ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ WHO បាន​ទៅ​ពិនិត្យ​មើល​ផ្សារ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដំបូង

ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ស៊ើបអង្កេត​រក​ប្រភព​នៃ​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩ បាន​ទៅ​ទស្សនា​ទីផ្សារ​លក់​អាហារ​សមុទ្រ Huanan នៅ​ទីក្រុង​វូហាន ខេត្តហ៊ូប៉ី​នៅ​ភាគកណ្តាល​ប្រទេសចិន នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ស៊ើបអង្កេត​រក​ប្រភព​នៃ​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩ បាន​ទៅ​មើល​ផ្សារ​លក់​សាច់​សត្វ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ថ្ងៃ​អាទិត្យ។

ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩ មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​លក់​គ្រឿង​សមុទ្រ Huanan នៅពេល​ដែល​វីរុស​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan កាលពី​ចុង​ឆ្នាំ ២០១៩។ ចាប់​តាំងពី​ពេល​នោះ​មក វីរុស​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១០២ លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ២ លាន ២ សែន​នាក់។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ទៅ​ពិនិត្យ​មើល​មន្ទីរពេទ្យ​យ៉ាងហោច​ណាស់​ក៏​មួយ​កន្លែង​ដែរ​នៅ​ក្នុង​ទីក្រុង Wuhan ដែល​បាន​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ដំបូង​គេ​មួយ​ចំនួន។

អ្នក​វិទ្យាសាស្ត្រ​ចង់​ដឹង​អំពី​ប្រភព​នៃ​វីរុស​នេះ​ថា​តើ​វា​មាន​ប្រភព​ចេញ​ពី​សត្វ​អ្វី និង​ថាតើ​វា​ឆ្លង​ទៅ​មនុស្ស​តាម​វិធី​ណា។ នេះ​ជា​បញ្ហា​ដែល​អាច​ត្រូវ​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ដើម្បី​ស្វែងរក។

អង្គការ WHO បាន​បញ្ជាក់​ថា អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​ក៏​មាន​គម្រោង​ផងដែរ​ក្នុង​ការ​ទៅ​មើល​វិទ្យាស្ថាន​វីរុសសាស្ត្រ Wuhan និង​មន្ទីរ​ពិសោធន៍​នានា​របស់​រដ្ឋ​ដូចជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ក្រុង Wuhan ជាដើម៕