តើហេតុអ្វី​ចិន​ឃុំ​ខ្លួន​មហាសេដ្ឋី​ចិន និង​រឹបអូស​យក​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រូប​នេះ?

រូបឯកសារ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជនជាតិ​ចិន​ឈ្មោះ Sun Dawu ឈរ​នៅ​ក្នុង​ឃ្លាំងស្តុក​ស្បៀង​មួយកន្លែង​ក្នុង​ទីក្រុង Hebei កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

អាជ្ញាធរ​ចិន​ បាន​រឹបអូស​ការ​គ្រប់គ្រង​លើក្រុមហ៊ុន​ចិញ្ចឹម​សត្វ​ និង​កសិកម្ម​ខ្នាត​យក្ស​មួយ​ឈ្មោះ Hebei Dawu ដែល​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​ថា​ ជា​សហគ្រាស​មួយ​ក្នុង​ចំណោម​សហគ្រាស​ឯកជន​ធំៗ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។​

លោក Sun Dawu ដែល​ជា​ស្ថាបនិក និង​នាយក​ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា រួម​ជាមួយ​នឹង​សមាជិក​គ្រួសារ និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ជាង​២០នាក់​ផ្សេង​ទៀត។ លោក Sun ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ «បង្ក​ឱ្យ​មាន​ជម្លោះ និង​ផលិតកម្ម​មាន​ការ​រំខាន»។

អាជ្ញាធរ​ មិន​បាន​ពន្យល់​ពី​មូលហេតុ​ពី​ការ​ឃុំ​ខ្លួន​មហាសេដ្ឋី​រូប​នេះ​នោះ​ទេ។ ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ចិន​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​នេះ​ មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​កសិដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ ប៉ុន្តែ​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក Sun និយាយ​ថា ការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ដែល​ត្រូវ​បាន​គេ​ដឹងឮយ៉ាង​ខ្លាំង​នោះ ​ទំនង​ជា​មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​នេះ។

ជម្លោះ​ដីធ្លី

នៅ​ក្នុង​ខែសីហា បុគ្គលិក​របស់​ក្រុមហ៊ុន Dawu Group ត្រូវ​បាន​រាយការ​ណ៍​ថា​ បានប៉ះទង្គិច​គ្នា​ជាមួយនឹងបុគ្គលិករបស់កសិដ្ឋានមួយដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ក្នុង​អំឡុងពេល​មាន​ជម្លោះ​ដីធ្លី។ បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក Sun មនុស្ស​ជាង​២០នាក់​ បាន​រងរបួស។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ លោក Sun បាន​ប្រាប់​ថា ច្បាស់​ណាស់​ប៉ូលិស​កាន់​ជើង​កសិដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដោយសារ​តែ «កសិដ្ឋាន​នោះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ» ប៉ុន្តែ «ពួកគេ​ជា​ក្រុម​អ្នក​លេង​ដែល​កេងប្រវ័ញ្ច​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​ប្រើប្រាស់​ឈ្មោះ​រដ្ឋ»។

នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ប៉ូលិស​មូលដ្ឋាន​ បាន​បង្ហោះ​នៅ​លើ​គណនី WeChat ផ្លូវ​ការ​របស់​ខ្លួន​ថា លោក Sun រួម​ជាមួយ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​ដែល​រឿងក្តី​នេះ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត។ ​

លោក Wang Yingguo ដែល​ជា​សហគ្រិន​ចិន​ម្នាក់ និង​ជា​មនុស្ស​ជំនិត​របស់​លោក Sun បាន​ប្រាប់ VOA ថា បើ​ទោះបី​ជា​លោក Sun មាន​ជម្លោះ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្សេង​ក្តី រឿង​ក្តី​នេះ​ គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ក្តី​រដ្ឋប្បវេណី​ជាជាង​រឿងក្តី​ព្រហ្មទណ្ឌ។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ឥឡូវ​នេះ ក្រុមហ៊ុន​របស់​លោក Sun ​ត្រូវ​បាន​រដ្ឋាភិបាល​គ្រប់គ្រង​ជំនួសហើយ។ រឿង​នេះ​ កាន់​តែ​វែងឆ្ងាយ​ហើយ មិន​មែន​គ្រាន់​តែ​ជាបញ្ហាក្រុមហ៊ុន​តែ​ប៉ុណ្ណោះទេ»។

លោក Wang បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក Sun បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​ពង្រីក​សកម្មភាព​ក្រៅ​ពី​អាជីវកម្ម​កសិកម្ម ដែល​ពី​មុន​ធ្លាប់​ជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​នេះ​មានពហុកីឡដ្ឋានដែលមានកៅអីអង្គុយ​ចំនួន​ ២០.០០០ និង​មន្ទីរពេទ្យ​មួយ​ដែល​បុគ្គលិក​របស់​ក្រុមហ៊ុន Dawu និង​ពលរដ្ឋ​មូលដ្ឋាន ​អាច​ទទួល​សេវា​ថែទាំ​សុខភាព​បាន។ លោក Wang បាន​និយាយ​ថា ការ​ផ្តល់​អត្ថប្រយោជន៍​បែប​នេះ​ បាន​ធ្វើ​ឱ្យ​លោក Sun មាន​ភាព​ល្បីល្បាញ និង​គំរាមកំហែង​ដល់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​មូលដ្ឋាន។

លោក Wang ក៏​បាន​និយាយ​ថា អត្ថាធិប្បាយ​ជាច្រើន​របស់​លោក Sun ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ WeChat គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ។

លោក Teng Biao ដែល​ជា​មេធាវី​សិទ្ធិមនុស្ស​រស់នៅ​ភៀស​ខ្លួន​ម្នាក់​បាន​ប្រាប់ VOA ថា លោក Sun បាន​សរសើរ​ដល់​ការងារ​របស់​មេធាវី​សិទ្ធិ​មនុស្ស​ដែល​ជាប់​ពន្ធនាគារ និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​រិះគន់​មួយ​ចំនួន​ទៅ​លើ​លោក​ប្រធានាធិបតី ស៊ី ជីនពីង រួម​ទាំង​មហាសេដ្ឋី​អចលនទ្រព្យ លោក Ren Zhiqiang ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១៨ឆ្នាំ​ កាលពី​ខែ​កញ្ញា​ ផង​ដែរ។

លោក Teng បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «លោក Sun គឺ​ជា​សហគ្រិន​ម្នាក់​ក្នុង​ចំណោម​សហគ្រិន​ចិន​តិច​បំផុត ដែល​គាំទ្រ​នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស»។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរ​ចិន​ បាន​ចាប់​ខ្លួន​មេធាវី​សិទ្ធិ​មនុស្ស​ជិត​១០០នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដែល​មេធាវី​និយាយ​ថា ជា​ការ​រំខានយាយី​ដល់​វិជ្ជាជីវៈ​ច្បាប់។

នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ខាង​លើ លោក Sun បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា «តើ​វា​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​អ្វី? ខ្ញុំ​គិត​ថា នេះ​ជា​ការ​ផ្ទុយ​គ្នា​រវាង «ការ​រក្សា​ស្ថិរភាព» និង «ការ​រក្សា​សិទ្ធិ​មនុស្ស»។

ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

នេះ​ជា​លើក​ទី២​ហើយ ​ដែល​លោក Sun ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន។

នៅ​ក្នុង​ឆ្នាំ២០០៣ នៅ​ពេល​លោក​កំពុង​ស្វែងរក​ប្រាក់​កម្ចី​ពី​ធនាគារ​ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម​របស់​លោក លោក​មិន​អាច​រក​ធនាគារ​ដែល​មាន​ឆន្ទៈ​ផ្តល់​ប្រាក់​កម្ចី​ដល់​លោក​នោះ​ទេ។ ប៉ុន្តែ​នៅ​ចន្លោះ​ខែមករា ឆ្នាំ២០០០ ដល់​ខែឧសភា ឆ្នាំ២០០៣ ក្រុមហ៊ុន Dawu Group បាន​ខ្ចី​ប្រាក់​ប្រមាណ​៣០លាន​ដុល្លារ​ពី​មិត្តភក្តិ និង​អ្នក​ជិតខាង ដោយ​ប្រើ​លិខិត​ជំពាក់​ប្រាក់​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​ធនាគារ។

លោក Wang បាន​និយាយ​ថា ការ​អនុវត្ត​ការ​ខ្ចីប្រាក់​ឯកជន​បែប​នេះ​ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​ បាន​ចោទប្រកាន់​លោក Sun ពី​ការ​រៃអង្គាស​ប្រាក់​ខុស​ច្បាប់។

លោក Sun ត្រូវ​បាន​កាត់ទោស​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០០៣។ រឿងក្តី​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការគាំទ្រ​ពី​សាធារណជន​យ៉ាង​ខ្លាំង ដែល​មេធាវី​របស់​លោក Sun ជឿជាក់​ថា បាន​ជួយ​ដល់​ការ​ព្យួរ​ទោស​របស់​លោក Sun ជាបន្តបន្ទាប់៕