អង្គការ​​​សុខភាព​​​ពិភពលោក៖ ការ​​​រាត​​​ត្បាត​​​​​មេរោគ​​​អេបូឡា​​​មិន​​​អាច​​​មើល​​​ស្រាល​​​បាន​​​ទេ 

បុគ្គលិក​​​ពេទ្យយក​​​អាហារ​​​ទៅ​​​ឱ្យ​​​អ្នក​​​ជំងឺ​​​អេបូឡា​​​ដែល​​​ត្រូវ​​​បាន​​​ឱ្យ​​​នៅ​​​ឆ្ញាយ​​​ពី​​​គេ​​​​​​ នៅ​​​តំបន់ Kailahun នៃ​​​ប្រទេស​​​សេរ៉ាលេអូន នៅ​​​ថ្ងៃ​​​ទី​​​២០ សីហា ឆ្នាំ​​​២០១៤។ REUTERS/Tommy Trenchard

អង្គការ​សុខ​ភាព​ពិភពលោក​កំពុង​ព្រមាន​ថា ទំហំ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​អេបូ​ឡា​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច មិន​អាចមើល​ស្រាល​បាន​ឡើយ។

នៅ​ឆ្នាំ​២០១៤​នេះ មាន​មនុស្ស​១០៦៩​នាក់ ​បាន​ស្លាប់ដោយ​សារ​មេរោគ​នេះ​ក្នុង​ប្រ​ទេស ហ្គីណេ លីបេរីយ៉ា និង​ប្រទេស​សេរ៉ាលេអូន។ ហើយ​មនុស្ស​ជិត២​ពាន់​នាក់​ទៀត ​បាន​ធ្លាក់​ខ្លួន​ឈឺ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ ​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​មាន​ការ​ព្រួយ​បារម្ភពី​ចំនួន​ទាំង​នោះ​ ហើយ​ចំនួន​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ពិត​ប្រាកដ​នោះ​ទេ។

​មេរោគ​អេបូឡា ​បាន​ត្រូវ​គេ​ដឹង​ថា ​មិនអាច​ព្យាបាល​ជា​ឬ​គ្មាន​ថ្នាំ​បង្ការ​ចាក់​ការពារ​នោះ​ទេ​ ទោះ​ជា​យ៉ាង​ណា ​នៅ​សប្តាហ៍​នេះ គណៈកម្មការ​អង្គការ​សុខ​ភាព​ពិភព​លោក បាន​គាំទ្រ​ផែនការ​ផ្តល់​ឱសថ​ដែល​មិន​ទាន់បាន​ពិសោធន៍ថា​មាន​ប្រសិទ្ធិ​ភាព​ដល់​អ្នក​ជំងឺ​ខ្លះ​ដើម្បី​ប្រយុទ្ធ​មេរោគ​នោះ។

ការ​ផ្គត់​ផ្គង់​ឱសថ​ដែល​មិន​ទាន់​បាន​ពិសោធន៍​ត្រូវ​បាន​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ ​ដែល​គេ​ស្គាល់​ថា ZMapp និង​ដែល​បាន​ទៅ​ដល់​ប្រទេស​លីបេរីយ៉ា កាល​ពី​ថ្ងៃ​ពុធ ​ដែល​នៅ​ទី​នោះ ឱសថ​នោះ ​នឹង​ត្រូវ​ផ្តល់​ឲ្យ​វេជ្ជបណ្ឌិត​២​នាក់៕