អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃចន្ទថា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានឈានចូលក្នុងដំណាក់កាលដ៏សំខាន់មួយ ស្របពេលដែលការឆ្លងរាលដាលនៃជំងឺនេះ កំពុងបន្តកើនឡើងយ៉ាងខ្លាំង បើទោះបីជាមានវិធានការទប់ស្កាត់យ៉ាងណាក្តី ដោយក្នុងនោះចំនួនអ្នកឆ្លងក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូង បានកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក ដែលតម្រូវឲ្យប្រទេសទាំងនោះដាក់ចេញនូវវិធានការតឹងរ៉ឹងមួយចំនួនថែមទៀត។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ពលរដ្ឋអង់គ្លេសហាក់ដូចជាមានសេរីភាពខ្លះៗឡើងវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ នៅពេលដែលការទប់ស្កាត់បានត្រូវបន្ធូរបន្ថយដែលនេះជាការបង្ហាញឲ្យឃើញថា តើបណ្តាប្រទេសដែលបានចាក់វ៉ាក់សាំងយ៉ាងលឿនដល់ពលរដ្ឋរបស់ខ្លួនបានធ្វើដំណើរលឿនទៅមុខជាងប្រទេសក្រីក្រជាច្រើន ដែលមិនទាន់មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះយ៉ាងដូចម្តេច។
ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ២ លាន៩សែននាក់ និងមានអ្នកឆ្លងប្រមាណជិត១៣៦លាននាក់នៅជុំវិញពិភពលោក។
ក៏ប៉ុន្តែ ប្រធានក្រុមបច្ចេកទេសនៃអង្គការសុខភាពពិភពលោកស្តីពីជំងឺកូវីដ១៩ អ្នកស្រី Maria Van Kerkhove បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថា៖ «ដំណើរនៃការឆ្លងរបស់ជំងឺរាត ត្បាតកូវីដ១៩ កំពុងមានកើនឡើងយ៉ាងខ្លាំង។
នេះមិនមែនជាស្ថានភាពមួយដែលយើងចង់ឃើញ ក្នុងរយៈពេល១៦ខែ បន្ទាប់ពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នោះទេ នៅពេលដែលយើងមានវិធានការទប់ទល់ជាច្រើនក្នុងពេលកន្លងមកនោះ។ យើងកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ»៕