សមាជគណបក្សកុម្មុយនីស្ដចិនបានចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ដែលនៅក្នុងសមាជនេះ គេរំពឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងត្រូវបានជ្រើសរើសឱ្យធ្វើជាមេដឹកនាំនៅអាណត្តិទី ៣ ជាបន្តទៀត។
នៅក្នុងការដឹកនាំរបស់លោកកន្លងមក លោក Xi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសចិននិងទ្វីបអាហ្វ្រិក។ នៅទ្វីបអាហ្វ្រិក ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្វ្រិកខាងត្បូង។
VOA បានសាកសួរពលរដ្ឋសាមញ្ញមួយចំនួននៅក្នុងផ្សារទំនើបដ៏មមាញឹកមួយកន្លែងនៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពីពេលថ្មីៗនេះអំពីលោក Xi ដែលមនុស្សភាគច្រើនចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបនៅលើពិភពលោក។ ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់ក្នុងចំណោមពលរដ្ឋប្រហែលជាង ១០ នាក់ដែល VOA បានសួរនោះ ស្គាល់លោក Xi នោះទេ។
លោក Gundo Dzivhani ដែលជាអ្នកធ្វើការនៅធនាគារវ័យជាង ៣០ ឆ្នាំ និងលោក Mulanga ដែលជាប្អូនប្រុសរបស់លោក ដែលជាសហគ្រិន មិនស្គាល់ឈ្មោះរបស់លោក Xi នោះទេ។
លោក Dzivhani និយាយដូច្នេះថា៖ «ខ្ញុំមិនស្គាល់ឈ្មោះរបស់លោកនោះទេ»។

រូបឯកសារ៖ ប្រធានាធិបតីចិន លោក Xi Jingping (កណ្ដាល) អង្គុយនៅជិតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa (ឆ្វេង) និងប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall (ស្ដាំ) នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយសម្រាប់កិច្ចប្រជុំកំពូលទីក្រុងប៉េកាំងឆ្នាំ ២០១៨ នៅមហាសាលប្រជាជនកាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកស្រី Michelle Stoltz អាយុ ៥១ ឆ្នាំ ដែលធ្វើការនៅក្នុងផ្នែកឱសថសាស្ត្រ ក៏មិនស្គាល់ឈ្មោះរបស់លោក Xi ដែរ។
អ្នកស្រីនិយាយដូច្នេះថា៖ «ឈ្មោះរបស់លោកដូចជានៅចុងៗមាត់របស់ខ្ញុំ»។
ប៉ុន្តែ អ្វីដែលមនុស្សភាគច្រើនបានយល់ស្របគ្នាគឺថា ពួកគេពេញចិត្តចង់ឃើញលោក Xi នៅកាន់អំណាចជាបន្តទៀត ដរាបណាទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសចិននិងប្រទេសអាហ្វ្រិកខាងត្បូងនៅតែរឹងមាំ។
កាលពីឆ្នាំមុន ទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរបានកើនដល់ចំនួន ២៩ ពាន់លានដុល្លារអាមេរិក។
លោក Fivin Kupolati អ្នកវិភាគផ្នែកច្បាប់អាយុ ២៧ ឆ្នាំ បានកត់សម្គាល់ថា ប្រទេសទាំងពីរក៏ជាសមាជិកនៃក្រុមប្រទេស BRICS ផងដែរ។ ក្រុមប្រទេស BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងងើបឡើងខ្លាំងនេះមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។
លោក Kupolati បាននិយាយថា៖ «ទំនាក់ទំនងរវាងប្រទេសអាហ្វ្រិកខាងត្បូងនិងប្រទេសចិននៅពេលឥឡូវនេះមានលក្ខណៈល្អ។ ដូច្នេះប្រសិនបើប្រធានាធិបតី [ចិន] នៅតែកាន់អំណាចជាបន្តទៀត ខ្ញុំគិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលអនាគតខាងមុខនឹងនៅតែល្អ»។
នៅពេលសួរថាតើពួកគេមានក្ដីបារម្ភឬក៏អត់ដែលប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសប្រជាធិបតេយ្យជាងគេបំផុតនៅទ្វីបអាហ្វ្រិកគឺជាមិត្តភក្តិដ៏ជិតស្និទ្ធបែបនេះជាមួយនឹងប្រទេសចិនដែលជាប្រទេសអាជ្ញាធិបតេយ្យនោះ មនុស្សភាគច្រើនដែល VOA បានសាកសួរបានបញ្ជាក់ថាវាមិនមានបញ្ហាអ្វីនោះទេដែលប្រទេសអាហ្វ្រិកខាងត្បូងមានទំនាក់ទំនងជាមួយប្រទេសផ្សេងៗដែលមានប្រព័ន្ធនយោបាយខុសៗគ្នានោះ ហើយពួកគេបានច្រានចោលក្ដីកង្វល់ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
លោក Dzivhani បានបញ្ជាក់ថា៖ «ដោយមានប្រជាពលរដ្ឋច្រើនបែបនេះ ខ្ញុំយល់ថាពួកគេអាចបះបោរ ប៉ុន្តែពួកគេហាក់ដូចជាសប្បាយចិត្តនិងពេញចិត្តចំពោះអ្វីដែលមាននៅទីនោះ»។
លោក Aubrey Netshikweta ដែលជាអ្នកបើករថយន្តក្រុមហ៊ុន Uber អាយុ ៥៥ ឆ្នាំ បាននិយាយថា លោកចូលចិត្តប្រព័ន្ធដឹកនាំរបស់ប្រទេសចិន។ លោកថា នៅក្នុងប្រទេសចិន របៀបរៀបរយនៅក្នុងប្រទេសមានដំណើរការល្អ បើទោះបីជាលោក Xi កាន់អំណាចជារៀងរហូតដូចដែលអ្នកវិភាគមួយចំនួនបានទស្សន៍ទាយទុកអំពីគោលបំណងរបស់លោកក៏ដោយ។
លោក Netshikweta បានថ្លែងដូច្នេះថា៖ «ដរាបណាអ្វីៗដំណើរការល្អ ការធ្វើជាប្រធានាធិបតីពេញមួយជីវិតគឺគ្មានបញ្ហាអ្វីនោះទេសម្រាប់ខ្ញុំ ដោយសារតែនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បញ្ហាគឺកើតឡើងដោយសារតែថ្នាក់ដឹកនាំតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គឺថាថ្នាក់ដឹកនាំពុករលួយ»។
លោក Netshikweta បានបញ្ជាក់ថា វាហាក់ដូចជានៅក្នុងប្រទេសចិន ប្រធានាធិបតីចិនអាចដឹកនាំបានល្អ ចំណែកឯនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងវិញដែលជាប្រទេសត្រូវបានគេចាត់ទុកថាមានលក្ខណៈប្រជាធិបតេយ្យនោះ អ្នកនយោបាយមិនខ្វល់ពីប្រជាពលរដ្ឋនោះឡើយ។
លោក Netshikweta បានលើកឡើងដូច្នេះថា៖ «ពួកគេចងចាំប្រជាពលរដ្ឋនៅពេលណាដែលមានការបោះឆ្នោតតែប៉ុណ្ណោះ ដែលនៅពេលនោះ ពួកគេបានជិះរថយន្តមកចែកអាវយឺតបន្លំភ្នែកឱ្យប្រជាពលរដ្ឋដើម្បីឱ្យបោះឆ្នោតជូនគណបក្សរបស់ពួកគេ ហើយនៅពេលនោះ ពួកគេនឹងនិយាយថា ប្រជាពលរដ្ឋគឺជា «ប្រជាពលរដ្ឋរបស់យើង» ប៉ុន្តែក្រោយមក ពួកគេគ្មានបានធ្វើអ្វីនោះទេ»។
អ្នកវិភាគមួយចំនួនបានប្រាប់ VOA ថា ពួកគេគិតថា ទំនាក់ទំនងរវាងប្រទេសចិននិងទ្វីបអាហ្វ្រិកទាំងផ្នែកសេដ្ឋកិច្ចនិងការទូតបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្រោមការដឹកនាំរបស់លោក Xi នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយពួកគេរំពឹងថា ទំនាក់ទំនងនេះនឹងមានលក្ខណៈរឹងមាំជាងពេលណាៗទាំងអស់នៅអាណត្តិទី ៣ ដែលគេរំពឹងទុករបស់លោក Xi។
លោក Cobus van Staden អ្នកជំនាញផ្នែកកិច្ចការប្រទេសចិននៃវិទ្យាស្ថានកិច្ចការអន្តរជាតិប្រទេសអាហ្វ្រិកខាងត្បូង (South African Institute of International Studies) បាននិយាយថា លោកគិតថា រដ្ឋាភិបាលនានានៅទ្វីបអាហ្វ្រិកចង់ឃើញស្ថានភាពបច្ចុប្បន្នបន្តទៅមុខជាបន្តទៀត។
លោក Van Staden បញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនគិតថានឹងមានការត្អូញត្អែរខ្លាំងក្លាណាមួយលេចឮចេញពីទ្វីបអាហ្វ្រិកនោះទេ ប្រសិនបើលោក Xi ត្រូវបានជ្រើសរើសឱ្យកាន់អំណាចនៅអាណត្តិទី ៣ ជាបន្តទៀត»។
ប៉ុន្តែ ការផ្លាស់ប្ដូរមួយដែលអ្នកវិភាគនានារំពឹងទុកគឺការងាកចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅទ្វីបអាហ្វ្រិកដែលគេឃើញនៅក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់លោក Xi ឆ្ពោះទៅរកការផ្ដោតលើផ្នែកផ្សេងៗដូចជាផ្នែកព័ត៌មាននិងផ្នែកបច្ចេកវិទ្យាសារគមនាគមន៍ជាដើម៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ