កម្មវិធីរបស់មន្ទីរបញ្ចកោណដែលមានអាយុមួយទសវត្សរ៍មកហើយ ដែលបានផ្តល់នូវអាវុធនិងយានយន្តយោធាដល់នាយកដ្ឋានប៉ូលិសនានាក្នុងសហរដ្ឋអាមេរិក កំពុងទាក់ទាញឲ្យមានការត្រួតពិនិត្យជាថ្មី បន្ទាប់ពីមានការប្រឆាំងតវ៉ាអស់ជាច្រើនសប្តាហ៍ចំពោះការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកលោក George Floyd នៅក្រោមដែនសមត្ថកិច្ចរបស់ប៉ូលិសទីក្រុង Minneapolis។
គំនិតផ្តួចផ្តើមនោះ ដែលគេស្គាល់ថាជា «កម្មវិធី១០៣៣» (1033 program) បានផ្តល់ឲ្យនាយកដ្ឋានប៉ូលិស(នានា)នូវសម្ភារៈយោធាដែលមានតម្លៃជាង៧ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩១មក ដែលក្នុងនោះមានបរិក្ខារយោធាដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក រាប់ចាប់ពីកាំភ្លើងវែងស្វ័យប្រវត្តិរហូតដល់រថយន្តយោធាដែលធន់នឹងគ្រាប់មីនទម្ងន់៤០តោន ដែលត្រូវបានផលិតឡើងសម្រាប់កងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសអ៊ីរ៉ាក់។
មន្រ្តីអនុវត្តច្បាប់ក្នុងស្រុកបានថ្លែងការពារនូវកម្មវិធីនេះ ដោយនិយាយថា គ្រឿងបរិក្ខារយោធាទាំងនេះបានជួយការពារជិវិតមនុស្ស និងជួយឲ្យប៉ូលិសមានលទ្ធភាពក្នុងការឆ្លើយតបចំពោះភាពអាសន្នផ្សេងៗ។ ប៉ុន្តែអ្នករិះគន់បានលើកឡើងថា គ្រឿងឧបករណ៍ទាំងនេះលើកទឹកចិត្តមន្រ្តីប៉ូលិសឲ្យប្រើប្រាស់នូវរបៀបដៃធ្ងន់ជាមួយគ្រឿងអាវុធទាំងនេះក្នុងអំឡុងពេលនៃការស្រាវជ្រាវបង្រ្កាបគ្រឿងញៀនធម្មតា និងការតវ៉ានៅតាមដងផ្លូវ ដូចជា ករណីនៃការធ្វើបាតុកម្មប្រឆាំងនឹងស្លាប់របស់លោក Floyd ជាដើម។
ឆ្លើយតបចំពោះការរិះគន់របស់សាធារណជន ដែលថា កម្មវិធី១០៣៣បានជួយជំរុញ ដល់ស្ថាប័នប៉ូលិសប្រែក្លាយទៅជាមានលក្ខណៈយោធានោះ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងឆ្នាំ២០១៥ បានដាក់កម្រិតយ៉ាងខ្លាំងដល់កម្មវិធីនេះ ដោយហាមប្រាមដល់ការផ្តល់ឲ្យប៉ូលិសនូវជំពុះទង់ កាំភ្លើងបាញ់គ្រាប់បែក គ្រឿងបរិក្ខារយោធា និងកាំភ្លើងជាច្រើនប្រភេទផ្សេងៗទៀត។ នាយកដ្ឋានប៉ូលិសនៅពេលនោះបានប្រគល់ត្រឡប់មកវិញនូវរថយន្តយោធាចំនួន១២៦គ្រឿង កាំភ្លើងបាញ់គ្រាប់បែកចំនួន១៣៨ និងជំពុះទង់ចំនួន១.៦២៣។
ប៉ុន្តែក្រោយមកទៀតលោកប្រធានាធិបតីអាមេរិក Donald Trump បានលុបចោលនូវបម្រាមនោះវិញក្នុងខែសីហាឆ្នាំ២០១៧ ដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Jeff Sessions បានបដិសេធនូវការព្រួយបារម្ភរបស់រដ្ឋបាលលោកអតីតប្រធានាធិបតី Obama ដែលថា កម្មវិធីនេះ ថាមានភាព «មិនប្រាកដប្រជា» និងបានរិះគន់ចំពោះការដាក់កម្រិតដល់ឧបករណ៍សម្រាប់«ជួយសង្គ្រោះជីវិតនេះ»។
ចាប់តាំងពីពេលនោះមក ក្រសួងការពារជាតិអាមេរិកបានផ្តល់នូវទឹកប្រាក់បន្ថែម ប្រមាណ១ពាន់លានដុល្លារអាមេរិក ចំពោះអ្វីដែលខ្លួនហៅថាជា «ទ្រព្យសម្បត្តិលើសសេចក្តីត្រូវការ» ទៅឲ្យនាយកដ្ឋានប៉ូលិសនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមទីភ្នាក់ងារភស្តុភារកាពារជាតិ Defense Logistics Agency (DLA)។
ដោយពឹងផ្អែកលើជំនួយបរិក្ខារយោធា មន្ត្រីប៉ូលិសដែលប្រដាប់ដោយបរិក្ខារបង្រ្កាបកុបកម្ម ត្រូវបានដាក់ពង្រាយនៅជុំវិញប្រទេស ដែលនាំឲ្យមានការប្រដូចកម្លាំងប៉ូលិសទៅនឹងកងយោធា។ នៅកន្លែងខ្លះក្នុងសហរដ្ឋអាមេរិក ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកភ្លើង ថ្នាំបាញ់ធ្វើឲ្យផ្សាភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើមក្នុងការបំបែកក្រុមបាតុករ។
ការបង្ហាញនូវកម្លាំងនេះ អាចបញ្ជាក់ថា នាយកដ្ឋានប៉ូលិសជាច្រើនមិនបាន «ទទួលសារ» ដែលថាក្រុមបាតុករកំពុងតវ៉ាចំពោះវិធីដែលប៉ូលិសប្រើប្រាស់បរិក្ខារធុនធ្ងន់ក្នុងការបង្ក្រាបពួកគេ នេះបើតាមការលើកឡើងរបស់លោក Tom Nolan អតីតមន្រ្តីប៉ូលិសទីក្រុង Boston ហើយបច្ចុប្បន្នជាសាស្រ្តាចារ្យមុខវិជ្ជាសង្គមវិទ្យានៃមហាវិទ្យាល័យ Emmanuel។
«កម្រិតនៃការធ្វើសកម្មភាពដូចយោធារបស់ប៉ូលិស ដែលត្រូវបានយកមកប្រើប្រាស់ ដើម្បីឆ្លើយតបនឹងកម្រិតនៃការកើនឡើងការប្រឆាំងតវ៉ា គឺខ្លាំងជាងនិងមានទ្រង់ទ្រាយធំជាងអ្វីដែលយើងបានឃើញក្នុងឆ្នាំ២០១៤» នេះបើតាមសម្តីរបស់លោក Nolan ដែលរំឭកដល់ការប្រឆាំងតវ៉ានៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤ ក្រោយបុរសស្បែកខ្មៅវ័យក្មេងម្នាក់ឈ្មោះ Michael Brown ត្រូវបានមន្រ្តីប៉ូលិសស្បែកសលោក Darren Wilson បាញ់សម្លាប់ក្នុងទីក្រុង Ferguson រដ្ឋ Missouri។
ការធ្វើបាតុកម្មប្រឆាំងតវ៉ាទាំងនេះនាំឲ្យមានការពិភាក្សាពីភាពតានតឹងរវាងប៉ូលិសនិងសហគមន៍ពលរដ្ឋអាមេរិកដែលមានដើមកំណើតអាហ្វ្រិក ការធ្វើសកម្មភាពរបស់ប៉ូលិសដូច កងយោធា និងការប្រើប្រាស់កម្លាំងហួសហេតុ។
មន្រ្តីអនុវត្តច្បាប់ក្នុងស្រុកមួយចំនួននិយាយថា វាមិនត្រឹមត្រូវទេក្នុងការស្តីបន្ទោសដល់ការប្រើប្រាស់ឧបករណ៍យោធាដែលមានកម្លាំងហួសហេតុដោយប៉ូលិសនោះ។
«គ្រឿងឧបករណ៍បរិក្ខារមិនមែនជាបញ្ហានោះទេ» នេះបើតាមលោក Art Acevedoប្រធានប៉ូលិសទីក្រុង Houston និងជាប្រធានសមាគមន៍ Major Cities Chiefs Association ។
លោក Acevedo បន្ថែមទៀតថា ក្នុងទីក្រុង San Marcos រដ្ឋតិចសាស ប៉ូលិសបានប្រើប្រាស់រថយន្តយោធាដែលធន់នឹងគ្រាប់មីន ឬ MRAP ដើម្បីជួយសង្គ្រោះក្រុមកុមារក្នុងអំឡុងពេលមានទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១៥។ កាលពីឆ្នាំទៅ ក្នុងទីក្រុង Dayton រដ្ឋ Ohio ប៉ូលិសដែលប្រដាប់ដោយកាំភ្លើងវែង ដែលមានលក្ខណៈជាកាំភ្លើងយោធានោះ បានបាញ់សម្លាប់ជនសង្ស័យម្នាក់ដែលបានសម្លាប់មនុស្សចំនួន៩នាក់។
ក្នុងទីក្រុង Houston ដែលជាទីក្រុងធំបំផុតទី៤ក្នុងសហរដ្ឋអាមេរិក មន្រ្តីប៉ូលិសមិនទាន់បានប្រើប្រាស់រថយន្តយោធា MRAP ឬរថយន្ត Humvees នៅឡើយទេ។
ទោះជាយ៉ាងណាក្តី លោក Acevedo បាននិយាយថា ការប្រើប្រាស់បរិក្ខារយោធារបស់ប៉ូលិសនៅតែ «ជាបញ្ហាសមស្រប» និងអាចជាប្រធានបទនៃការពិភាក្សាគ្នា។
លោក Acevedo បានបន្តក្នុងសម្តីដើមថា៖ «អ្វីដែលយើងត្រូវគិតគឺឧបករណ៍ដែលត្រូវបានផ្តល់ទៅឲ្យមន្រ្តីអនុវត្តច្បាប់ទៅវិញទេ។ តើឧបករណ៍នោះត្រូវបានគេប្រើប្រាស់ដោយរបៀបណា ហើយថាតើគោលការណ៏ច្បាប់និងនីតិវិធីនៃការប្រើប្រាស់ឧបករណ៍ទាំងនោះមានដូចម្តេចខ្លះ? អ្វីជាការមើលរំលង ហើយការបញ្ជានិងការគ្រប់គ្រងមានលក្ខណៈដូចមេ្តច?»
បញ្ហាដែលមានឫសគល់ក្នុងទសវត្សរ៍ ១៩៦០
ការប្រើប្រាស់ឧបករណ៍យោធាដោយប៉ូលិសបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលបានផ្តល់ថវិកាជាលើកដំបូងដល់នាយកដ្ឋានប៉ូលិស ដើម្បីទិញឧបករណ៍យោធាក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋ។ ទោះជាយ៉ាងនេះក្តី សកម្មភាពនេះមិនបានចាប់ផ្តើមភ្លាមៗទេ រហូតដល់ឆ្នាំ១៩៨៩ នៅពេលដែលសភាអាមេរិក បានអនុញ្ញាតឲ្យមានការផ្តល់ឧបករណ៍យោធាដែលផលិតលើសសេចក្តីត្រូវការរបស់យោធាទៅឲ្យនាយកដ្ឋានប៉ូលិស ដែលក្រោយមកគេស្គាល់កម្មវិធីនោះថាជាកម្មវិធី១០៣៣។
បើយោងតាមលោក Nola អ្វីដែលជំរុញឲ្យមានកម្មវិធីនេះឡើង គឺកាលនោះប្រទេសអាមេរិកកំពុងធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន នៅពេលដែលអាវុធរបស់ប៉ូលិសនៅពេលនោះ មានលក្ខណៈអន់ជាងក្រុមជួញដូរគ្រឿងញៀន ដែលប្រដាប់ដោយអាវុធស្វ័យប្រវត្តិដែលមានកម្លាំងខ្លាំងជាងប៉ូលិស។
នៅក្នុងអំឡុងពេលនៃការវាយប្រហារដោយអំពើភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១ ការប្រើប្រាស់ឧបករណ៍យោធាដោយប៉ូលិស ត្រូវបានពង្រីកកាន់តែធំថែមទៀត នៅពេលដែលរដ្ឋាភិបាលសហព័ន្ធ បានផ្តល់ថវិការរាប់ពាន់លានដុល្លារ ដើម្បីទិញអាវុធឲ្យនាយដ្ឋានប៉ូលិសក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយបានផ្លាស់ប្តូរក្រុមប៉ូលិសពីភ្នាក់ងារអនុវត្តច្បាប់ទៅជា «កងកម្លាំងជួរមុខក្នុងសង្រ្គាមប្រឆាំងភេរវកម្ម» នេះបើតាមការលើកឡើងរបស់លោក Nolan ។
ទោះបីក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌បានផ្តល់លុយយ៉ាងច្រើនដល់មន្ត្រីអនុវត្តច្បាប់ក្នុងស្រុកក្តី ក៏នាយកដ្ឋានប៉ូលិសមើលឃើញជាយូរមកហើយថា កម្មវិធី១០៣៣ មានលក្ខណៈងាយស្រួលក្នុងការទទួលបាននូវឧបករណ៍ជាមួយលក្ខខណ្ឌភ្ជាប់តែពីរបីតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៧ ការិយាល័យគណនេយ្យភាពទូទៅ (General Accounting Office) បានបង្កើតទីភ្នាក់ងារសហព័ន្ធមួយ ដោយមានលទ្ធភាពប្រមូលយកគ្រប់គ្រងនូវឧបករណ៍ប្រមាណជាង១០០មុខ ដែលមានតម្លៃប៉ាន់ស្មានប្រហែល១,២លានដុល្លារ។
លោក Carl Takei មេធាវីជាន់ខ្ពស់នៃសហជីព American Civil Liberties ឬ ACLU ដែលផ្តោតលើសកម្មភាពអនុវត្តរបស់ប៉ូលិសបាននិយាយថា៖ «វាដូចជាសៀវភៅcatalog (រាយបញ្ជី) មួយក្បាលដែលយើងអាចជ្រើសរើសបាននូវឧបករណ៍ទាំងនោះដោយសេរី»។
រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិកបានផ្តល់ឧបករណ៍យោធាដែលមានតម្លៃប្រមាណ៧,៥ពាន់លានដុល្លារដល់នាយកដ្ឋានប៉ូលិសចំនួនប្រមាណ៨.២០០នាយកដ្ឋាន នេះបើយោងតាមទីភ្នាក់ងារភស្តុភារការពារជាតិ។ ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ជាទូទៅ អាវុធធុនតូចមានចំនួន៥ភាគរយ និងរថយន្តយោធាធុនធ្ងន់មានចំនួនតិចជាង១ភាគរយ នៃឧបករណ៍ដែលត្រូវបានផ្តល់ឲ្យប៉ូលិស៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ