អង្គការ WHO៖ ពិភពលោក​មាន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​សៅរ៍ ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់

បុគ្គលិក​ម្នាក់​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Mugda និង​មន្ទីរពេទ្យ បាន​ធ្វើ​​កាយវិទការ ខណៈ​ដែល​លោក​ណែនាំ​ដល់​ពលរដ្ឋ​​ដែល​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ឲ្យ​មក​ធ្វើ​តេស្ត ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០។

ពិភពលោក​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់ ដែល​មាន​ចំនួន ២១២.៣២៦ ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO។

សហរដ្ឋ​អាមេរិក ប្រទេស​ប្រេស៊ីល និង​ឥណ្ឌា មាន​ការ​កើន​ឡើង​ច្រើន​ជាង​គេ​បំផុត។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អង្គការ WHO។ ការ​ឆ្លង​ដែល​អង្គការ WHO បាន​រាយការណ៍​សម្រាប់​ថ្ងៃ​ទី ២៨ ខែ​មិថុនា គឺ​មាន​ចំនួន ១៨៩.០៧៧ ករណី។

ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ នៅតែ​មាន​ជា​បន្ត គឺ​ចំនួន​ប្រហែល ៥ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​លើ​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​ជាង ១១ លាន​នាក់​ហើយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ ចំនួន ៥២.៤៩២ ករណី សម្រាប់​ថ្ងៃ​សៅរ៍​ម្សិលមិញ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ករណី​ឆ្លង​ជំងឺ​នេះ​សរុប​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន ២.៨៣៩.៩១៧ ករណី ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​មាន​ចំនួន ១២៩.៦៧៦ ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។

ចំណែក​ឯ​ប្រទេស​ប្រេស៊ីល​វិញ បាន​រាយការណ៍​អំពី​ការ​ឆ្លង​ថ្មី​ចំនួន ៤៨.១០៥ ករណី កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins បាន​បង្ហាញ​ថា ប្រេស៊ីល​មាន​ករណី​ឆ្លង​សរុប​ចំនួន ១.៥៧៧.០០៤ ករណី ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន ៦៤.២៦៥ ករណី។

រី​ឯ​នៅ​ប្រទេស​ឥណ្ឌា​វិញ មាន​ការ​ឆ្លង​ថ្មី​ចំនួន​ជិត ២៣.០០០ ករណី​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៦៧៣.១៦៥ នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ១៩.២៦៨ នាក់៕