះតៃវ៉ាន់។
លោក Chiang និយាយទៀតថា៖ «សោហ៊ុយរស់នៅទាប ក៏ប៉ុន្តែ ខ្ញុំគិតថា ប្រាក់ខែមិនអាចប្រៀបធៀបទៅក្រុងហុងកុង ដែលមានច្រើននោះទេ។ ខ្ញុំគិតថា ពួកគេ នឹងទៅទីកន្លែងផ្សេង ដែលពួកគេអាចរកប្រាក់បានច្រើន»។
ប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានស្នើវិធីផ្សេងៗដើម្បីទទួលយកពលរដ្ឋក្រុងហុងកុងជាជនភៀសខ្លួន ក្រោយពីមានច្បាប់ថ្មីរបស់ចិននោះ។
ចិន បានអនុម័តច្បាប់សន្តិសុខថ្មីក្រុងហុងកុងនៅថ្ងៃទី៣០ ខែមិថុនា ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងហិង្សា ដែលបានធ្វើឲ្យរង្គើទីក្រុងហុងកុងកាលពីឆ្នាំទៅ។ ច្បាប់នោះ ចាត់ទុកជាទោសឧក្រិដ្ឋចំពោះការទាមទារបំបែករដ្ឋ ការធ្វើវិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស។
ការិយាល័យកិច្ចការកោះតៃវ៉ាន់ បានស្នើផ្តល់ជំនួយមនុស្សធម៌ដល់ពួកអ្នកក្រុងហុងកុងទាំងនោះ ដើម្បីជួយស្វែងរកការងារ និងប្រាប់ពីរបៀបវិនិយោគទុន ឬ បង្កើតរបររកស៊ី។
ក្រុមប្រឹក្សាកិច្ចការចិនដីគោក ដែលជាទីភ្នាក់ងាររដ្ឋាភិបាលទទួលខុសត្រូវគោលនយោបាយចិន មិនបានឆ្លើយតបទៅនឹងសំណើថ្ងៃទី៦ ខែកក្កដា ដើម្បីសុំទិន្ន័យពីចំនួនមនុស្ស ដែលសុំជំនួយទាំងនោះ។ បណ្តាញព័ត៌មានរាយការណ៍ថា ការិយាល័យនេះ បានទទួលការស្វែងរកព័ត៌មាន ចំនួន១៨០ នៅថ្ងៃទី១ របស់ខ្លួន។
កាលពីឆ្នាំទៅពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុងហុងកុង បានសុំឲ្យពួកអ្នកតាក់តែងច្បាប់តៃវ៉ាន់ ពិចារណាអំពីច្បាប់សុំសិទ្ធិជ្រកកោន។ដោយគិតដល់សន្តិសុខផ្ទាល់របស់ខ្លួន តៃវ៉ាន់ បានដោះស្រាយការដាក់ពាក្យសុំរបស់អ្នកសុំសិទ្ធិជ្រកកោនមកពីក្រុងហុងកុង និងចិនដីគោកម្តងមួយៗ។ ចិន មិនបានបោះបង់ចោលការប្រើកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ ដើម្បីបង្រួបបង្រួមភាគីទាំង២។
លោក Lee និយាយថា តៃវ៉ាន់ នៅតែសង្ឃឹមថា នឹងបញ្ចៀស«ការទទួលបន្ទុកសង្គម»ដោយការកំណត់ការដាក់ពាក្យសុំការស់នៅរបស់ប្រជាពលរដ្ឋក្រុងហុងកុង។
ទីភ្នាក់ងារព័ត៌មានកណ្តាលដែលគាំទ្រដោយរដ្ឋាភិបាលនៅក្នុងទីក្រុងតៃប៉ិ បានរាយការណ៍ថា មនុស្សជាង៥ពាន់នាក់ មកពីទីក្រុងហុងកុង បានទទួលប័ណ្ណអនុញ្ញាតិឲ្យរស់នៅលើកោះតៃវ៉ាន់កាលពីឆ្នាំទៅ ដែលជាការកើនឡើងចំនួន៤០ភាគរយច្រើនជាងឆ្នាំ២០១៨៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន