WHO៖ ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​កំពុង​ឆ្លង​រាតត្បាត​នៅ​ឥណ្ឌា​ជា​ការ​ព្រួយបារម្ភ​«កម្រិត​ពិភពលោក»

រូបឯកសារ៖ បុគ្គលិកសុខាភិបាលឥណ្ឌាកំពុងលើកសាកសពអ្នកជំងឺកូវីដ១៩ ដាក់ក្នុងរថយន្តនៅមុខមន្ទីរពេទ្យបណ្តោះអាសន្នមួយ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១។

អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​ការ​ព្រួយបារម្ភ​ «កម្រិត​ពិភពលោក»។

អ្នកស្រី Maria Van Kerkhove ប្រធាន​ក្រុម​បច្ចេកទេស​ផ្ដោត​លើ​ជំងឺ​កូវីដ១៩ ​របស់​អង្គការ WHO បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្ដី​ពី​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ B.1.617 យ៉ាង​ដូច្នេះ​ថា៖ «យើង​ចាត់ទុក​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​នេះ​ថា ​ជាវីរុស​បំប្លែង​ថ្មីដែល​គួរ​ឱ្យ​បារម្ភ​កម្រិត​ពិភពលោក»។

អ្នកស្រី​បាន​ថ្លែង​ទៀត​ថា៖ «យើង​មាន​ទិន្នន័យ​មួយ​ចំនួន​ដែលបញ្ជាក់​ថា ​[ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​នេះ] មាន​អត្រា​ឆ្លង​ខ្ពស់»។​

ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មីប្រភេទ B.1.617 ពី​ឥណ្ឌា​នេះ​ ចំនួន​ពីរ​ករណី។ ករណី​ឆ្លង​ថ្មី​នេះ​ត្រូវ​បាន​រកឃើញ​លើ​អ្នក​ដំណើរ​ពីរ​នាក់​ ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​ហ្វីលីពីន​វិញ​ កាល​ពី​ខែ​មេសា ​ពី​ប្រទេស​អូម៉ង់ និង​ប្រទេស​អេមីរ៉ាត អារ៉ាប់​រួម។​

ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា​បាន​ថយ​ចុះ​បន្តិច ​ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​អត្រា​ខ្ពស់​ដដែល។ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣២៩,៩៤២ ក្នុង​រយៈពេល​ ២៤​ ម៉ោង​ កាល​ពី​ថ្ងៃ​អង្គារ ដោយ​រួម​មាន​ករណី​ស្លាប់​ចំនួន ៣,៨៧៦ ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​និយាយ​ថា ពួកគេ​ជឿ​ថា ករណី​ឆ្លង​និង​ស្លាប់​ថ្មីដែល​ត្រូវ​បាន​រាយការណ៍ មាន​ចំនួន​តិច​ជាង​អត្រា​ឆ្លង​និង​ស្លាប់​ពិតប្រាកដ។

មក​ទល់​នឹង​ពេល​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​ចំនួន ២២ លាន ៩ សែន​ករណី និង​ករណី​ស្លាប់​សរុប​ចំនួន​ជិត​ ២ សែន ៥ ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក

ឥណ្ឌា​ស្ថិត​នៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​គឺ​មាន​ចំនួន ៣២,៧ លានករណី ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ក្នុង​ពិភពលោក​ចំនួន ១៥៨,៥​ លាន​ករណី៕